ពលរដ្ឋនៅខេត្តសៀមរាប សោកស្តាយដើមគ្រញូងក្នុងឧទ្យានអង្គរត្រូវគេកាប់

ពលរដ្ឋនៅខេត្តសៀមរាប បានសម្ដែងការសោកស្តាយ ដែលអាជ្ញាធរអប្សរាធ្វេសប្រហែសបណ្តោយឱ្យជនល្មើសលួចកាប់ដើមគ្រញូង ដ៏មានតម្លៃមួយដើមដុះ ក្នុងតំបន់ឧទ្យានអង្គរ កាលពីចុងខែមីនាកន្លងទៅ។

ពលរដ្ឋសង្ស័យថា ករណីនេះអាចមានការសមគំនិតគ្នារវាងជនល្មើស និងឆ្មាំអភិរក្ស បើកដៃឲ្យជនទុច្ចរិតមានឱកាសដើម្បីលួចកាប់ដើមឈើ។

អាជ្ញាធរអប្សរាទទួលស្គាល់ថា ពិតជាមានករណីលួចកាត់ដើមគ្រញូងទំហំ ៣តឹកកន្លះ ប្រវែងប្រហែល ៣ម៉ែត្រ ចំនួន ១ដើម ឋិតក្នុងតំបន់ឧទ្យានអង្គរ ពិតមែន។ នាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានប្រាប់សែតក្នុងស្រុកថា  ករណីនេះមិនទាន់មានតម្រុយណាមួយដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ។ 

លោកថា សមត្ថកិច្ចកំពុងស្រាវជ្រាវ រកជនល្មើស និងអ្នករួមគំនិតមកផ្ដន្ទាទោសតាមច្បាប់។ លោកបញ្ជាក់ថា សកម្មភាពលួចកាប់ដើមគ្រញូងក្នុងតំបន់អភិរក្សអង្គរធ្លាប់កើតមានជាច្រើនដងមកហើយ តែរកឃើញជនល្មើសនោះទេ។

ពលរដ្ឋខេត្តសៀមរាប បានទម្លាក់កំហុសថា ជាការទទួលខុសត្រូវរបស់អាជ្ញាធរអប្សរា ដោយហេតុថា ដើមគ្រញូងក្នុងតំបន់ឧទ្យានអង្គរ សមត្ថកិច្ចមានការការពារយ៉ាងដិតដល់ មិនគួរបណ្តែតបណ្តោយឱ្យជនល្មើសមានឱកាសលួចកាប់ដូច្នេះទេ។

ដើមគ្រញូងជាឈើប្រណីតមានតម្លៃខ្ពស់លើទីផ្សារ ហើយក្នុងមួយដើមក្រុមឈ្មួញអាចលក់បានក្នុងតម្លៃរាប់ពាន់ ឬរាប់ម៉ឺនដុល្លារឯណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.