ក្រសួងយកសន្និដ្ឋានថាព្រះសង្ឃជិត៥០អង្គនៅខេត្តបាត់ដំបងដែលមានអាពាធ ជាជំងឺផ្តាសាយធំ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ករណីព្រះសង្ឃ ជិត៥០អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានអាគារៈរោគក្តៅព្រះកាយលើសពី ៣៧ អង្សារសេនោះ ខាងមន្ត្រីជំនាញបានសន្និដ្ឋានជំហ៊ានដំបូងថា ជាជំងឺផ្តាសាយធំ មិនមែនជាជំងឺកូវីដ១៩នោះឡើយ។

កាលពីថ្ងៃម្សិលមិញ ព្រះសង្ឃចំនួន ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ មានអាការ: ក្តៅព្រះកាយ លើសពី ៣៧.៥ អង្សារសេ ក្អក និងហៀរសំបោរជាដើម។

អាការៈរោគទាំងនេះបានកើតឡើងប្រមាណ ៦ ថ្ងៃមកហើយ ប៉ុន្តែក៏មានព្រះសង្ឃខ្លះបានជាសះស្បើយហើយដែរ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ព្រះសង្ឃដែលនៅមានរោគសញ្ញាទាំងនោះមិនទាន់ជាសះស្បើយ ត្រូវបានក្រុមគ្រូពេទ្យខេត្តបាត់ដំបង យកវត្ថុសំណាកទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៤ ខែកញ្ញានេះ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនោះទេ។ 

កាលពីថ្ងៃទី១៨សីហា ព្រះសង្ឃ២៨ អង្គ នៅវត្តប្រាសាទនាងខ្មៅ ក្នុងខេត្តតាកែវ ក៏កើតមានអាការៈគ្រុនក្តៅ ក្អក និងហៀរសំបោរដូចករណីព្រះសង្ឃនៅខេត្តបាត់ដំបងដែរ។ ប៉ុន្តែក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ព្រះសង្ឃដែលមានអាពាធទាំងនោះកើតជំងឺផ្តាសាយធំប៉ុណ្ណោះ។

ក្រសួងសុខាភិបាល កាលពីសប្តាហ៍មុនប្រកាសពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន២៧៤ ដែលបានរកឃើញនៅកម្ពុជា ឱ្យជាសះស្បើយ ដោយមិនមានអ្នកស្លាប់នោះទេ និងជាការជាសះស្បើយទាំងអស់ដំណាក់កាលទី២។

ប៉ុន្តែកាលពីម្សិលមិញ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថាកម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ ម្នាក់ទៀត ជាបុរសជនជាតិអង់គ្លេស និងជាអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ដែលមកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

ចំណែក អ្នករួមដំណើរជាមួយជនជាតិអង់គ្លេសនោះ មានចំនួនសរុប៧៣នាក់ផ្សេងទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញចំនួន៥៤នាក់ និងនៅមណ្ឌលកងទ័ពអាកាសចំនួន១៧នាក់ ព្រមទាំងនៅស្ថានទូតអាល្លឺម៉ង់ចំនួន២នាក់៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.