យ៉ាង​ហោច​អាច​មាន​មន្ត្រី​ចំនួន ២០ ជាប់ពាក់ព័ន្ធ​បទល្មើស​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​កម្ម​សិទ្ធ​ខុសច្បាប់​នៅ​ខេត្តមណ្ឌលគិរី

ប្រភព​ព័ត៌មាន​ពី​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ ឲ្យដឹង​ថា​យ៉ាងហោចណាស់​អាច​មាន​មន្ត្រី​ជាង ២០នាក់ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​យក​ដី​រដ្ឋ មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​បាន​គណៈរដ្ឋ​មន្ត្រី ស្នើសុំ​គោលការណ៍​ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដកហូត​តួនាទី និង បណ្ដេញចេញ​ពី​សមាជិក​គណបក្សប្រជាជន​កម្ពុជា។

ប្រភព​ដដែល​បន្ត​ថា យោង​តាម​របាយការណ៍ របស់​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ចុះ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ប៊ិន ឈិន ដែល​បាន​ស្នើសុំ​គោលការណ៍​ពី​លោក ហ៊ុន សែន ដើម្បី​ចាត់ការ​ទៅលើ​មន្រ្តី​មួយចំនួន ដែល​ជាប់ពាក់ព័ន្ធ​ចូល​ទន្ទ្រាន​កាន់កាប់​ដីចំការ​ស្រល់ និង​ដី​សាធារណៈ របស់​រដ្ឋ ដោយ​ខុសច្បាប់​រួមមាន ៖

១- គួរ​សម្រួល​ភារកិច្ច លោក ស្វាយ សំ​អ៊ា​ង ពីអ​ភិបាល​ខេត្តមណ្ឌលគីរី ដោយហេតុថា បុគ្គល​រូប​នេះ មិនបាន​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព និង​មាន​ឯកសារ​ខ្លះ បាន​ចូលរួម​ចុះហត្ថលេខា​ទទួលស្គាល់​ការទន្ទ្រាន​យក​ដី​ព្រៃ​ដោយ​ខុសច្បាប់ ក្នុង​ខេត្តមណ្ឌលគិរី។

២- គួរ​បញ្ចប់​ដំណែង លោក សេង សុវណ្ណារ៉ា ពី​សមាជិក គណៈកម្មការ​កណ្តាល​គណបក្សប្រជាជន​កម្ពុជា ដោយហេតុថា លោក​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការរៀបចំ​ឯកសារ​ជាច្រើន ដើម្បី​យក​ដី​ព្រៃ​របស់​រដ្ឋ មក​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ទោះបីជា​ត្រូវ​បាន​ដក​ដំណែង​ចេញពី​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ និង​ពី​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តមណ្ឌលគីរី​រួចហើយ​ក៏ដោយ ក៏​បុគ្គល​រូប​នេះ នៅតែ​បន្ត​ព្យាយាម​ស្នើសុំ​កាន់កាប់​ដី​ព្រៃ ដែល​រដ្ឋបាល​ខេត្ត​បាន​ចេញ​លិខិតនិរាករណ៍​រួចហើយ។

៣- គួរ​ចាត់វិធានការ​បញ្ចប់​ដំណែង លោក ណយ ស្រូ​ន ពី​សមាជិកព្រឹទ្ធសភា​ភូមិភាគ​ទី៨ ដោយហេតុថា បុគ្គល​រូប​នេះ មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់​ជាច្រើន​ហិ​កតា។

៤- គួរ​ចាត់វិធានការ​បញ្ចប់​ដំណែង លោក ស៊ិន វណ្ណ​វុឌ្ឍ ពីអ​ភិបាល​ស្រុក​កោះញែក និង​ធ្វើការ​ស៊ើបអង្កេត ឈាន​ទៅ​អនុវត្ត​វិធានការ​ច្បាប់​បន្ថែម​ទៀត ចំពោះ​បុគ្គល​រូប​នេះ ដោយហេតុថា លោក​អភិបាលស្រុក​រូប​នេះ មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​កាប់​រានទន្ទ្រាន​យក​ដី​ព្រៃ ដោយ​ខុសច្បាប់​ជាច្រើន​កន្លែង នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចាប់តាំងពី​រូបលោក ចូល​មកកាន់​តំណែង ជា​អភិបាលស្រុក​កែវសីមា បន្ត​រហូត​ជា​អភិបាលស្រុក​កោះញែក នា​ពេល​បច្ចុប្បន្ន​នេះ។

៥- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក សៀក មុ​ន្នី ពីអ​ភិបាល​ស្រុក​អូររាំង ដោយហេតុថា លោក​អភិបាលស្រុក​រូប​នេះ មានការ​ជាប់ពាក់ព័ន្ធ និង​ឃុបឃិត​គ្នា​ទន្ទ្រាន​ដី​ព្រៃ ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា ដើម្បី​យក​ទៅ​លក់​និង​ធ្វើ​កម្មសិទ្ធិ​ដោយ​តម្រូវឲ្យ​មេភូមិ មេឃុំ ចុះហត្ថលេខា​លើ​ការ​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ដោយ​ខុសច្បាប់​ជាច្រើន។

៦- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោកស្រី ថ្វាន់ ត្រែ​ល ពី​ចៅសង្កាត់ សែនមនោរម្យ ស្រុក​អូររាំង ដោយហេតុថា ចៅសង្កាត់​រូប​នេះ​តែងតែ​ចុះហត្ថលេខា​ដឹងឮ​លើ​ការលក់ដូរ​ដី​ព្រៃ ដោយ​ខុសច្បាប់ និង​ធ្វើ​លិខិត​បញ្ជា​ក់​ផ្សេង​ៗជាមួយ​ឈ្មោះ ញ៉ាង ម្យ​ក់ មេភូមិ ពូ​ហ្សាម។

៧- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក ប៊ុត សំអែល ពី​ឃុំ ស្រែ​ខ្ទុ​ម ព្រោះ​ហេតុ​ថា មេឃុំ​រូប​នេះ មានការ​ចូលរួម​ឃុបឃិត​រៀបចំ​ផែន​ការ​ផ្សេង​ៗ ក្នុង​ការ​កាប់​រានទន្ទ្រាន​យក​ដី​ព្រៃ ពិសេស​បាន​ចូលរួម​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​តវ៉ា​ទាមទារ និង​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់។

៨- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក ពឿប ពេ មេឃុំ ស្រែព្រះ ដោយហេតុថា មេឃុំ​រូប​នេះ ជា​អ្នកឃុបឃិត​ដ៏​សកម្ម ក្នុង​ការទន្ទ្រាន​ដី​ព្រៃ​សហគមន៍ ដោយមាន​ការចាត់ចែង​ពី​ថ្នាក់​ខេត្ត និង​បង្ក​រកា​រងា​យស្រួល​ឲ្យ​មានការ​ទន្ទ្រាន​យក​ដី​ព្រៃ​ដោយ​ខុសច្បាប់ និង​បែងចែក​ដី​ព្រៃ​យ៉ាង​អនាធិបតេយ្យ​ឲ្យ​ពលរដ្ឋ​មក​ពី​តំបន់​ផ្សេង​ៗ ដោយ​មិន​ញញើត​ច្បាប់​ឡើយ។ ហើយ​ថា មេឃុំ​រូប​នេះ បាន​ឃុបឃិតជាមួយ​អតីត​អភិបាលស្រុក​កែវសីមា លោក ស៊ិន វណ្ណ​វុឌ្ឍ និង​លោក សុខ សេ​រា បើកដៃ​ឲ្យ​មានការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់។

៩- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក សុខ សេ​រា ពី​នាយករង​រដ្ឋ បាល​សាលាខេត្ត​មណ្ឌលគិរី ដោយហេតុថា រូបលោក​ជា​អ្នកសម្របសម្រួល​ការងារ និង​ប្រើប្រាស់​រូបភាព​ស្នើសុំ​ដីសម្បទាន​សង្គមកិច្ច ដែ​លប​ង្ករ​ឲ្យ​មានការ​កាប់​រានទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ជាបន្តបន្ទាប់។

១០​- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង ឧត្ដមសេនីយ៍ ជេត ហ៊ា​ង មេបញ្ជាការ​រង​កងឯកភាព​ស្ថាបនា​ថ្នល់​លេខ ៧១៦ ជា​ប្រធាន​ការដ្ឋាន​ខ្សែក្រវាត់​ព្រំដែន និង​នាយទាហាន នាយទាហានរង ចំនួន ១២ រូប​ទៀត ដែល​បាន​ប្រើប្រាស់​តួនាទី បេសកកម្ម និង គ្រឿងចក្រ របស់​អង្គភាព ធ្វើសកម្មភាព កាប់​រានទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់ តាម​ដងផ្លូវ​ក្រវាត់​ព្រំដែន ក្នុង​ភូមិ​ស្រែ​ខ្ទុ​ម ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី ។

១១​- គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក ថាន ប៊ុ​នធឿន ពី​មេបញ្ជាការ​សឹក​រង​ស្រុក​កោះញែក ដោយសារតែ​តាម​ភរិយា​របស់​ខ្លួន​ឈ្មោះ ខេង សុខ​នី បាន​ទិញ​ដី​ជាច្រើន​ហិ​កតា​ពី​ពលរដ្ឋ ដែល​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា។

ប្រភព​បន្ត​ថា ដោយសារតែ​ករណី​ខាងលើ​នេះ មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ច្រើន កាលៀ​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក ហ៊ុន សែន បាន​ចារ​លើ​របាយការណ៍​របស់​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ហើយ​បញ្ជូន​បន្ត​ទៅ លោក ស ខេង ដើម្បី​ដឹកនាំ​ការប្រជុំ និង លើក​យោបល់​មក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ។ ពាក់ព័ន្ធ​រឿង​នេះ​ដែរ កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ដែល​មាន​ក្រសួងមហាផ្ទៃ​, ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យក​ម្ម និង​សំណង់ , ក្រសួងបរិស្ថាន និង ក្រសួង​កសិកម្ម រុ​ក្ខាប្រ​ម៉ាញ់ និង នេសាទ ដែល​មាន លោក អង្គ មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន។

ក្រុមការងារ​អន្តរក្រសួង​នេះ​មាន​តួនាទី និង ភារកិច្ច​ចុះ​សិក្សា​ស្រាវជ្រាវ លើ​ករណី​នី​មួយ​ៗ នៃ​ការ​កាប់​រានទន្ទ្រាន​យក​ដី​ព្រៃ​ដោយ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ ស្ថិត​ក្នុង​ខេត្តមណ្ឌលគិរី តាម​របាយការណ៍ របស់​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ចុះ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឲ្យបាន​ជាក់ស្ដែង ប្រមូល​ឯកសារ និង​ភស្តុតាង​នានា​ពាក់ព័ន្ធ​នឹង​មន្ត្រី ឬអ្នក​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទាំងនោះ។

គួរ​រំលឹក​ថា​ថ្មី​ៗនេះ លោក ហ៊ុន សែន បាន​ព្រមាន​ថា នឹង​មិន​អត់​ឲ្យ​មន្រ្តី​ទាំងឡាយ​ណា ដែល​ទន្ទ្រាន​យក​ដី​ព្រៃ​របស់​រដ្ឋ​ជាដាច់ខាត ហើយនឹង​ត្រូវ​ដក​តំណែ ឬនឹង​ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បា​បថែ​មទៀ​តផង។ សារ​ព្រមាន​ខាងលើ​នេះ ទទួល​បានការ​សាទរ​ពីសំណាក់​ប្រជាពលរដ្ឋ ស្ទើរ​ទូទាំង​ប្រទេស ចំពោះ​ចំណាត់ការ​ក្តៅ របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ពួក​មន្រ្តី​ខិលខូច​មួយចំនួន ដែល​ឃុបឃិត​គ្នា​ទន្ទ្រាន​យក​ដី​ព្រៃ​របស់​រដ្ឋ យក​មក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ផ្ទាល់ខ្លួន ដោយ​ខុសច្បាប់​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.