សង្គមស៊ីវិលថា កម្ពុជា គួរតែមានច្បាប់រក្សារឿងឯកជនភាពរបស់ពលរដ្ឋ

មន្ត្រីសង្គមស៊ីវិល លើកឡើងថា កម្ពុជា គួរតែមានច្បាប់លម្អិតបន្ថែមស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញដែលចែងអំពីការរក្សារឿងឯកជនភាពរបស់បុគ្គលម្នាក់ៗដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះថា ការប្រើប្រព័ន្ធ QR code របស់កម្ពុជា កន្លងមកហាក់មិនទាន់មានការបញ្ជាក់លម្អិតពីក្រសួងមានសមត្ថកិច្ចនៅឡើយទេថា តើក្រសួងនឹងរក្សាការសម្ងាត់របស់អ្នកដែលបានប្រើប្រព័ន្ធ QR Code បានកម្រិតណានោះ។

លោកបញ្ជាក់ថា រដ្ឋាភិបាលគួរតែអនុម័តច្បាប់ការពារទិន្នន័យដែលខ្លួននឹងប្រមូលយកមកគ្រប់គ្រង ការពារ ការប្រើប្រាស់ និងរក្សាទុកឲ្យស្របតាមស្តង់ដារអន្តរជាតិសម្រាប់សិទ្ធិឯកជន និងសិទ្ធិផ្សេងៗទៀត ជាងនេះទៀត ក៏ត្រូវកំណត់រយៈពេលនៃការរក្សាទុកនូវទិន្នន័យទាំងនោះឲ្យបានច្បាស់លាស់ផងដែរ។

ការអះអាងនេះធ្វើឡើង ស្របពេលដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានរិះគន់យ៉ាងខ្លាំងលើប្រព័ន្ធ QR Code របស់រដ្ឋាភិបាលកម្ពុជា ថា ជាវិធានការរំលោភលើសិទ្ធិឯកជនរបស់ពលរដ្ឋធ្ងន់ធ្ងរ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយក្រសួងសុខាភិបាល បានផ្ដួចផ្ដើមឲ្យមានប្រព័ន្ធ QR Code កាលពីចុងខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងគោលបំណងដើម្បីតាមដានចលនាភ្ញៀវតាមតំបន់នានាទូទាំងប្រទេស ដែលជាមធ្យោបាយរួមចំណែកក្នុងការទប់ស្កាត់ជំងឺ Covid-19 ថ្មី ដែលកំពុងកក្រើកឡើងវិញបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ថា ប្រព័ន្ធ QR Code របស់ប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរសម្រាប់ការរំលោភសិទ្ធិពលរដ្ឋ ពីព្រោះកម្ពុជា មិនមានច្បាប់ការពារភាពឯកជនសម្រាប់ទិន្នន័យផ្ទាល់ខ្លួននោះទេ។

ប្រភពដដែលអះអាងថា បញ្ហានេះ ជាយុទ្ធសាស្ត្រដ៏រសើបអំពីការកំណត់អត្តសញ្ញាណទីតាំង ឥរិយាបថសមាគម និងសកម្មភាពដែលរំលោភលើសិទ្ធិឯកជនភាព បន្ថែមលើការអនុវត្តតាមការឃ្លាំមើលដែលមានស្រាប់របស់រដ្ឋាភិបាលកម្ពុជា កន្លងមកទៅលើបុគ្គល ឬស្ថាប័នដែលមិនស្របនឹងខ្លួន។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតច្បាប់ស្ដីពីការការពារទិន្នន័យ និងគោលការណ៍ ណែនាំជាក់លាក់ស្ដីពីការការពារសិទ្ធិឯកជនភាព និង                  សន្តិសុខ នៃទិន្នន័យដែលប្រមូលបានដើម្បីអនុវត្តចំពោះប្រព័ន្ធ QR Code នេះ ជាបន្ទាន់។

ក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ នេះ បានអះអាង លើទំព័រ Facebook របស់ខ្លួនថា ស្ថាប័នសាធារណៈ និងឯកជនចំនួនជាង ១៥ម៉ឺននាក់ នៅទូទាំងប្រទេសបានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធ QR Code ដោយមានទីតាំងជាង ១១ លានកន្លែងត្រូវបានស្កេនដោយអ្នកប្រើប្រាស់ប្រព័ន្ធនេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.