បុរសខ្លាំងចង់ក្រាញអំណាច ចង់ក្លាយជនផ្ដាច់ការ មិនអាចទៅរួចទេ សម្រាប់ប្រទេសមាននីតិរដ្ឋមិនក្លែងក្លាយ

នៅពេលដែលលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២០ បង្ហាញថា អតីតអ្នកលេងច្របាប់ ឬកីឡាកាស លោក ដូណាល់ត្រាំ ចាញ់គូប្រកួត អ្នកនយោបាយជើងចាស់ មានចរឹកស្លូតបូត បុរស វ័យ៧៨ឆ្នាំ ចូលបៃដិន គឺលោកត្រាំ ប្រកាសថា ការរាប់សន្លឹកឆ្នោត មានករណីលួចបន្លំសន្លឹកឆ្នោតនៅតាមរដ្ឋមួយចំនួន។           

អ្វីដែលលោកត្រាំចោទដូចនេះ គឺការរាប់សន្លឹកឆ្នោត នៃសន្លឹកឆ្នោត ដែលបានបោះតាមប្រអប់ប្រៃសណីយ៍។ លោកត្រាំចោទថា មានភាពមិនប្រក្រតីដែលនាំអោយលោក ទាត់ចោល លទ្ធផលបោះឆ្នោតរបស់រដ្ឋទាំងនោះ។ តែគ្រាប់រដ្ឋទាំងអស់ដែលក្រុមយុទ្ធនាការឃោសនា បោះឆ្នោតរបស់លោកត្រាំ ប្ដឹងរាប់ឡើងវិញ ត្រូវបានតុលាការ របស់រដ្ឋនោះ បញ្ជាអោយរាប់ឡើងវិញទាំងអស់ ដោយរាប់នៅចំពោះមុខ ដើមបណ្ដឹងទៀតផង។ តែទីបំផុតលទ្ធផលនៅតែដដែល គឺត្រាំនៅតែចាញ់លោកបៃដិន។

បែបណាលោកត្រាំមិនបានទាត់ចោទលទ្ធផលបោះឆ្នោតទាំងស្រុងនោះ ទេ។ តែឥរិយាបទរបស់លោកត្រាំ វ័យ៧៤ គឺលោក បានបង្ហាញ ពីភាពរឹងរុស មិនចង់ចុះចេញពីតំណែង ហើយមិនចង់ផ្ទេរអំណាច ទៅអោយរដ្ឋការរបស់អ្នកឈ្នះឆ្នោតឡើយ ដែលមជ្ឈដ្ឋានខ្លះ ជាពិសេសអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ចោទលោកត្រាំថា ព្យាយាមក្រាញអំណាច។ ករណីនេះដែលនាំអោយមានកុប្បកម្មផ្ទុះនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី៦មករា ដោយបណ្ដាលអោយស្លាប់កុប្បករ៤នាក់ និងប៉ូលិស ម្នាក់។

ក្រោយព្រឹត្តិការណ៍នេះ ក្រុមអ្នកប្រជាធិបតេយ្យដែលប្រតិកម្មខ្លាំងនឹងលោក ត្រាំ កំពុងបង្កើនសន្ទុះក្នុងការចាប់ផ្តើមនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតីពីលោកត្រាំអោយបានមុនថ្ងៃទី២០ ខែមករា              ឆ្នាំ២០២១ ជាថ្ងៃដែលលោកត្រាំត្រូវចាកចេញពីសេតវិមាន ហើយអស់តំណែងជាប្រធានាធិបតី។

ការចោទប្រកាន់របស់សមាជិកសភាប្រឆាំងនឹងលោកត្រាំត្រូវគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍នេះក្រោមបទញុះញង់ឲ្យមានការបះបោរហើយបទចោទនេះ ជាទម្រង់ Impeachment ។

លោកត្រាំត្រូវបានចោទ នៅពេលគេចាប់បាន ក្នុងបណ្ដាញTwitterរបស់លោក ដែលលោកបានសរសេរ ប្រាប់ទៅអ្នកគាំទ្រលោកអោយចេញដំណើរទៅវិមានរដ្ឋសភា គឺចំពេលសមាជិកសភា កំពុងប្រជុំដើម្បីផ្ដល់សុពលភាពអោយទៅលោកចូលបៃដិន ជាបេក្ខជន ឈ្នះឆ្នោត និងជាប្រធានាធិបតីអាមេរិកលើកទី៤៦ គឺពេលនោះហើយ អ្នកគាំទ្រលោកត្រាំបានសម្រុក បុកអាគាររដ្ឋសភា ហើយក៏បង្កអ៊ុកឡុក បង្រ្កាបសមាជិកសភា អោយរត់រកទីសុវត្ថិភាព ទើបមានការបង្ក្រាបពីប៉ូលិស បណ្ដាលអោយមានអ្នកស្លាប់ដល់ទៅ៥នាក់ និងរបួស ជាច្រើន។

ក្នុងហេតុការណ៍នេះ លោកត្រាំ បានសរសេរនៅលើ Twitter របស់លោកជាលើកទី២ ដោយបានប្រាប់ទៅ ក្រុមកុប្បកម្មនាំគ្នាត្រឡប់ទៅផ្ទះវិញ។ ព្រឹត្តិការណ៍នេះហើយ ដែលនាំអោយបុរស តាំងចិត្តជាអ្នកលេង ដែលត្រូវបានចោទថា ព្យាយាមក្រាញអំណាច ចង់ក្លាយជាមេដឹកនាំផ្ដាច់ការ រងការចោទជាថ្មីម្ដងទៀតគឺទម្រង់ Impeachment ដោយសមាជិកសភា របស់បក្សប្រជាធិបតេយ្យ និងសមាជិកសភាមួយចំនួន ពីបក្សសាធារណរដ្ឋ។ នេះជាការប្ដឹងចោទ Impeachment ទៅលើលោកត្រាំជាលើកទី២ ដែលលើកទី១ ករណី ជាមួយប្រទេសអ៊ុយក្រែន និងករណីរាំងខ្ទប់ការស៊ើបអង្កេតរបស់សមាជិកសភា។ លោកត្រាំបានរួចខ្លួនព្រោះកាលនោះ ដោយសារសមាជិកព្រឹទ្ធសភា សំឡេង ភាគច្រើន នៃគណបក្សសាធារណរដ្ឋបោះឆ្នោត ច្រានចោលបណ្ដឹងរបស់ដើមបណ្ដឹង។ តែលើកនេះ ទំនង សមាជិកព្រឹទ្ធសភាអាចនឹងសម្រេចអោយលោកមានកំហុស ព្រោះតែសមាជិកព្រឹទ្ធសភា មួយចំនួននៃបក្សសាធារណរដ្ឋ ក៏ប្រតិកម្មនឹងលោកត្រាំ ហើយគាំទ្រ ក្រុមប្រជាធិបតេយទៀតផង។

ក្រុមអ្នកប្រជាធិបតេយ្យយល់ថា បើលោកត្រាំមិនបានអំពាវនាវឲ្យក្រុមអ្នកគាំទ្ររបស់លោក តវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតនោះទេ វាក៏មិនអាចឈានទៅដល់មានហេតុការណ៍វាយលុកដោយហិង្សាចូលក្នុងវិមានរដ្ឋសភា ឬវិមានកាពីតូលនោះដែរ។

ក្រុមអ្នកប្រជាធិបតេយ្យ ចាប់ផ្តើមនីតិវិធីប្រឆាំងនឹង លោកត្រាំ ដោយការចោទទម្លាក់រូបលោកចេញពីតំណែងនៅសប្តាហ៍នេះដោយមិនរង់ចាំយូរឡើយ ហើយក៏មិនចាំបាច់ឆ្លងកាត់ដំណាក់កាលស៊ើបអង្កេត ឬការផ្តល់សង្ខីកម្មអ្វីឡើយ។

ប្រធានរដ្ឋសភា អ្នកស្រី ណាស៊ី ផេឡូស៊ី បញ្ជាក់ថា អ្នកស្រីនឹងឆ្ពោះទៅធ្វើការចោទប្រកាន់ទម្លាក់តំណែងលោកត្រាំក្នុងរយៈពេល ៣ថ្ងៃទៀត ចាប់ពីថ្ងៃចន្ទ ទី១១ ខែមករា ប្រសិនបើលោកត្រាំ មិនព្រមលាលែងចេញពីតំណែងភ្លាមៗទេនោះ។

រហូតមកទល់នឹងពេលនេះ មានសមាជិកសភាតំណាងរាស្ត្រអាមេរិកជិត ១៦០ នាក់ហើយបានចុះហត្ថលេខាគាំទ្រឲ្យទម្លាក់លោក ត្រាំ ចេញពីតំណែងប្រធានាធិបតី។

ប្រសិនបើដំណើរការនេះសម្រេចទៅបានមែននោះ មានន័យថាលោកដូណាល់ ត្រាំ នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេហើយ ដែលរងការចោទប្រកាន់ពីរដ្ឋសភា ចំនួនពីរដងក្នុងពេលកាន់មុខតំណែងរយៈពេល៤ឆ្នាំ ឬមួយអាណត្តិ។

អ្នកស្រី ណាស៊ី ផេឡូស៊ី បានប្រកាសថា ប្រសិនបើព្រឹទ្ធសភា ពន្យាការបើកការជំនុំជម្រះក្ដី លើករណីលោកត្រាំ គឺក្រោយពីលោកចាកចេញពីតំណែងជាប្រធានាធិបតី គឺអ្នកស្រីនៅតែរុញអោយមានការជម្រះក្ដីរហូតមានការសម្រេចថាតើលោកត្រាំ មានកំហុស ឬទេ។

បែបណា លោកត្រាំ អស់ឱកាស កាន់តំណែង ជាប្រធានាធិបតីទី៤៥របស់អាមេរិកទៀតហើយ ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដែលនៅសល់ប៉ុន្មានថ្ងៃទៀតនេះ។ មានន័យថា ប្រជាជនអាមេរិកដែលស្ដែងឆន្ទៈរបស់ខ្លួនចេញពីការបោះឆ្នោតកាលពី ថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២០  ស្ថាប័នប្រជាធិបតេយ្យអាមេរិក  សហរដ្ឋអាមេរិកជាប្រទេសនីតិរដ្ឋដែល មិនក្លែងក្លាយ គឺ មិនបានផ្ដល់ឱកាសអោយលោកត្រាំដឹកនាំសហរដ្ឋអាមេរិក មួយលើកទៀតនោះទេ៕ 

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.