អ្នកវិភាគាថា ច្បាប់ដែលបានអនុវត្តទាំងអយុត្តិធម៌ មិនមែនជាច្បាប់ ជាដាច់ខាត

អ្នកឃ្លាំមើលសង្គម ច្បាប់អយុត្តិធម៌មិនមែនជាច្បាប់ទេ។ ដូច្នេះ អ្នកជំនាញផ្នែកច្បាប់ត្រូវសុំឲ្យមានការបកស្រាយបទចោទប្រកាន់ឲ្យបានច្បាស់លាស់ ត្បិតក្នុងក្រមព្រហ្មទណ្ឌ ត្រូវបកស្រាយឲ្យបានហ្មត់ចត់ និងមិនអាចប្រាស់ចាកខ្លឹមសារដើមរបស់រដ្ឋធម្មនុញ្ញបានឡើយ។

អ្នកភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងដោយជំរុញឱ្យ អ្នកច្បាប់គួរតែធ្វើការសំណើសុំបកស្រាយ ពីបទចោទប្រកាន់ អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្ត បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្នុងនោះពួកគេក៏អាចលើកយកសួរផងដែរថា តើ អ្វីទៅដែលហៅថា ការបង្កភាពវឹកវរ? ព្រោះ ផ្លូវច្បាប់មិនអាចពង្រីកវិសាលភាពអនុវត្តដោយប្រើខ្លឹមសារស្រដៀងគ្នាទៅនឹងរដ្ឋធម្មនុញ្ញបានឡើយ។

លោក អះអាងនៅលើគណនីហ្វេសប៊ុកនៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២១នេះថា  ក្នុងរដ្ឋធម្មនុញ្ញ មិនបានចែងពីពាក្យ សន្តិសុខសង្គម នោះទេ ប៉ុន្តែ បានចែងពាក្យថា សន្តិសុខជាតិ និង សណ្តាប់ធ្នាប់សាធារណ:។

ដូច្នេះការ ពិនិត្យ និងបកស្រាយឲ្យបានច្បាស់លាស់ មិនគ្រាន់តែអាចរកបានយុត្តិធម៌ឲ្យជនដែលត្រូវចោទដោយអយុត្តិធម៌បានប៉ុណ្ណោះទេ គឺថែមទាំងជួយពង្រឹងច្បាប់ដែលយកទៅចោទប្រកាន់នោះ ឲ្យមានភាពយុត្តិធម៌ និងនីតិរដ្ឋឲ្យកាន់តែរឹងមាំថែមទៀត ព្រោះថា ច្បាប់ដែលប្រាស់ចាកខ្លឹមសារធម្មនុញ្ញភាព គឺជាច្បាប់អយុត្តិធម៌ទាំងស្រុង។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ក្នុងការពារកូនក្តីដែលជាប់ចោទពីបទញុះញុងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម មេធាវីមានវិជ្ជាជីវ:ត្រូវប្រើប្រាស់នីតិវិធីច្បាប់ដែលមាន ប្តឹងអធម្មនុញ្ញភាពនៃបទចោទប្រកាន់នោះ។ ជាក់ស្តែង ការទាមទារឲ្យច្បាប់ឯករាជ្យ និងយុត្តិធម៌របស់ជនជាប់ចោទដែលជាសកម្មជនបរិស្ថាន ឈ្មោះ ឈឿន ដារាវី គេមាននីតិវិធីប្តឹងអំពីអធម្មនុញ្ញភាព និងសុំឲ្យបកស្រាយបទចោទប្រកាន់ ដើម្បីទទួលបានយុត្តិធម៌ពិតប្រាកដ។

លោក ចោទជាសំណួរថា តើមនុស្សបួនដប់នាក់អាចបង្កភាពវឹកវរបានដែរ? កម្មករបាតុកម្មទាមទារតម្លើងប្រាក់ឈ្នួលរាប់ម៉ឺននាក់នៅឆ្នាំ២០១៣ ហេតុអ្វី ក៏មិនចោទប្រកាន់អ្នកណាម្នាក់ពីបទញុះញុង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមផង?

ការអះអាងនេះ ធ្វើឡើងបន្ទាប់អ្នកទោសមនសិការជាច្រើននាក់ត្រូវតុលាការក្រុងភ្នំពេញចោទប្រកាន់សកម្មជនសិទ្ធិមនុស្ស សកម្មជនយោបាយ និងសកម្មជនបរិស្ថានជាដើម ពីបទ ញុះញង់បង្ករឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងត្រូវចាប់ឃុំខ្លួននៅពន្ធនាគាររហូតមកទល់សព្វថ្ងៃនេះ។

កាលពីចុងឆ្នាំ២០២០ កន្លងទៅ អាជ្ញាធរក្រុងភ្នំពេញបានចាប់ខ្លួនក្រុមអ្នកតវ៉ាទាមទារសិទ្ធិសេរីភាពបញ្ចេញមតិនប្រមាណជិត ៣០ នាក់ហើយ ក្នុងនោះមាន ៨ នាក់ត្រូវបានដោះលែងវិញ។ ការចាប់ខ្លួនអ្នកតវ៉ាទាំង ២៨ នាក់នោះ មានលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សកម្មជនចលនាមាតាធម្មជាតិ យុវជនខ្មែរថាវរៈ និង លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ជាដើម។

បញ្ហានេះ សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងសកម្មបរិស្ថាន ជាពិសេសតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន  ត្រូវតុលាការកម្ពុជា ចោទប្រកាន់ពីបទញុះញុង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ទៅតាមនឹងមាត្រា ៤៩៤ និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក ហ៊ុន សែន ធ្លាប់អះអាង កាលពីចុង ឆ្នាំ២០២០ កន្លងទៅថា លោកនឹងចាប់ខ្លួនអ្នកទាំងឡាយណាដែលរិះគន់រដ្ឋាភិបាលរបស់លោកពាក់ព័ន្ធរឿងព្រំដែនជាមួយប្រទេសជិតខាង ពិសេសចោទថារដ្ឋាភិបាលលោកក្បត់ជាតិ។ លោក បញ្ជាក់ថា ការចាប់ខ្លួនលោក រ៉ុង ឈុន និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ថ្មីៗនេះ គឺធ្វើឡើងក្រោមការបញ្ជាររបស់លោកផ្ទាល់តែម្តង។ ក្នុងនោះលោកធ្លាប់បានរំលឹកពីការចាប់ខ្លួនលោក ហុង សុខហួ អតីតសមាជិព្រឹទ្ធសភា និងលោក អុំ សំអាន សមាជិកតំណាងរាស្ត្រអតតីគណបក្សសង្គ្រោះជាតិ ក្រោមបញ្ជារបស់លោកដោយផ្ទាល់ផងដែរ។

ទិន្នន័យអង្គការសង្គមស៊ីវិល អះអាងថា រដ្ឋាភិបាលកម្ពុជា និងបុគ្គលមានអំណាចមួយចំនួន បានប្រើប្រាស់យុទ្ធសាស្ត្របណ្ដឹងតាមផ្លូវតុលាការ ដើម្បីបំបាត់សំឡេងក្រុមអ្នករិះគន់និងបំបាក់ទឹកចិត្តក្រុមអ្នកអនុវត្តសិទ្ធិសេរីភាពមូលដ្ឋាននៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។

លើលពីនេះ គិតត្រឹមរយៈពេល១ឆ្នាំចុងក្រោយនេះ មានបណ្ដឹងផ្លូវច្បាប់ចំនួន១៣២ករណីហើយ ដែលត្រូវបានប្ដឹងដោយរដ្ឋាភិបាល តុលាការ និងអ្នកមានអំណាច ទៅលើអ្នកតវ៉ាទាមទារសិទ្ធិសេរីភាព។

មន្ត្រីជាន់ខ្ពស់អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន បានលើកឡើងក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៥ កាលពីចុង ឆ្នាំ២០២០ ថា អាជ្ញាធរកម្ពុជាគួរតែបញ្ឈប់ការប្រើប្រាស់បទបញ្ញតិ្តនៃក្រមព្រហ្មទណ្ឌមិនត្រឹមត្រូវ ក្នុងចេតនារារាំងការរិះគន់ដោយសន្តិវិធី និងការទាមទារជាសាធារណៈទៅកាន់រដ្ឋាភិបាលរបស់ខ្លួន។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានរិះគន់នូវសកម្មភាពទាំងឡាយដូចជា ការបង្ក្រាប ការចាប់ខ្លួន និងការបង្កើតឧបត្តិហេតុផ្សេងៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ថាជាការជាធ្វើទុក្ខបុកម្នេញដល់សិទ្ធិសេរីមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងកំពុងរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.