រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់វិន័យរដ្ឋបាលនិងទណ្ឌកម្ម ដល់អភិបាលខេត្តមណ្ឌលគិរី និងមន្ត្រីមួយចំនួនទៀត លើករណីវិនាសកម្មព្រៃឈើ

ក្រសួងមហាផ្ទៃបានធ្វើការដាក់ទណ្ឌកម្មវិន័យរដ្ឋបាលដល់អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង និងមន្ត្រីមានឋានៈធំៗមួយចំនួនទៀត ដោយសារបានបណ្តែតបណ្តោយឲ្យមានសកម្មភាពកាប់ទន្ទ្រានដីព្រៃ នៅមូលដ្ឋានខេត្តមណ្ឌលគិរី។

មន្ត្រីក្រសួងមហាផ្ទៃ បានឲ្យ The Cambodia Daily ដឹងនៅថ្ងៃទី០១ ខែតុលានេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មន្ត្រីគ្រាក់ៗឬមានតួនាទីខ្ពស់ ដែលត្រូវបានថ្នាក់លើ អនុវត្តវិន័យរដ្ឋបាល និងទណ្ឌកម្មនោះ រួមមាន៖

១-លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ត្រូវបានថ្នាក់លើដាក់វិន័យនិងអប់រំណែនាំឲ្យខិតខំអនុវត្តតួនាទីឲ្យបានល្អឡើងវិញ។

២-លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យបញ្ចប់តំណែង និង ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។

៣-លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ត្រូវបានបញ្ចប់តំណែង និងឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។

៤-លោក សៀក មុន្នី អភិបាលស្រុកអូររាំង ត្រូវបានអនុវត្តវិន័យ រដ្ឋបាល។

៥-លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ត្រូវបានបញ្ជូនឲ្យ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីអនុវត្តវិន័យ។

៦-លោកឧត្តមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ៧១៦ និងជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន ត្រូវបានបញ្ជូនទៅក្រសួងការពារជាតិ ដើម្បីអនុវត្តវិន័យកងកម្លាំង។

៧-លោកស្រី ថ្ចាន់ ត្រែល ចៅសង្កាត់សែនមនោរម្យ ស្រុកអូររាំង ត្រូវដាក់វិន័យរដ្ឋបាល។

៨-លោក ប៊ុត សំអែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា ត្រូវដាក់វិន័យរដ្ឋបាល។

៩-លោក ពឿប ពេ មេឃុំស្រែព្រះ ស្រុកកែវសីមា ត្រូវដាក់វិន័យរដ្ឋបាល។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ករណីនេះ លោក ហ៊ុន សែន បានឯកភាពលើលទ្ធផល របស់ក្រុមការងារអន្តរក្រសួង ចំពោះការចុះស្រាវជ្រាវករណីកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី នេះរួចហើយ។

ដោយឡែក លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមការងារអន្តរក្រសួង បានបំពេញការងារចុះសិក្សាស្រាវជ្រាវលើករណីការកាប់រាន ទន្ទ្រាន កាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ ការពារធម្មជាតិ ស្ថិតក្នុងខេត្ដមណ្ឌលគិរី ប្រកបដោយតម្លាភាព សុចរិតភាព និងមានភស្តុតាង គ្រប់គ្រាន់។

លោកបន្តថា អ្នកជាប់ពាក់ព័ន្ធសកម្មភាពកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ នៅខេត្តមណ្ឌលគិរីនេះ គឺ ថ្នាក់លើមានគោលការណ៍រួចអស់ហើយ។ ប៉ុន្ដែមិនទាន់កំណត់ពេលណាជាក់លាក់នៅឡើយទេ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.