ក្រុមគ្រួសារ អ្នកជាប់ឃុំអតីតមន្ត្រី គណបក្សសង្គ្រោះជាតិបន្តរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រជាថ្មីទៀត

សាច់ញាតិអតីតសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិ បានប្រមូលផ្តុំគ្នាជាថ្មីនៅព្រឹកថ្ងៃសុក្រនេះក្បែរព្រះបរមរាជវាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រឱ្យដោះលែងប្តី និងឪពុករបស់ពួកគេ ដែលកំពុងជាប់ឃុំពាក់ព័ន្ធរឿងនយោបាយ។

សាច់ញាតិ អតីតសកម្មជនបក្ស និងមន្ត្រីគណបក្សសង្រ្គោះជាតិ បានស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ សម្តេចព្រះបាទនរោត្តម សីហមុនី ចំនួន២លើក រួចមកហើយ ប៉ុន្តែត្រូវបរាជ័យ ដោយសារអាជ្ញាធររាជធានីភ្នំពេញរារាំង។

យ៉ាងណាក្តី ពួកគាត់ដែលភាគច្រើនជាស្ត្រីទាំងនេះ ទទួលបរាជ័យសារជាថ្មីទៀត ក្នុងការដាក់ញត្តិថ្វាយព្រះមហាក្សត្រ ព្រោះអាជ្ញាធរខណ្ឌដូនពេញទប់ស្កាត់ និងរារាំងមិនឱ្យក្តីបំណងរបស់ពួកគេបានសម្រេចឡើយ។ ការថ្វាយញ្ញត្តិជូនព្រះមហាក្សត្រត្រូវបរាជ័យ ដោយសាច់ញាតិបក្សប្រឆាំងដែលភាគច្រើនជាស្ត្រីប្រមាណ២០នាក់ បានត្រឹមតែស្រែកទាមទារឱ្យមានការដោះលែងប្តី និងឪពុករបស់ពួកគេនៅខាងក្រៅបរិវេណព្រះបរមរាជវាំង ហើយការដាក់ញត្តិនៅព្រឹកនេះមិនមានមន្ត្រីព្រះបរមរាជវាំងណាម្នាក់ចេញមកទទួលនោះឡើយ។

ក្រុមសាច់ញាតិអតីតសកម្មជនបក្សប្រឆាំង បានងាកមកស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រវិញនេះ ក្រោយពីពួកគេបរាជ័យក្នុងការទាមទារឱ្យតុលាការ និងប្រមុខរដ្ឋាភិបាលដោះលែងឪពុក និងស្វាមីរបស់ខ្លួនឱ្យមានសេរីភាពវិញ ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ដែលមានចរឹកនយោបាយនេះ។ ពួកគាត់ អះអាងថា អ្នកជាប់ឃុំទាំងនោះមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះឡើយ។

អតីតមន្ត្រីគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់ ព្រមទាំងបទញុះញង់ឱ្យកងទ័ពមិនស្តាប់បញ្ជា ពាក់ព័ន្ធសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៩។

សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ខែវិច្ឆិកា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាបានអះអាងថា ខ្លួនកំពុងតាមដានដោយយកចិត្តទុកដាក់បំផុត លើករណីបណ្តឹងតុលាការ ដែលមានចំនួនកាន់តែច្រើនឡើង ទៅលើសកម្មជនក្នុងសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រនៃគណបក្សនយោបាយធំជាងគេមួយរបស់ប្រទេសកម្ពុជា គឺគណបក្សសង្រ្គោះជាតិកម្ពុជា។

ការលើកឡើងនេះ ក្រោយពេលតុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅ សកម្មជនសិទ្ធិមនុស្ស ពិសេសអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិរាប់សិបនាក់ជាបន្តបន្ទាប់ ឱ្យចូលខ្លួនបំភ្លឺជុំវិញការចោទប្រកាន់ ឧបឃាត ឬ ប៉ុនប៉ងធ្វើរដ្ឋប្រហារ។ បទ រួមគំនិតក្បត់ និងបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាដើម។

អាមេរិកអះអាងថា សេរីភាពក្នុងការជួបប្រមូលផ្តុំគ្នា និងសេរីភាពក្នុងការសម្តែងមតិ ព្រមទាំងការអត់ឱនចំពោះមតិប្រឆាំង គឺមានសារសំខាន់បំផុត ចំពោះដំណើការលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក អំពាវនាវឲ្យអាជ្ញាធរលោកហ៊ុន សែន ការពារសេរីភាពទាំងនេះ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។

លើសពីនេះ ត្រូវប្រកាន់ជំហានប្រកបដោយអត្ថន័យ ក្នុងការបើកឡើងវិញ នូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋ នៅក្នុងអំឡុងពេលឈានទៅរកការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.