គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសទាមទារឲ្យលោក ហ៊ុន សែន ដកបម្រាមនានា ដើម្បីឲ្យពួកគេបានវិលមកកម្ពុជាវិញ

គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសភាគីលោក សមរង្ស៊ី អំពាវនាវដល់សហគមន៍អន្តរជាតិ និងប្រទេសប្រជាធិបតេយ្យទាំងអស់ជម្រុញឲ្យលោក ហ៊ុន សែន បើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ អាចត្រឡប់មកកម្ពុជាវិញ ដើម្បីស្តារការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឲ្យបានល្អប្រសើរ ។

ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ គណបក្សសង្គ្រោះជាតិដែលជាភាគីរបស់លោក សមរង្ស៊ី បានទាមទារឲ្យ លោក ហ៊ុន សែន គោរពលក្ខខណ្ឌមួយចំនួនរបស់ពួកគេ រួមមាន ការលើកបម្រាមដែលបានហាមប្រាម ក្រុមហ៊ុនអាកាសចរណ៍នានា មិនឲ្យដឹកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ បន្ថែមពីនេះ ផ្តល់សុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិឡើងវិញ។

ជាងនេះទៀតក្រុមនេះបានទាមទារឱ្យលោក ហ៊ុន សែន សរសេរលិខិតទៅបណ្តាប្រទេសអាស៊ាន ជាពិសេសប្រទេសថៃ ដើម្បីអនុញ្ញាតឲ្យពួកគេអាចចេញចូលប្រទេសទាំងនោះដូចអ្នកដំណើរដទៃទៀត។

ពួកគេក៏បានទាមទារឲ្យលោកហ៊ុន សែន មិនត្រូវប្រើឲ្យមន្ត្រីយោធា កងកម្លាំងប្រដាប់អាវុធទៅរារាំង ឬបំភិតបំភ័យ ពលរដ្ឋដែលមកទទួលស្វាគមន៍ដំណើរមាតុភូមិននិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាដាច់ខាត។

ក្នុងសេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន ហ៊ានទទួលយកលក្ខខណ្ឌទាំងនេះ នោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅ និរទេសខ្លួននៅក្រៅប្រទេសនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ការទាមទារនេះធ្វើឡើងក្រោយពេលសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះកាលពីថ្ងៃទី១៩ ខែតុលា ដោយតម្រូវឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន៩រូប ចូលទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះជាកំហិត។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំង៩រូប ពីភាគីរបស់លោក សមរង្ស៊ី ដែលត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឱ្យចូលឆ្លើយដោះសារជុំវិញបទចោទ ឧបឃាត ឬប៉ុនប៉ងធ្វើរដ្ឋប្រហារ  រួមមាន លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា លោក អេង ឆៃ អ៊ាង និងមន្ត្រីជាន់ខ្ពស់៦ រូបផ្សេងទៀត។

កាលពីខែតុលា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញបានចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី និងភរិយា ព្រមទាំងមន្ត្រីសំខាន់ៗរបស់អតីតគណបក្សសង្គ្រោះជាតិ៧រូបផ្សេងទៀត ពីបទ ឧបឃាត ឬ ប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។

ការចោទប្រកាន់នេះធ្វើឡើងក្រោយ លោក សម រង្ស៊ី បានចេញខ្សែ  វីដេអូ អំពាវនាវ តាមបណ្តាញសង្គម ឲ្យមន្ត្រីយោធា កងកម្លាំងប្រដាប់អាវុធចូលរួមទម្លាក់លោក ហ៊ុន សែន ជាមួយលោក នៅថ្ងៃទី៩ ខែវិច្ឆិកា ជាពេលដែលលោកធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា តែការអំពាវនាវនេះមិនបានសម្រេចដោយសារការធ្វើមាតុភូមិននិវត្តន៍របស់លោកត្រូវបរាជ័យ។

មកទល់នឹងពេលនេះ សារព័ត៌មាន The Cambodia Daily មិនអាចទាក់ទងលោក សមរង្ស៊ី និងមន្ត្រីរបស់លោកចំនួន៩រូបទៀតដើម្បីសុំការបំភ្លឺបាននៅឡើយទេ ជុំវិញបញ្ហាដីការរបស់តុលាការនេះ។

បន្ទាប់ពីផែនការវិលមកកម្ពុជា ៩ វិច្ឆិកា របស់លោក សម រង្ស៊ី មិនបានសម្រច នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានប្រកាសថា លោកនឹងមិនស្នើរសុំព្រះមហាក្សត្រឲ្យលើកលែងទោសឲ្យអតីតមេបក្សប្រឆាំងរូបនេះជាដាច់ខាត ត្បិតកន្លងមកលោកធ្លាប់បានស្នើរសុំព្រះមហាក្សត្រឲ្យលើកលែងទោសដល់លោក សម រង្ស៊ី ប៉ុន្តែម្តងនេះលោកនឹងមិនធ្វើដូចពេលមុនៗនោះទេ។

ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ដីការរបស់តុលាការនេះធ្វើឡើងក្នុងចេតនាយោបាយរបស់បក្សកាន់អំណាចតែប៉ុណ្ណោះ ត្បិតបើពិតជាចង់ឲ្យមន្ត្រីអតីតគណបក្សសង្គ្រោះជាតិទាំងនោះចូលមកស្រាយបំភ្លឺពិតប្រាកដមែន រដ្ឋាភិបាលត្រូវដកបម្រាមរបស់ខ្លួនចំពោះពួកគេទាំងអស់ជាមុនសិន៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.