សាលាដំបូងរាជធានីភ្នំពេញ ដោះលែងនគរបាលម្នាក់ ដែលបាញ់សម្លាប់ជនបែកថ្នាំកាន់កាំបិតដេញចាក់ខ្លួន ឱ្យឲ្យមានសេរីភាពវិញ

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងមន្ត្រីនគរបាលមួយរូប ឈ្មោះ ភឿន ភិរៈ ឲ្យមានសេរីភាពឡើងវិញ ក្រោយសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅតុលាការ លើសំណុំរឿងពាក់ព័ន្ធការផ្ទុះអាវុធ នៅយប់ថ្ងៃទី០៦ ខែមេសា បណ្ដាលឲ្យជនញៀនថ្នាំម្នាក់ស្លាប់ ដើម្បីការពារខ្លួន។

សេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្សព្វផ្សាយនៅល្ងាចថ្ងៃទី០៨ ខែមេសានេះ បញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលសំណុំរឿងពីមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធឈ្មោះ ភឿង ភិរៈ បានផ្ទុះអាវុធបណ្ដាលឲ្យឈ្មោះ អ៊ូ សុផារ៉ាត់ ស្លាប់នៅកន្លែងកើតហេតុ នៅមុខធនាគារ ABA តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

ក្រោយបានសាកសួរ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញា ក៏បានដោះលែងឈ្មោះ  ភឿង ភិរៈ ឲ្យមានសេរីភាពវិញ ហើយបន្តការបើកការស៊ើបអង្កេតលើករណីនេះ ជាបន្តទៀត។

មន្ត្រីនគរបាល ដែលបានបាញ់ជនរងគ្រោះដែលមានអាការៈញៀនថ្នាំ ដើម្បីការពារខ្លួន ពីការប៉ុនប៉ងចាក់ប្រហារលើឈ្មោះ ភឿន ភិរៈ អាយុ៣៦ឆ្នាំ ជាមន្រ្តីបម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាសន្តិសុខធ្វើការក្រៅម៉ោង ការពារនៅធនាគារ ABA ជាកន្លែងកើតហេតុ។

មន្ត្រីនគរបាល ដែលបានផ្ទុះអាវុធ បណ្តាលឲ្យយុវជនញៀនថ្នាំម្នាក់ស្លាប់ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញហើយនៅល្ងាចថ្ងៃនេះ ហើយករណីនេះ ក៏ទទួលបានការគាំទ្រពីសាធារណជនយ៉ាងផុលផុស ដោយពួកគេចាត់ទុកថា នេះជាភារកិច្ចដើម្បីការពារខ្លួនពីការចាក់ប្រហារ របស់ជនបង្កតែប៉ុណ្ណោះ គឺគ្មានចេតនាបាញ់ដើម្បីសម្លាប់នោះទេ ព្រោះតាំងពីកើតហេតុដំបូងមន្រ្តីនគរបាលនោះ មិនបានវាយតបត ទៅលើជនបង្ក នោះឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.