កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធបទល្មើសបង្ខាំងមនុស្សខុសច្បាប់

បទល្មើសបង្ខាំងមនុស្ស ឬចាប់មនុស្សជំរិតទារប្រាក់ នៅតែបន្តកើតមាននៅក្រុងព្រះសីហនុឥតស្រាកស្រាន្ត ទោះបីសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ បានបង្ក្រាប និងបញ្ជូនខ្លួនជនសង្ស័យជាច្រើនករណីទៅកាន់តុលាការផ្តន្ទាទោសបែបណាក្តី។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ  បានចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធបទល្មើសចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ នៅចំណុចកាស៊ីណូខ្សាច់មាសអន្តរជាតិ ស្ថិតក្នុងភូម៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ មានឈ្មោះ៖

១- ឈ្មោះ WAING AI MING ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុនអ៊ីនធើណេត បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

២- ឈ្មោះ ទូច សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

យុទ្ធនាការនេះ សមត្ថកិច្ចរំដោះបានជនរងគ្រោះម្នាក់  ឈ្មោះ CAI CHANGCHUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

រីឯវត្ថុតាងដកហូតបានរួមមាន៖- ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង- ប័ណ្ណបើកបរចំនួន ០១សន្លឹក- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក- កាតផ្សេងៗចំនួន ១៤សន្លឹក – ប្រាក់ ចំនួន ១៥.០០០រៀល និង ០៦ដុល្លារ- កាបូបដាក់លុយ ចំនួន០១- រថយន្ត ចំនួន ០១គ្រឿង ម៉ាក LEXUS RX 330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-3936។

បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យនៃមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងធ្វើការសាកសួរ ដើម្បីឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការបន្តនីតិវីធី៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.