មន្រ្តីសិទ្ធិមនុស្សអះអាងថា ក្នុងដំណាក់កាលវិបត្តិសកលនេះ ការអនុញ្ញាតឲ្យផ្អាកសងលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរយៈជាជម្រើសល្អ

មន្ត្រីសិទ្ធិមនុស្សក្នុងស្រុកព្រមានថា ប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ សម្រេចឲ្យអតិថិជនដែលជំពាក់បំណុលផ្អាកសងលុយក្នុងរយៈពេល ៣ខែ គឺជាដំណោះស្រាយល្អបំផុតសម្រាប់ពលរដ្ឋក្នុងស្ថានភាពដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច ដ៏យ៉ាប់យ៉ឺននេះ។

អ្នកនាំពាក្យសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការបន្ធូរបន្ថយរបស់ធនាគារ ឬមីក្រូហិរញ្ញវត្ថុចំពោះអ្នកជំពាក់ប្រាក់ដែលបានឆ្លងជំងឺCovid-19 គឺជារឿងល្អហើយ ប៉ុន្តែប្រសិនបើ គ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះជួយសម្រួល និងបន្ធូរបន្ថយបន្ទុកដល់ពលរដ្ឋទូទៅដែលកំពុងជួបការលំបាកនេះ គឺកាន់តែប្រសើរថែមទៀត។ លោកអះអាងថា ការផ្អាកឲ្យអ្នកជំពាក់សងប្រាក់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ រយៈពេល ៣ខែ គឺជាការជួយសម្រាលដ៏សមរម្យបំផុតក្នុងវិបត្តិសកលនេះ ត្បិតពលរដ្ឋមិនមែនទើបតែជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរដែលបណ្តាលមកពីព្រឹត្តិការសហគមន៍ ២០កុម្ភៈនោះទេ គឺពួកគាត់បានបាត់បង់ប្រាក់ចំណូល និងការងារ និងរងវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរតាំងពីព្រឹត្តិការសហគមន៍ ៣វិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី សមាគម មីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ដោយអះអាងថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺCovid-19 តាមរយៈការរៀបចំឥណទានឡើងវិញ ព្រមទាំងការបន្ធូរបន្ថយជាច្រើនក្នុងការរីករាលដាលនៃវិបត្តិសកលនេះ។

ប្រភពដដែល បានបញ្ជាក់ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងគ្រឹះស្ថានសមាជិកទាំងអស់ កំពុងបន្តអនុវត្តឲ្យបានពេញលេញ នូវវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍ ក្នុងការរៀបចំឥណទានឡើងវិញ ដែលបានដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា ដើម្បីធានាថា អតិថិជនរបស់ខ្លួនទទួលបានការគាំពារ និងការអនុគ្រោះក្នុងអំឡុងពេលដ៏លំបាកនេះ។

យ៉ាងនេះក្តី អង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ផ្អាកការបង់សងប្រាក់កម្ចី និងប្រាក់បង្គរ ឬប្រាក់ដែលត្រូវកត់ត្រានឹងទូទាត់នៅពេលក្រោយ ដើម្បីជួយសម្រាលប្រជាពលរដ្ឋដែលកំពុងជាប់បំណុលធនាគារក្នុងអំឡុងវិបត្តិជំងឺរាតត្បាតមួយនេះ។

ប្រភពដដែលអះអាងថា អំឡុងពេលផ្ទុះជំងឺCovid-19 ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានស្នើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ បន្ធូរបន្ថយមិនឲ្យពលរដ្ឋបង់ប្រាក់សងទៅធនាគារនោះទេ ប៉ុន្តែស្ថាប័នទាំងនោះ អនុញ្ញាតមិនឲ្យបង់ប្រាក់ដើមក្នុងរយៈពេលពី ៣ ទៅ ៦ខែក៏ប៉ុណ្ណោះ ខណៈការប្រាក់ គឺពួកគេនៅតែប្រមូលជារៀងរាល់ខែដដែល។

បញ្ហានេះ មិនមែនជាការសម្រាលទុក្ខលំបាករបស់ពលរដ្ឋនោះទេ ប៉ុន្តែវាគឺជាការដាក់បន្ទុកទៅវិញ ព្រោះការប្រាក់ដែលពួកគេបានបង់ទាំងនោះមិនបានរាប់ចូលក្នុងតារាង នៃការសងបំណុលធនាគារនោះឡើយ គឺគ្រាន់តែជាវិធីសុំពន្យារបង់ប្រាក់ដើមប៉ុណ្ណោះ។

ទិន្នន័យសង្គមស៊ីវិល បង្ហាញថា មានស្ត្រី ៧៥% ដែលបម្រើការខាងវិស័យកាត់ដេរ ទេសចរណ៍ សេវាកម្សាន្ត និងសំណង់ កំពុងរងគ្រោះយ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺនេះ លើសពីនេះ កសិករ ពលករចំណាកស្រុក សហគមន៍ក្រីក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើជំនួញ អាជីវករ និងអ្នកលក់ដូរតាមដងផ្លូវ ជាដើម ក៏កំពុងប្រឈមនឹងការបាត់បង់ប្រាក់ចំណូលយ៉ាងខ្លាំងផងដែរ ក្នុងចំណោមនោះភាគច្រើនសុទ្ធសឹងតែជាប់បំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.