នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចបិទការធ្វើដំណើរឆ្លងខេត្ត និងរមណីយដ្ឋានទូទាំងប្រទេសទាំងស្រុង

លោក ហ៊ុន សែន បានចេញសេចក្តីសម្រេច បិទការធ្វើដំណើរឆ្លងខេត្ត និងបិទរមណីយដ្ឋានទូទាំងប្រទេសជាបណ្ដោះអាសន្នចាប់ពីម៉ោង១២យប់ថ្ងៃទី៦ ឆ្លងចូលថ្ងៃទី៧ ខែមេសា នេះតទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCovid-19។

សេចក្តីសម្រេច កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ដែលមានលក្ខណៈបន្ទាន់នេះ បានចែងអំពីការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពី ម៉ោង១២.០០នាទីយប់ ថ្ងៃទី៧ ខែមេសា រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCovid-19 ពីខេត្តមួយទៅកាន់ខេត្តមួយទៀត ដោយឡែកខេត្តកណ្តាល និងរាជធានីភ្នំពេញ មិនស្ថិតក្រោមការហាមឃាត់នេះទេ។

ប្រភពដដែលអះអាងថា ការហាមឃាត់នេះនឹងមិនអនុវត្តចំពោះមធ្យោបាយមួយចំនួន ដូចជា ការដឹកជញ្ជូនទំនិញទាំងផ្លូវគោក និងទឹក មន្ត្រីសាធារណៈទាំងស៊ីវិល និងយោធា ដែលចុះមូលដ្ឋានបំពេញការងារ រថយន្តសង្គ្រោះបន្ទាន់ទាំងរដ្ឋ និងឯកជន រថយន្តដឹកកម្មករទៅកាន់រោងចក្រ ពលរដ្ឋដែលទៅកាន់មន្ទីរពេទ្យ និងការធ្វើដំណើរក្នុងលក្ខខ័ណ្ឌចាំបាច់ផ្សេងទៀតដែលមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានចេញសេចក្តីសម្រេច កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១  ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន រយៈពេល២សប្តាហ៍ គិតពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺCovid-19 នៅក្នុងទីក្រុងភ្នំពេញ ទាំងមូល។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការផ្អាកចរាចរណ៍ទូទាំងប្រទេសក្នុងដំណាក់កាលដែលវីរុសCovid-19 កំពុងរីករាលដាលបែបនេះ គឺពិតជាមិនខុសនោះទេ ប៉ុន្តែរដ្ឋាភិបាលគួរតែជូនដំណឹងដល់សាធារណជនឲ្យបាន ១២ម៉ោង ឬ២៤ម៉ោង មុននឹងចាប់ផ្តើមអនុវត្តន៍សេចក្តីសម្រេចនេះ។

លោកបញ្ជាក់ថា ការអនុវត្តសេចក្តីសម្រេចដោយតក់ក្រហល់បែបនេះ ធ្វើឲ្យមានការលំបាកដល់ប្រជាពលរដ្ឋ ដែលពួកគេនឹងគ្មានឱកាសគ្រប់គ្រាន់ ដើម្បីរៀបចំកិច្ចការផ្ទាល់ខ្លួន ឬអាជីវកម្មរបស់ពួកគេបានចប់សព្វគ្រប់ និងទាន់ពេលវេលាដែលរដ្ឋាភិបាលបានកំណត់។

សេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា ស្ដីពីការបិទការធ្វើដំណើរឆ្លងខេត្តទូទាំងប្រទេសយ៉ាងតក់ក្រហល់នេះ បានផ្សព្វផ្សាយជាសាធារណៈមុនពេលចាប់ផ្តើមអនុវត្តត្រឹមតែ ៤ម៉ោងមុន ប៉ុណ្ណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.