សត្វចង្កៀលខ្យងងាប់រាប់ពាន់ក្បាលតំបន់ទេសចរណ៍បឹងស្នេហ៍ខេត្តព្រៃវែង ដោយសារឆ្លងជម្ងឺផ្តាសាយបក្សី

ពលរដ្ឋខេត្តព្រៃវែង កំពុងព្រួយបារម្ភថា នឹងបាត់បង់បក្សីក្នុងតំបន់របស់ខ្លួន នៅពេលបក្សីកម្របន្តងាប់រាប់ពាន់ក្បាលជារៀងរាល់ថ្ងៃ នៅឯតំបន់អភិរក្សបឹងស្នេហ៍ ក្នុងខេត្តនេះ។

កង្វល់របស់ពលរដ្ឋ ដែលបានលើកឡើងនេះ ក្រោយពីសត្វចង្កៀលខ្យង និងបក្សីកម្រផ្សេងទៀត រស់នៅតំបន់ការពារធម្មជាតិទួលព័ទ្ធតាឡី ហៅបឹងស្នេហ៍ បានងាប់ជាបន្តបន្ទាប់អស់ជិត ៤ពាន់ ៥រយក្បាលហើយ (៤៤៨២) គិតត្រឹមថ្ងៃទី ០៦ ខែមេសា។

អាជ្ញាធរខេត្តព្រែវែងអះអាងថា  មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តបាន  ពិនិត្យឃើញថា បក្សីទាំងនោះ ងាប់ដោយសារឆ្លងជំងឺផ្ដាសាយបក្សី H5N1។ 

លោកបន្តថា មន្ត្រីជំនាញកំពុងប្រឹងប្រឹងទប់ស្កាត់ជំងឺនេះ មិនឱ្យរាលដាលប៉ះពាល់បក្សីស្រុក និងសុខភាពពលរដ្ឋមូលដ្ឋាន។ លើសពីនេះ  មន្ត្រីជំនាញបានចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសំខាន់ៗ ដើម្បីការពារកុំឱ្យជំងឺផ្ដាសាយបក្សី (H5N1)ឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។ ចំណែកសត្វស្លាបដែលងាប់រួចត្រូវកម្ទេចចោលក្នុងតំបន់នោះ ។

តំបន់អភិរក្សបឹងស្នេហ៍ មានផ្ទៃទឹក និងដីជាង ៣ពាន់ ៥រយ ហិកតារ (៣.៥៥៧) ហើយមានដីព្រៃលិចទឹកឈ្មោះ ទួលព័ន្ធតាឡី ជាកន្លែងអភិរក្សសត្វស្លាបយ៉ាងសំខាន់ មានទំហំ ៧០ ហិកតារ។ តំបន់អភិរក្សបឹងស្នេហ៍ មានវត្តមានសត្វស្លាបជាច្រើនប្រភេទរស់នៅ  រួមមាន ចង្កៀលខ្យង  កុក ខ្វែក ទាព្រៃ និងសត្វក្អែកទឹក និងសត្វស្លាបជិតផុត

ពូជជាច្រើនប្រភេទផ្សេងទៀតសរុបជិត២លាន ក្បាល៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.