ប្រទេសលោកសេរីមួយបង្ហាញក្តីបារម្ភជុំវិញការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាននារយៈពេលចុងក្រោយ

រដ្ឋាភិបាលអូស្ត្រាលី បានបង្ហាញក្ដីបារម្ភជុំវិញការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស នយោបាយ និងយុវជនបរិស្ថានជាបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

នេះជាប្រទេសលោកសេរីមួយបន្ថែមទៀត ដែលបានបង្ហាញប្រតិកម្មជុំវិញការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស ព្រះសង្ឃ សកម្មជននយោបាយ ព្រមទាំងយុវជនបរិស្ថានប្រមាណ២០នាក់ ក្រោយពេលសហគមន៍លោកសេរីមួយចំនួន រួមមានសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងៗបានប្រតិកម្មជាបន្តបន្ទាប់ជុំវិញករណីនេះ ។

លើកឡើងនៅលើបណ្តាញសង្គម Twitter របស់ខ្លួនកាលពីថ្ងៃទី២៣ខែកញ្ញា ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang បានសរសេរថា លោកបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ កាលពីថ្ងៃអង្គារ៍កន្លងទៅ។

តំណាងរដ្ឋាភិបាលអូស្រ្តាលីរូបនេះ លើកឡើងថាក្នុងជំនួបពិភាក្សានោះក្រៅពីជជែកពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ លោកបានលើកឡើងពីក្ដីបារម្ភជុំវិញការចាប់ខ្លួនមនុស្សយ៉ាងច្រើននាពេលថ្មីៗនេះផងដែរ។

កាលពីថ្ងៃអង្គារ៍ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានចេញរបាយការណ៍បញ្ជាក់ថា អ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ  និងសិល្បករចំនួន១៩នាក់ហើយ ត្រូវបានចាប់និងឃុំខ្លួននៅក្នុងពន្ធនាគារ ចាប់តាំងពីចុងខែកក្កដាមក។

លីកាដូ បញ្ជាក់ថា ការធ្វើទុក្ខបុកម្នេញលើពួកគេជាបន្តបន្ទាប់នោះ  ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំគ្នាដោយសន្តិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបន្ទាប់ពីពួកគេធ្វើសកម្មភាពតវ៉ាទាមទារឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ក្រោយពេលលោកបានលើកឡើងពីបញ្ហាដីធ្លីនៅក្បែរតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។

អង្គការលីកាដូ បន្ថែមថា អ្នកទាំង១៩នាក់នោះ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ប្រសិនបើរកឃើញថាពួកគេមានទោស។

ក្រៅពីនេះ មានអតីតសកម្មជននិងមន្ត្រីជាប់ឆ្នោតនៅមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិចំនួន៧នាក់ផ្សេងទៀត ត្រូវបានតុលាការខេត្តត្បូងឃ្មុំ និងខេត្តកំពតសើរើសំណុំរឿងចាស់ យកមកផ្តន្ទាទោសពួកគេឱ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំ ទៅ៧ឆ្នាំ ពីបទរួមគំនិតក្បត់ជាតិ ក្នុងផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីខែវិឆ្ឆិកាឆ្នាំមុន។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានអះអាងលើទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញថា ការចាប់ខ្លួនបុគ្គលណាមួយ ដោយសមត្ថកិច្ចគឺធ្វើឡើងស្របទៅតាមច្បាប់របស់កម្ពុជា។

លោកបន្តថា សិទ្ធិសេរីភាពបុគ្គលត្រូវយកមកអនុវត្តក្នុងក្របខណ្ឌច្បាប់ ហើយបើការអនុវត្តហួសព្រំដែនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬបំពានច្បាប់ គឺត្រូវប្រឈមចំពោះមុខច្បាប់ ព្រោះមិនមែនជាការអនុវត្តសិទ្ធិសេរីភាពបុគ្គលនោះឡើយ។ 

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះអះអាងថា ការប្រមូលផ្តុំតាមដងផ្លូវ ដើម្បីតវ៉ាទាមទារឱ្យមានការដោះលែងបុគ្គលណាមួយ គឺជាការដាក់សម្ពាធទៅលើតុលាការនិងស្ថាប័នអនុវត្តច្បាប់ ដែលនោះពុំមែនជាវិធីស្របច្បាប់ឡើយ ព្រមទាំងប្រាចាកពីគោលការណ៍នីតិរដ្ឋថែមទៀតផង។

ទោះបីជាយ៉ាងនេះក្តី កាលពីខែសីហា កម្ពុជាបានរងទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហភាពអឺរ៉ុប ដោយការសម្រេចអនុវត្តដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ក្រោយពេលអឺរ៉ុបទុកពេលឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន កែខ្លួនជាច្រើនខែ ពាក់ព័ន្ធសំណុំរឿងបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ រួមមានសិទ្ធិនយោបាយ និងសិទ្ធិការងារជាដើម។ 

ការសម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញដែលកម្ពុជាត្រូវនាំចូលទៅអឺរ៉ុប២០ភាគរយនេះ គឺ ធ្វើឱ្យកម្ពុជាត្រូវខាតប្រាក់បង់ពន្ធចំនួនប្រមាណ១រយលានដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំៗ។

អឺរ៉ុបក៏ព្រមានរួចហើយថា ទណ្ឌកម្មនេះ គឺជាជំហានដំបូងប៉ុណ្ណោះ ប៉ុន្តែកម្ពុជានឹងទទួលបានភាពអនុគ្រោះពន្ធពេញលេញឡើងវិញ នៅពេលស្ថានភាពសិទ្ធិមនុស្ស នយោបាយនៅប្រទេសក្រីក្រមួយនេះ មានភាពប្រសើរហើយនោះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.