សកម្មជនការពារបរិស្ថានប្រឈមនឹងផ្លូវច្បាប់ ខណៈគ្រឹស្ថានសិក្សាបានលុបឈ្មោះរបស់ខ្លួនចេញសាលា

សមាជិកយុវជនសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ត្អូញត្អែរថា សកម្មជនការពារបរិស្ថានមួយរូបទៀតហើយ ដែលកំពុងរងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរកម្ពុជា និងត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះនិសិ្សត នៃសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញ។

លើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុក សមាជិកយុវជនសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក មាស ពិសាល ដែលមានគណនី ហ្វេស ប៊ុក ឈ្មោះ កូនខ្មែរស្វាយរៀង បានអះអាងថា លោក សុខ រដ្ឋា សកមុ្មជនការពារបរិស្ថាន និងជាសកម្មជនតស៊ូមតិដើម្បីសិទ្ធិសេរីភាព កំពុងរងការគម្រាមកំហែងធ្ងន់ធ្ងរ ដោយតុលាការកម្ពុជាបានចេញដីកាចាប់ខ្លួនជាបន្ទាន់មួយ។

លោក មាស ពិសាល ជុំរុញឲ្យ និស្សិតខ្មែរផ្សេងទៀតត្រូវចេះនាំគ្នាឈឺឆ្អាល និងតវ៉ាទាមទារឲ្យលុបបំបាត់ទង្វើផ្តាច់ការរបស់គ្រឹះស្ថានអប់រំមួយចំនួនដែលចំណុះឲ្យបក្សកាន់អំណាច ឬចំណុះឲ្យបក្ខពួកអ្នកមានអំណាចមួយចំនួនដែលកំពុងកាន់កាប់ប្រទេសកម្ពុជាផ្តាច់មុខក្នុងពេលបច្ចុប្បន្ន។

ការអះអាងនេះធ្វើឡើង នៅថ្ងៃទី១៧ វិច្ឆិកា  បន្ទាប់ពី លោក សុខ រដ្ឋា សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានសកលវិទ្យាល័យមួយសម្រេចលុបឈ្មោះរបស់លោកពីបញ្ជីរឈ្មោះនិស្សិត ក្រោយពេលតុលាការបញ្ចេញដីកាតាមចាប់ខ្លួនលោក កាលពីដើមខែវិច្ឆិកានេះ។

កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បាន ចេញដីកាឲ្យចាប់ខ្លួន លោក សុខ រដ្ឋា ពីបទរួមគំនិតក្បត់ជាតិ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ត្រង់មាត្រា៥៤៣ មាត្រា៤៩៤ និងមាត្រា៤៩៥ កាលពីអំឡុងឆ្នាំ២០១៩ នៅកម្ពុជា និងកន្លែងផ្សេងទៀត។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក សុខ រដ្ឋា ធ្លាប់បានបង្ហោះលិខិតលាលែងមួយច្បាប់ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ដោយអះអាងថា រូបលោកផ្ទាល់បានសុំលាលែង និងមិនពាក់ព័ន្ធសកម្មភាពនានាជាមួយនឹងចលនាយុវជនសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង បន្តទៀតនោះទេ។

លោក សុខ រដ្ឋា ធ្លាប់បានចូលរួមការពារធនធានធម្មជាតិ ឃ្លាំមើលបញ្ហាព្រំដែន និងបានចូលរួមជួយតវ៉ាទាមទារសិទ្ធិបញ្ចេញមតិជាមួយក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនឃ្លាំមើលសង្គមដទៃទៀតនាពេលកន្លងមក។

លោក សុខ រដ្ឋា បានប្រាប់ The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថារហូតមកទល់ពេលនេះលោក នៅមិនទាន់បានទទួលដីកាកោះរបស់តុលាការនៅឡើយទេ ដោយលោកធ្លាប់ឃើញដីកានោះបង្ហោះតែតាមហ្វេសប៊ុកប៉ុណ្ណោះ។

លោកបន្តថានៅពេលលោកទទួលបានដីកានោះដល់ដៃពេលណា លោកនឹងចូលខ្លួនតាមការកោះហៅរបស់តុលាការនៅពេលនោះ។ លោកបន្តថាលោកនឹងមិនរត់គេចខ្លួនទៅក្រៅប្រទេសនោះឡើយ ហើយថាប្រសិនបើលោកចង់គេចខ្លួន នោះលោកមិនត្រឡប់ពីប្រទេសកូរ៉េខាងត្បូងមកកម្ពុជាដូចពេលនេះនោះទេ។

ពាក់ពន្ធនឹងបញ្ហានេះ អ្នកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស កាលពីថ្ងៃទី១៦ វិច្ឆិកា នេះ បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរឹតបន្តឹងលើអង្គការសង្គមស៊ីវិល ការធ្វើទុក្ខបុកម្នេញ អ្នកតស៊ូរមតិដើម្បីយុត្តិធម៌សង្គម ក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមអ្នកការពារ បរិស្ថាន ពីសំណាក់រដ្ឋាភិបាលកម្ពុជា។

អ្នកស្រីអះអាងថា អ្នកស្រីមានការព្រួយកង្វល់ខ្លាំងណាស់ចំពោះរបាយការណ៍ដែលអាចជឿទុកចិត្តបានថា អ្នកការពារសិទ្ធិមនុស្ស យ៉ាងហោចណាស់ចំនួន ២១ នាក់ ត្រូវបានទទួលរងនូវការគំរាមកំហែង ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពាន ក្នុងរយៈពេលបីខែចុងក្រោយនេះ។ 

ជាងនេះទៀត លោកស្រីបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនដែលមានលក្ខណៈជាប្រព័ន្ធ និងការផ្តន្ទាទោសនានា ពីបទព្រហ្មទណ្ឌ ក៏ដូចជា ការប្រើប្រាស់កម្លាំងហួសប្រមាណប្រឆាំងនឹងក្រុមសកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថានទាំងនោះ។

ទិន្នន័យសង្គមស៊ីវិលបង្ហាញថា ក្នុងរយៈពេល ១២ ខែនេះ រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈ ចំនួន ១៣២ ដង ដែលបានធ្វើឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិធ្ងន់ធ្ងរ និងជាវិធីសាស្ត្របំបាក់ទឹកចិត្តក្នុងការចូលរួមរបស់ពលរដ្ឋក្នុងការតស៊ូរបញ្ចេញមតិជាសាធារណៈផងដែរ។

សកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជារិះគន់ថា រដ្ឋាភិបាលកម្ពុជាតែងធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដោយប្រើប្រព័ន្ធតុលាការជាឧបករណ៍ដើម្បីចោទប្រកាន់ និងចាប់ខ្លួនអ្នកតវ៉ាទាមទារសិទ្ធិសេរីភាព ទោះការទាមទារនោះស្របទៅនឹងរដ្ឋធម្មនុញ្ញ ឬស្របទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ យ៉ាងណាក៏ដោយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.