ប្រភពចោទលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទទួលសំណូករាប់សែនដុល្លារ ជាថ្នូរ អនុញ្ញាតឲ្យម្ចាស់កាស៊ីណូ,សណ្ឋាគារ បង្ហូរទឹកស្អុយចូលសមុទ្រដោយសេរី

មន្ត្រីរាជការថ្នាក់មូលដ្ឋាន ប្រចាំខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភចំពោះព័ត៌មាន ដែលលេចឮថា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឃុបឃិតទទួលសំណូកលុយ ពីថៅជនជាតិចិន ដែលជាម្ចាស់សំណង់អគារធំៗរួមមាន៖ សណ្ឋាគារ, កាស៊ីណូ និងភោជនីយដ្ឋានមួយចំនួន មានទីតាំងនៅជាប់មាត់សមុទ្រ ស្ថិតក្នុងក្រុងព្រះសីហនុ អាចបង្ហូរទឹកស្អុយ ឬទឹកកខ្វល់ ជាកាកសំណល់ ចេញពីការធ្វើអាជីវកម្មនៅតាមទីតាំងខាងលើ ដោយមិនចាំបាច់ឆ្លងកាត់អាងចម្រោះទឹកស្អាត ជាថ្នូរទទួលសំណូកលុយរាប់សែនដុល្លារអាមេរិក។

ចំពោះបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គម និងសកម្មជនការពារបរិស្ថាន បានស្នើដល់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ជួយបញ្ជូនមន្ត្រីស្អាតស្អំចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវចំពោះបុគ្គល លោក គួច ចំរើន ឬអ្នកនៅពីក្រោយសកម្មភាពមិនប្រក្រតីទាំងនេះ។

ប្រភពស្នើមិនបញ្ចេញឈ្មោះ បានចោទ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបច្ចុប្បន្នថា ជាអ្នកកាងការពារ ឬជាអ្នកអនុញ្ញាត ឲ្យម្ចាស់សំណង់អគារធំៗ រួមមាន៖ កាស៊ីណូ, សណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ដែលមានថៅកែជាជនជាតិចិន អាចបង្ហូរទឹកស្អុយ ឬកាកសំណល់កខ្វក់ ចេញពីទីតាំងធ្វើអាជីវកម្មធំៗ តាមឆ្នេរសមុទ្រ ចូលទៅក្នុងសមុទ្រ ដោយមិនចាំបាច់មានអាងចម្រោះទឹកស្អាតឡើយ។

ប្រភពដដែលបញ្ជាក់ថា លោក គួច ចំរើន អាចសង្ស័យថាបានទទួលសំណូកពុករលួយរាប់សែនដុល្លារអាមេរិក ពីម្ចាស់ទីតាំងកាស៊ីណូ, សណ្ឋាគារ និងភោជនីយដ្ឋានធំៗ មានទីតាំងនៅជាប់មាត់សមុទ្រទាំងនោះ។

យ៉ាងនេះក្តី The Cambodia Daily មិនទាន់អាចមានប្រភពទាក់ទង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ទាំងនេះបាននៅឡើយទេ។

យ៉ាងណាក៏ដោយចុះ ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងមន្ត្រីរាជការថ្នាក់ទាប នៃរដ្ឋបាលខេត្តព្រះសីហនុ នាំគ្នាទាមទារឲ្យ លោក សាយ សំអាល់, លោក ឱម យ៉ិនទៀង និងលោក ហ៊ុន សែន ពិនិត្យទៅលើសកម្មភាព របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជុំវិញការចោទប្រកាន់ ទាក់ទងការទទួលសំណូកពុករលួយទាំងនេះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.