ឥណ្ឌូនេស៊ីស្វែងរកមតិរួមជម្រុញឱ្យអាស៊ានមានចំណាត់ការលើរបបរដ្ឋប្រហារនៅភូមា

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីអ្នកស្រី Retno Marsudi បានធ្វើដំណើរទៅកាន់ប្រទេសប្រ៊ុយណេ និងទៅកាន់ប្រទេសសិង្ហបុរី នៅក្នុង សប្ដាហ៍នេះ ក្នុងកិច្ចប្រឹងប្រែងការទូតមួយជួយស្ដារប្រជាធិបតេយ្យនៅ ភូមាដែលធ្លាក់ចូលក្នុងរបបរដ្ឋប្រហារកាលពីថ្ងៃទី១ កុម្ភៈ។

អ្នកស្រី Retno បានធ្វើកិច្ចចរចាស្តីពីវិបត្តិនៅភូមាជាមួយ អ្នកស្រី Erywan Yusof ដែលជាសមភាគីប៊្រុយណេ។ ប្រទេសព្រុយណេ នៅឆ្នាំនេះគឺជាប្រធានប្តូរវេននៃសមាគមអាស៊ាន ហើយសមាគមនេះក៏មានភូមាជាសមាជិកផងដែរ។

អ្នកស្រី Retno បានចេញសេចក្ដីថ្លែងការណ៍មួយដោយគូសបញ្ជាក់ថាខ្ញុំនៅតែបន្តរក្សាទំនាក់ទំនងជាមួយសមភាគីរបស់ខ្ញុំនៅអាស៊ាន និងរដ្ឋមន្រ្តីការបរទេសមកពីប្រទេសជាច្រើនរួមទាំងប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃប្រទេស ភូមា។

អ្នកស្រីបន្ដថា ប្រទេសជាច្រើនរួមទាំងប្រទេសឥណ្ឌូនេស៊ីបានលើកឡើងអំពីការព្រួយបារម្ភរបស់ខ្លួន។ ការលើកឡើងនូវកង្វល់គឺជារឿងមួយ ប៉ុន្តែថាតើឥណ្ឌូនេស៊ី និងអាស៊ានអាចធ្វើអ្វីដើម្បីជួយភូមាចេញពីស្ថានភាពអាក្រក់នេះបាន?

អ្នកស្រីបាននិយាយដូច្នេះ គឺច្បាស់ណាស់សំដៅទៅលើរដ្ឋប្រហារនៅប្រទេសភូមាកាលពីថ្ងៃទី ១ ខែកុម្ភៈ ដែលដឹកនាំដោយមេរដ្ឋប្រហារឧត្តមសេនីយ៍មីនអ៊ុងឡាំង។

ប្រទេសឥណ្ឌូនេស៊ីរួមជាមួយប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានដំបូងគេដែលបានស្នើឱ្យមានជំហានជាក់ស្តែងមួយដោយអំពាវនាវឱ្យមានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដើម្បីពិភាក្សាអំពីការធ្វើរដ្ឋប្រហារយោធាភូមានោះ។

ទាំងឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីស្ថិតក្នុងចំណោមសមាជិកស្ថាបនិកទាំង ៥ នៃប្លុកក្នុងតំបន់ដែលបានរួមគ្នាបង្កើតឡើងនៅឆ្នាំ១៩៦៧។

អ្នកស្ត្រីរ៉េតណូ បានប្រាប់អាស៊ីសេរីអន្ដរជាតិថា អ្នកស្ត្រី ជឿជាក់ថាយន្តការអាស៊ាននឹង មានប្រសិទ្ធភាព ដើម្បីជួយប្រទេសភូមា ក្នុងការដោះស្រាយស្ថានការណ៍ដ៏សែនអាក្រក់នេះ។ បើតាមអ្នកស្រី គឺក្នុងធម្មនុញ្ញស្ដីអំពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អនីតិរដ្ឋ និងសិទ្ធិមនុស្ស គឺសមាជិកអាស៊ាន មានកាតព្វកិច្ច មួយរួចទៅហើយ។

តាមការយល់ឃើញ របស់រដ្ឋមន្ត្រីរូបនេះ គឺឥណ្ឌូនេស៊ីនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយល្អបំផុតសម្រាប់ប្រជាជនភូមា និងសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថេរភាពសន្តិសុខនិងសន្តិភាពក្នុងតំបន់។

ប្រតិកម្មរបស់សមាជិកអាស៊ានចំពោះការធ្វើរដ្ឋប្រហារនៅភូមាគឺមានភាពខុសៗគ្នាគឺប្រទេសខ្លះដូចជាថៃនិងកម្ពុជាបញ្ជាក់ថាពួកគេនឹងមិនជ្រៀតជ្រែកចូលកិច្ចការរបស់ភូមាទេហើយឥណ្ឌូនេស៊ីម៉ាឡេស៊ី ហើយសឹង្ហបុរីស ម្តែងការព្រួយបារម្ភអំពីការផ្តួលរំលំអំណាចស៊ីវិលរបស់អ្នកស្រីស៊ូជីដោយពួកយោធា។

ដំបូងទីក្រុងម៉ានីលបានប្រកាន់យកពាក្យថា «ជាកិច្ចការផ្ទៃក្នុងរបស់គេ» ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរសម្ដីដោយសម្តែងការព្រួយបារម្ភអំពីរដ្ឋប្រហារយោធានៅភូមា។

អ្នកស្រី Retno រដ្ឋមន្ត្រីការបរទេស នៃប្រទេសឥណ្ឌូនេស៊ី សង្ឃឹមថា ប្រទេសប្រ៊ុយណេក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២១ នឹងបើកការប្រជុំជាក់ស្តែងជាមួយសមភាគីក្នុងតំបន់ និងមន្រ្តីយោធាភូមាដើម្បីស្តារ ប្រជាធិបតេយ្យប្រទេសភូមាឡើងវិញ ។

អ្នកស្រីបញ្ជាក់ថា ការប្រជុំមួយក្នុងចំណោមរដ្ឋមន្រ្តីការបរទេសអាស៊ាននឹងក្លាយជាឱកាសមួយសម្រាប់រដ្ឋសមាជិកអាស៊ានទាំងអស់ដើម្បីចែករំលែកការព្រួយបារម្ភនិងទស្សនៈរបស់ពួកគេដោយសារសារៈសំខាន់និងភាពបន្ទាន់ក្នុងការដោះស្រាយការវិវត្តថ្មីៗនេះ។

អ្នកស្រីបន្តពន្យល់ថា គោលបំណងសំខាន់របស់យើងគឺដើម្បីទទួលបាននូវសន្តិភាពការផ្សះផ្សារនិងដូចដែលខ្ញុំបាននិយាយដើម្បីជួយភូមាឱ្យដើរលើមាគ៌ានៃការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ។

គួរឱ្យដឹងថាប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូវីដូដូបានស្នើឱ្យមានកិច្ចប្រជុំអាស៊ានពិសេសក្នុងអំឡុងពេលលោកបើកកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មូហ៊ីឌីន យូស៊ីន នៅពេលដែលនាយករដ្ឋមន្រ្ដីរូបនោះទៅធ្វើទស្សនកិច្ចនៅហ្សាការតានៅដើមខែនេះភ្លាមៗបន្ទាប់ពីមានរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈនៅប្រទេសភូមា។

មេដឹកនាំទាំងពីរបានចាត់តាំងរដ្ឋមន្រ្តីការបរទេសរបស់ខ្លួនឱ្យទាក់ទង ទៅសមាជិកអាស៊ានផ្សេងទៀត ដែលក្រៅពីឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងភូមាគឺរួមមាន ព្រុយណេ កម្ពុជា ឡាវ ហ្វីលីពីន ថៃ សិង្ហបុរី និងវៀតណាម។

តែសម្រាប់ វៀតណាម ត្បិតជាប្រទេសសង្គមនិយម តែប្រទេសមួយនេះ ដែលជាសមាជិកនៃសមាគមអាស៊ីអាគ្នេយ៍មួយផងដែរ បាន សម្ដែងការព្រួយបារម្ភជាខ្លាំងថា ស្ថានការណ៍នយោបាយនៅប្រទេសភូមា ក្រោយពីរដ្ឋប្រហារ គឺនឹងនាំអោយអាស៊ាន ជួបប្រទះនឹងបញ្ហាអស្ថិរភាព ក្នុងតំបន់ ។

វៀតណាម បានបង្ហាញ ជំហររបស់ខ្លួនដូចនេះគឺតាមរយៈតំណាងរបស់ខ្លួន នៅឯអង្គការសហប្រជាជាតិ  ត្រូវបានមើលឃើញថា ប្រទេសសមាជិកអាស៊ានមួយ កំពុងដើរលើផ្លូវនៃប្រទេស ប្រជាធិបតេយ្យជឿន លឿន ដែល បានថ្កោលទោស របបរដ្ឋប្រហាររបស់ពួកយោធា។

ឥលូវនេះប្រជាបាតុករបានប្រមូលផ្ដុំគ្នារាប់លាននាក់នៅរដ្ឋធានីណៃពិដោ នៅយ៉ាំងហ្គោន និងនៅម៉ាន់ដាឡេគឺជាង១០ ថ្ងៃមកហើយ ។ គិតមកដល់ពេលនេះ ពួកយោធា ដែលលបឆ្មក់ចាប់ខ្លួនមនុស្សទាំងយប់ គឺបានកើនឡើងជាង៥០០នាក់ហើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.