សាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះ លើសំណុំរឿងក្តីចាក់សាំងដុតមនុស្សទាំងរស់ នៅខេត្តព្រះសីហនុ

ក្រុមអ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្ស និងជនរងគ្រោះលើសំណុំរឿងក្តីចាក់សាំងដុតមនុស្សទាំងរស់ នៅខេត្តព្រះសីហនុ កំពុងទន្ទឹងរង់ចាំមើលលទ្ធផល នៃអង្គសវនាការ លើសំរឿងព្រហ្មទណ្ឌដ៏រ៉ាំរ៉ៃ និងមានភាពមិនប្រក្រតីរាប់មិនអស់ ដែលបានលើកយកមកជំនុំជំរះ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សំណុំរឿងព្រហ្មទណ្ឌមួយនេះ ជនរងគ្រោះមានឈ្មោះ ស៊ុយ ប៊ុនថាន អាយុ ៣៦ឆ្នាំ រស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រីឯ ជនបង្ក ឬជនល្មើសមានឈ្មោះ លី ស្រេង អាយុ ៤៦ឆ្នាំ រស់នៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ 

ជនរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន  បានរៀបរាប់ថា រហូតមកដល់ពេលនេះ រូបគាត់ នៅមិនទាន់ទទួលបានយុត្តិធម៌បម្តុចណាទេ។ ចំណែកឯ ជនបង្ក កំពុងរស់នៅ ក្រៅពន្ធនាគារ និងដើរហើរយ៉ាងមានសេរីភាព។

ជនរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន សំណូមពរដល់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអង្កេតតាមដាន សំណុំរឿងនេះ ត្បិតកន្លងមក មន្ត្រីអនុវត្តច្បាប់មួយចំនួន នៅសាលាដំបូងខេត្តព្រះសីហនុ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថក្នុងខេត្តនេះ បានឃុបឃិតជាមួយជនដៃដល់ ជាថ្នូរទៅនឹងការដោះលែងឲ្យមានសេរីភាព រួចផុតពីការផ្តន្ទាទោសដាក់ពន្ធនាគារ។

យ៉ាងណាក៏ដោយចុះ រហូតមកដល់ល្ងាចថ្ងៃទី១៧ ខែវិច្ឆិកានេះ សាលាឧទ្ទរណ៍មិនបង្ហាញលទ្ធផល ដែលទទួលបានពីការបើកសវនាការជំនុំជំរះខាងលើនេះ ជាសាធរណៈ នៅឡើយទេ។

ទោះជាបែបនេះក្តី យោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ រូបលោក បានចេញទៅស៊ីឈ្នួល បើកត្រាទ័រឈូសឆាយដី ដែលសាលាដំបូងខេត្តព្រះសីហនុ ចុះមកអនុវត្តដីការក្សាការពារ ស្រាប់តែពេលនោះ ឈ្មោះ លី ស្រេង និងបក្ខពួកមួយចំនួនទៀត ដែលឈរលើទូកុងទឺន័រ បានយកដុំថ្ម គប់សន្ធាប់មកលើរូបលោក  ហើយរំពេចនោះ រូបលោក ក៏បានលើកដងអេស្កាវិទ័រ មកបាំងដើម្បីកុំឲ្យបក្ខពួកជនល្មើស គប់ដុំថ្មត្រូវ ប៉ុន្តែភ្លាមៗនោះ ក៏ស្រាប់តែជនបង្កឈ្មោះ លី ស្រេង និងបក្ខពួក បានយកសាំងជះមកលើរូបលោក ហើយបានយកដែកកេះដុតបណ្តាលឲ្យឆាបឆេះពេញខ្លួន។

លោកបន្តថា ឈ្មោះ លី ស្រេង  ក៏បានទាញទ្វារអេស្កាវិទ័របិតមិនឲ្យរូបលោកចេញមកក្រៅនោះទេ រហូតដល់លោកវាយបំបែកកញ្ចក់អេស្កាវ៉ាទ័រ រួចលោតចេញមកខាងក្រៅ ហើយត្រូវបានកម្លាំងសមត្ថកិច្ចនៅក្បែរនោះ ជួយពន្លត់ភ្លើង និងដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ 

ចំណែក ជនល្មើសឈ្មោះ លី ស្រេង ក៏ត្រូវបានសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថដែលចុះអនុវត្តដីកាសម្រេច របស់តុលាកា ឃាត់ខ្លួនភ្លាមៗផងដែរ។

ជនរង់គ្រោះឈ្មោះ ស៊ុយ ប៊ុនថាន បន្តថា សំណុំរឿងព្រហ្មទណ្ឌលេខ១៣០ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ ដែលមាន លោក តាក់ គឹមសៀ ជាចៅក្រមស៊ើបសួរ ក៏បានចេញដីកាបង្គាប់ឲ្យឈ្មោះ លី ស្រេង  ចូលខ្លួនមកបំភ្លឺនៅតុលាការចំនួន ០៤លើករួចហើយ ប៉ុន្តែឈ្មោះ លី ស្រេង មិនបានចូលខ្លួនមកឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងអង្គហេតុ ចាក់សាំងដុតរូបលោកនេះទេ។

មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំខេត្តព្រះសីហនុ ជំរុញឲ្យមន្ត្រីអនុវត្តច្បាប់សាលាឧទ្ធរណ៍ និងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយពិនិត្យតាមដាន សំណុំរឿងព្រហ្មទណ្ឌចាក់សាំងដុតមនុស្សទាំងរស់នេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រោះរឿងនេះ មានភាពមិនប្រក្រតីជាច្រើនកើតឡើង ចំពោះជនរងគ្រោះ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.