សង្គមស៊ីវិលនិងមេបក្សប្រឆាំងអំពាវនាវឱ្យមានការគោរពរដ្ឋធម្មនុញ្ញឱ្យបានពេញលេញ

មន្ត្រីសង្គមស៊ីវិល និងប្រធានគណបក្សសង្រ្គោះជាតិ ស្នើឱ្យមានការគោរពនិង អនុវត្តនូវរដ្ឋធម្មនុញ ដែលជាច្បាប់កំពូលរបស់កម្ពុជាឱ្យបានពេញលេញ។ ពួកគេសង្កេតឃើញថារយៈពេលជិត៣០ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញកម្ពុជាមិនទាន់អនុវត្តឱ្យបានពេញលេញ និងត្រឹមត្រូវទាំងអស់នោះឡើយ។

ការលើកឡើងនេះ ក្នុងខួប២៧ ឆ្នាំនៃទិវាការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជាកាលពីឆ្នាំ១៩៩៣ រហូតមកទល់ពេលបច្ចុប្បន្ន។

នាយិការប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព លើកឡើងកាលពីថ្ងៃម្សិលមិញ មុនមួយថ្ងៃនាឱកាសខួប២៧ឆ្នាំនៃទិវាប្រកាសរដ្ឋធម្មនុញ្ញ ដោយអ្នកស្រីមើលឃើញពីការធ្លាក់ចុះជាខ្លាំង ចំពោះការការពារសិទ្ធិមនុស្សនៅកម្ពុជាដែលផ្ទុយទៅនឹងការប្តេជ្ញារបស់រដ្ឋធម្មនុញ្ញកម្ពុជា។

អ្នកស្រីបន្តថា បើទោះបីជាពលរដ្ឋទទួលបានសិទ្ធិមួយចំនួនពេញលេញតាមរដ្ឋធម្មនុញ្ញក៏ដោយ ប៉ុន្តែសិទ្ធិផ្សេងៗទៀត នៅពុំទាន់ត្រូវបានធានាពេញលេញតាមច្បាប់កំពូលនេះនៅឡើយ។

រដ្ឋធម្មនុញ្ញកម្ពុជា បានចែងពីការធានាយ៉ាងជាក់លាក់នូវសេរីភាពជាមូលដ្ឋាន ក្នុងនោះរួមមានសេរីភាពក្នុងការបញ្ចេញមតិ ចងក្រងសមាគម និងជួបប្រជុំដោយសន្តិវិធី ប៉ុន្តែសេរីភាពទាំងនោះត្រូវបានរឹតត្បិតគួរឱ្យគត់សម្គាល់នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

អ្នកស្រីបង្ហាញចំណាប់អារម្មណ៍ទៀតថា ការផ្តន្ទាទោសដោយសារការអនុវត្តសិទ្ធិមនុស្សដែលស្របច្បាប់នេះ បានធ្វើឱ្យមានក្តីបារម្ភយ៉ាងខ្លាំង និងការដាក់ពិរុទ្ធខ្លួនឯងនៅក្នុងសង្គមកម្ពុជា។

អ្នកស្រីចក់ សុភាព ជំរុញឱ្យមានការបង្កើតនូវបរិយាកាសដែលពលរដ្ឋគ្រប់រូប អាចអនុវត្តសិទ្ធិទាំងអស់នេះដោយសេរី និងដោយគ្មានការភ័យខ្លាច។ លើសពីនេះ រដ្ឋាភិបាលត្រូវធានាថាប្រជាពលរដ្ឋគ្រប់រូបពិតជាទទួលបានសិទ្ធិរបស់ខ្លួនដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាយ៉ាងពិតប្រាកដ។ 

ដោយឡែកអតីតគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសវិញលើកឡើងតាមរយៈលិខិតរបស់ខ្លួននៅថ្ងៃទី២៤ខែកញ្ញានេះ មើលឃើញថា រយៈពេល២៧ឆ្នាំមកនេះ គោលការណ៍គ្រឹះចម្បងៗនៃរដ្ឋធម្មនុញ្ញ ដូចជា អធិបតេយ្យភាព បូរណភាពទឹកដី សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សិទ្ធិមនុស្ស និង ឯករាជ្យភាពរបស់តុលាការ រងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ពីសំណាក់រដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា។

លើសពីនេះ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រដ្ឋាភិបាលលោក ហ៊ុន សែន បានបំផ្លាញចោលទាំងស្រុងនូវគោលការណ៍នីតិរដ្ឋ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស រំលោភបំពានរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ដែលបានធ្វើឲ្យភាពអយុត្តិធម៌សង្គម កើតឡើងស្ទើរគ្រប់ទីកន្លែង និងធ្វើឲ្យប្រទេសកម្ពុជា ត្រូវអាប់ឱនកិត្តិយស បាត់បង់កិត្យានុភាពលើឆាកអន្តរជាតិផងដែរ។

ផ្ទុយពីលើកឡើងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា រយៈពេល២៧ឆ្នាំនេះ កម្ពុជាបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវរាល់គោលការណ៍គ្រឹះនៃប្រជាធិបតេយ្យបែបទំនើប ដែលបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ រួមមាន គោលការណ៍សិទ្ធិ សេរីភាព គោលការណ៍បោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍បែងចែកអំណាច និងគោលការណ៍នីតិរដ្ឋ ជាដើម។

យ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលបច្ចុប្បន្នជារដ្ឋាភិបាលឯកបក្សដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ តាំងពីថ្នាក់កំពូលរហូតដល់ថ្នាក់មូលដ្ឋាន បន្ទាប់ពីតុលាការរបស់លោកហ៊ុន សែន សម្រេចរំលាយគណបក្សសង្រ្គោះជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៧ និងរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ដោយគ្មានវត្តមានបក្សប្រឆាំងដ៏ធំចូលរួមប្រកួតប្រជែងឡើយ ដែលធ្វើឱ្យអាសនៈរដ្ឋសភាជាតិទាំងអស់ត្រូវធ្លាក់លើដៃរបស់បក្សកាន់អំណាច។

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ការរំឮកខួបនៃការប្រកាសរដ្ឋធម្មនុញ្ញកម្ពុជា គឺជាការរំឮកនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១។

លោកបន្តថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពនេះ គឺ មានសារៈសំខាន់ និងមានផលប្រយោជន៍ខ្លាំងណាស់សម្រាប់ធានាការពារនូវឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យភាពកម្ពុជាផង និង ការការពារនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋផង ជាពិសេស គឺការអនុវត្តន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

មេបក្សប្រឆាំងរូបនេះ អះអាងថារដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ជាតិ ដែលយើងទាំងអស់គ្នាត្រូវគោរពឱ្យបានពេញលេញ ដែលមានចែងដូចជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិរបស់ពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.