តំណាង​ពលរដ្ឋ​នៅ​ខេត្តព្រៃវែង​រក​កិច្ច​អន្តរាគមន៍​ពី​លោ​កស ខេង ករណី មន្ត្រី​ក្រសួងមហាផ្ទៃ​ប្រមូល​ទិញ​ដី​មេទឹក​ជាង៣រយ​ហិ​កតា​

តំណាង​ពលរដ្ឋ​មក​ពី​ភូមិ​កំពង់ប្រាំង ឃុំ​កំពង់ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង​ដែល​អះអាង​ថា​ជា​តំណាង​ឱ្យ​ពលរដ្ឋ​ជាង៣០០នាក់ បាន​សុំ​កិច្ច​អន្តរាគមន៍​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ជុំវិញ​ការ​ប្រមូល​ទិញ​ដី​តំបន់​អាង​ស្តុក​ទុក​របស់​អ្នកស្រុក​ធ្វើជា​កម្មសិទ្ធិ​ពីសំណាក់​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់។

តំណាង​ពលរដ្ឋ​លោក មិន ឆាង អះអាង​ថា មាន​មន្ត្រី​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់​ឈ្មោះ ស៊ុម សុខ​មាន ហៅ​ថេ​ត តំណាង​ឲ្យ​ក្រុមហ៊ុន​មួយ បាន​ប្រមូល​ទិញ​ដី​តំបន់​មេទឹក​ឬកន្លែង​ស្តុក​ទឹក​របស់​អ្នកស្រុក នៅ​តំបន់​បឹង​បាយសី ជាង៣០០ហិ​កតា និង​ដី​តំបន់​ត្រពាំង​ត្រីក្រាញ់​ជាង១០ហិ​កតា ក្នុង​ឃុំ​កំពង់ប្រាំង មក​ធ្វើជា​កម្មសិទ្ធិ។ក្នុង​លិខិត​របស់​តំណាង​ពលរដ្ឋ លោក មិន ឆាង ដែល​ប្តឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​សប្តាហ៍​មុន ឱ្យ​ដឹង​ថា ក្រោយពេល​ខ្លួន​ប្រមូល​ទិញ​ដី​តំបន់​មេទឹក​របស់​ពលរដ្ឋ​សម្រាប់​អាស្រ័យផល ក្រុមហ៊ុន​លើកទំនប់​បិទ​ប្រព័ន្ធ​ទឹកដែល​បណ្ដាលឲ្យ​ទឹក លិច​ដីស្រែ​របស់​ពួក​គាត់​រាប់​សិប​ហិ​កតា កំពុង​អាស្រ័យផល។ក្នុង​លិខិត​បន្ត​ថា ដី​បឹង​ទាំងនេះ​ប្រជាពលរដ្ឋ​ចំនួន៣ឃុំ តែងតែ​អាស្រ័យផល​រៀងរាល់​ឆ្នាំ គឺ​ឃុំ​កំពង់ពពិល ឃុំ​កំពង់ប្រាំង ស្រុក​ពារាំង និង​ឃុំ​ព្រែកតាសរ ស្រុក​ពោធិ៍រៀង ខេត្តព្រៃវែង។

បច្ចុប្បន្ន​ដី​បឹង​ទាំង២នេះ ត្រូវ​បាន​ក្រុមហ៊ុន​ដាក់គ្រឿង​ចក្រ​ឈូស​ឆាយ ជីក​ស្រះ​ទុក និង​លើកទំនប់​ខ្វាត់ខ្វែង យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ពី​ពលរដ្ឋ​អ្នក​អាស្រ័យផល ក្នុង​តម្លៃ​ទាប​ចាប់ពី ៨ពាន់​ដុល្លារ​(៨,០០០​) ទៅ ជាង១ម៉ឺន​ដុល្លារ​ក្នុង ១ហិ​កតា ហើយ​ការទិញ​លក់​ទាំងនោះ គឺ​មានការ​បញ្ជាក់ និង​ឯកភាព​ទទួលស្គាល់​ចុះហត្ថលេខា​ដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៀតផង។

The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ស៊ុម សុខ​មាន ដែល​ពលរដ្ឋ​អះអាង​ថា​ជា​តំណាង​ក្រុមហ៊ុន​ទិញ​ដី​ក្នុង​តំបន់​អាងស្តុកទឹក​របស់​ពលរដ្ឋ​នៅ​ឃុំ​កំពង់ប្រាំង​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។យ៉ាងនេះ​ក្តី ក្នុង​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ទៅ​លោក ស ខេង តំណាង​បញ្ជាក់​ថា​ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាច​គ្មាន​ទឹក​ស្រោចស្រព​ដំណាំ​នៅពេលអនាគត គ្មាន​កន្លែង​នេសាទ​ត្រី​ដូច​រាល់​ឆ្នាំ ម្យ៉ាង​ក្រុមហ៊ុន​ក៏បាន​ឈូស​ឆាយ​និង​ធ្វើ​ទំនប់​ខ្វាត់ខ្វែង​រំលោភ​លើ​ដី​ពលរដ្ឋ​ផ្សេងទៀត។

តំណាង​ពលរដ្ឋ​រូប​នេះ​អះអាង​ថា កាលពី​ខែឧសភា ពលរដ្ឋ៣ភូមិ​បាន​លើកឡើង​មក​តវ៉ា​នៅ​សាលាឃុំ​កំពង់ប្រាំង​ម្តង​រួចមក​ហើយ ប៉ុន្តែ​មិនបាន​ផល​នោះ​ទេ ដោយសារ​អាជ្ញាធរ​ឃុំ​សម្របសម្រួល​អ្នកភូមិ​ឱ្យ ត្រឡប់ទៅ​ផ្ទះ​វិញ ជា​ថ្នូរ​នឹង​ការសន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​មិនព្រម​ដោះស្រាយ​រហូតមកដល់​ពេល​បច្ចុប្បន្ន។ក្នុង​បណ្ដឹង​ដដែល​នេះ​លោក មិន ឆាង បាន​ស្នើ​សូមឲ្យ​លោក ស ខេង ជួយ​រក​យុត្តិធម៌ តាមរយៈ​ការបង្កើត​គណៈកម្មការ​ចុះ​ស្រាវជ្រាវ​ករណីនេះ ដើម្បី​ស្វែងរក​ការពិត​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.