បទល្មើសទន្ទ្រានដីព្រៃភ្នំ និងដីចំការដ្រល់ របស់រដ្ឋ នៅខេត្តមណ្ឌលគិរី បន្តកើតមាន ហើយអាជ្ញាធរថ្នាក់ជាតិ ចង់លាក់មិនចង់ឲ្យអ្នកកាសែតដឹងរឿង

ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ខេត្តមណ្ឌលគិរី នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យករណីឈូសឆាយដីព្រៃភ្នំ របស់រដ្ឋ មានទីតាំងនៅចំណុចភ្នំក្បាលខ្មោច ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ប៉ុន្តែសកម្មភាពនេះ ធ្វើឡើងតាមរបៀបលាក់លៀម ដោយហាមអ្នកកាសែត មិនឲ្យចូលទៅថតផ្តិតយករូបភាព នៃសកម្មភាពទន្ទ្រានដីព្រៃភ្នំ របស់រដ្ឋ ពីសំណាក់ឈ្មួញមានទ្រព្យ និងមន្ត្រីមានអំណាចទាំងនោះទេ។

ក្រុមអ្នកកាសែត បានឲ្យ The Cambodia Daily ដឹងថា មន្ត្រីខាងលើបានព្រមាន មិនឲ្យក្រុមអ្នកសារព័ត៌មានគ្រប់ស្ថាប័នរួមមានទាំងស្ថានីយទូរទស្សន៍ វិទ្យុ កាសែត និងគេហទំព័រជាដើម មិនឲ្យចូលទៅថតផ្តិតរូប និងចូលយកព័ត៌មាន នៅក្នុងបរិវេណមានសកម្មភាពទន្ទ្រានដីព្រៃភ្នំ របស់រដ្ឋ នៅចំណុចភ្នំក្បាលខ្មោចទេ នៅថ្ងៃពុធ ទី៣០ ខែកញ្ញានេះ ដោយបានព្រមានអ្នកកាសែត ក្នុងឥរិយាបទប្រមាថថា បើស្ថានីយទូរទស្សន៍ ឬអង្គភាពសារព័ត៌មានណាមួយ ចូលទៅដល់ទីតាំងមានដកម្មភាពឈូសឆាយដីព្រៃភ្នំ ខាងលើ នឹងបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចាប់ដាក់ឡាន បញ្ជូនត្រឡប់ក្រោយវិញទាំងអស់។

ត្រង់ចំណុចនេះ ក្រុមអ្នកសារព័ត៌មានមួយចំនួន ប្រចាំការនៅខេត្តមណ្ឌលគិរី បានបង្ហាញការខកចិត្ត ចំពោះទង្វើ របស់អាជ្ញាធរថ្នាក់ជាតិ ក៏ដូចជាថ្នាក់ខេត្ត ដែលមានបំណងលាក់បាំងអំពីវិនាសកម្មព្រៃភ្នំ និងដីចំការស្រល់ របស់រដ្ឋ ដែលត្រូវជនទុច្ចរិតឃុបឃិតបំផ្លាញធ្វើកម្មសិទ្ធិឯកជន ដោយខុសច្បាប់ទាំងនេះ។

ជាងនេះទៀត ក្រុមអ្នកកាសែត បានថ្លែងចាត់ទុក ទៅលើសកម្មភាព របស់ថ្នាក់ដឹកនាំថ្នាក់ជាតិ និងខេត្តមណ្ធលគិរី កាលពីថ្ងៃមិញនេះ ថាបានអនុវត្តផ្ទុយពីប្រសាសន៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រាប់ អ្នកសារព័ត៌មានថា សូមឲ្យដាក់បញ្ចាំង អ្នកកាប់បំផ្លាញព្រៃឈើទាំងនោះឲ្យបានច្បាស់ ហើយបើអាចថតបញ្ចាំង ឲ្យឃើញមុខជនកាប់ទន្ទ្រានព្រៃឈើ របស់រដ្ឋទាំងអស់នោះទៀតកាន់តែល្អ។

ទាក់ទិនបញ្ហានេះ អ្នកឃ្លាំមើលបរិស្ថាន នៃអង្គការមិនមែនរដ្ឋាភិបាល ថ្លែងថា ពិតជាមានករណីឈ្មួញមានទ្រព្យ, មន្ត្រីមានអំណាចក្នុងជួររាជរដ្ឋាភិបាលបច្ចុប្បន្ន និងមន្ត្រីខ្លះទៀតកំពុងបម្រើការងារ នៅក្នុង                       រដ្ឋបាលខេត្តមណ្ឌលគិរី ចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក និងថ្នាក់ឃុំផង គឺមានជាប់ពាក់ព័ន្ធវិនាសកម្មព្រៃឈើ និងទន្ទ្រានដីរដ្ឋ ធ្វើកម្មសិទ្ធិដោយខុសច្បាប់។

អ្នកឃ្លាំមើលបរិស្ថានទាំងនោះ អះអាងថា បទល្មើសទន្រ្ទានដីព្រៃភ្នំ ឬដីចំការស្រល់ របស់រដ្ឋ នៅខេត្តមណ្ឌលគិរីរាល់ថ្ងៃនេះ គឺសម្រាប់អ្នកមានសាច់ញាតិ ឬខ្នងបង្អែក ជាមន្ត្រីមានបុណ្យស័ក្តធំៗដូចជាថ្នាក់រដ្ឋមន្ត្រីជាដើម គឺពួកគេ មិនមានទោសពៃទេ ហើយថែមទាំងអាចបន្តកាន់កាប់ដីព្រៃភ្នំ និងដីព្រៃស្រល់ របស់រដ្ឋ ដែលបានរំលោភដោយខុសច្បាប់ទាំងនោះ យកទៅធ្វើកម្មសិទ្ធិស្របច្បាប់ និងសង់សំណង់រឹងមាំដូចជាផ្ទះ វីឡា បឹងហ្គាឡូ និងបង្កើតជាទីតាំងរកប្រាក់ចំណូល រហូតមកដល់សព្វថ្ងៃនេះថែមទៀតផង៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.