កម្ពុជាប្រតិកម្មចំពោះការទាមទារឱ្យដោះលែងសកម្មជនសិទ្ធិមនុស្សនិងបរិស្ថាន របស់UN

កម្ពុជាចាត់ទុកថាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃឧត្តមស្នងការអង្គការសហប្រជាជាតិ ឬUN ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីសថាជាការមិនយល់ពីកិច្ចការអនុវត្តច្បាប់នៅកម្ពុជាទៅលើក្រុមយុវជនសិទ្ធិមនុស្ស និងបរិស្ថាន ដោយពុំមែនជាការចាប់ខ្លួនតាមអំពើចិត្ត ដូចការលើកឡើងនោះឡើយ។

ក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយិ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ កាលពីថ្ងៃចុងសប្តាហ៍មុន អះអាងថា កម្ពុជាមិនអនុញាតឲ្យមានការចាប់ខ្លួនតាមតែអំពើចិត្តនោះឡើយ ហើយការចាប់ខ្លួនពលរដ្ឋកន្លងមក ជាការអនុវត្តស្របតាមច្បាប់ជាតិ និងអន្តរជាតិ តែប៉ុណ្ណោះ។

ករណីនេះ កម្ពុជាចាត់ទុកការអះអាងរបស់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិនោះថា ធ្វើការសន្និដ្ឋានខុសឆ្គង អាចធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំ និងជាការជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌របស់រដ្ឋអធិបតេយ្យផងដែរ។

សេចក្តីថ្លែងការណ៍ដដែល ជំរុញទៅអ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិរូបនោះ ផ្តល់តម្លៃទំនាក់ទំនងពិតប្រាកដជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីកុំឲ្យសាធារណៈជនមានការភាន់ច្រឡំអំពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងដើម្បីរក្សាឯករាជ្យភាពរបស់អង្គការកំពូលមួយនេះផង។

ប្រតិកម្មរបស់កម្ពុជានេះ ធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ លោកស្រី រ៉ាវីណា ស្សាមដាសានី (Ravina Shamdasani) បានអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវដោះលែងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានទាំងអស់ជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។

លើសពីនេះ ស្ថាប័នកំពូលរបស់ពិភពលោកមួយនេះ បានស្នើឱ្យកម្ពុជាបញ្ឈប់ការបំភិតបំភ័យមកលើតួអង្គសង្គមស៊ីវិល និងអំពាវនាវឲ្យ បញ្ឈប់ការប្រើប្រាស់កម្លាំងដោយមិនចាំបាច់ និងជ្រុលហួសហេតុពេកទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី។

នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជាបានទាត់ចោលនូវការទាមទាររបស់អង្គការសហប្រជាជាតិ ឬសហគមន៍អន្តរជាតិលោកសេរី ជុំវិញការចាប់ចង និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយនៅកម្ពុជា ដែលគេចាត់ទុកថាជាធ្វើឡើងតាមទំនើងចិត្តរបស់ខ្លួននោះ។

រហូតមកទល់ថ្ងៃទី១៤ ខែកញ្ញានេះ អាជ្ញាធរក្រុងភ្នំពេញបានចាប់ និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងយុវជនបរិស្ថាន ព្រមទាំងអ្នកនយោបាយជិត២០នាក់ហើយ ដោយតុលាការបានចោទប្រកាន់ពួកគេពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស និងញុះញង់បង្កឱ្យមានភាពវឹកវរដល់សង្គមតាមមាត្រា៤៩៤ និង៤៩៥ ដែលជាមាត្រាពេញនិយមបំផុតនៅកម្ពុជា។

អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា ការយកបទល្មើសញុះញង់ ឬ បទល្មើសព្រហ្មទណ្ឌផ្សេងទៀត ទៅចោទប្រកាន់អ្នកប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដោយសន្តិវិធីនោះ គឺជាការដើរផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.