បញ្ញវន្តខ្មែរក្រៅប្រទេសថា មហិច្ឆតាវៀតណាម ឈ្លានពានកម្ពុជា គឺនៅតែរក្សាដដែល បើទោះដូរមេដឹកនាំថ្មីក៏ដោយ

ក្រុមអ្នកតស៊ូរមតិ លើកឡើងថា ការផ្លាស់ប្ដូរ ឬមិនផ្លាស់ប្ដូរ ក្បាលម៉ាស៊ីនបក្សកុម្មុយនិស្តវៀតណាម មិនមានអ្វីល្អសម្រាប់កម្ពុជា នោះទេ ព្រោះផែនការរំលោភអធិបតេយ្យមកលើប្រទេសកម្ពុជា គឺជាគោលការណ៍រួមរបស់រដ្ឋការក្រុងហាណូយ ដូច្នេះទោះជាមេដឹកនាំវៀតណាម មួយណាឡើងកាន់អំណាច ក៏នៅតែបន្តផែនការណ៍នេះដដែល។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការឡើងកាន់តំណែងរបស់នាយករដ្ឋមន្ត្រីវៀតណាមថ្មី គឺជាសញ្ញាបង្ហាញឲ្យឃើញថា កម្ពុជា នឹងត្រូវសម្បទានថ្មីបន្ថែមទៀតតាមសំណើរបស់វៀតណាម ជាមិនខាន។

លោកអះអាងថា រាល់ពេលដែលវៀតណាមតែងតាំងមេដឹកនាំថ្មី គឺកម្ពុជា តែងតែយកអធិបតេយ្យជាតិរបស់ខ្លួនធ្វើជាកាដូជូនវៀតណាម តាមរយៈការសម្បទាននានា ដូចជា ការកែប្រែផែនទីថ្មី និងការបង្កើតសន្ធិសញ្ញាផ្សេងៗច្រើនទៀត ក្នុងការផ្តល់សិទ្ធិឲ្យវៀតណាម អាចឈ្លានពានកម្ពុជា បន្តទៀតដោយស្របច្បាប់។

ការរិះគន់នេះធ្វើឡើងបន្ទាប់ពី សភាជាតិរបស់ប្រទេសវៀតណាម បានបោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រីថ្មីជំនួសលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ដែលត្រូវបានតែងតាំងជាប្រធានាធិបតីកាលពីដើមខែមេសា ឆ្នាំ២០២១ នេះ។

សភាបក្សកុម្មុយនិស្តវៀតណាម បានបោះឆ្នោតកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ជ្រើសលោក ផាម មិញជីញ (Pham Minh Chinh) ដែលជាអតីតមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខជាតិ ធ្វើជានាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំសាធារណរដ្ឋ ប្រជាមានិតកុម្មុយនិស្តវៀតណាម បន្តទៀត។

អ្នកសង្កេតការណ៍រិះគន់ថា នាយករដ្ឋមន្ត្រីរបស់កម្ពុជា ពិតប្រាកដ គឺវៀតណាម ទៅវិញទេ ខណៈនាយករដ្ឋមន្ត្រីស្រមោលរបស់ខ្មែរ គឺជានាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្ននេះ ត្បិតរាល់ពេលផ្លាស់ប្ដូរមេដឹកនាំធំៗរបស់វៀតណាមម្តងៗ គឺលោក ហ៊ុន សែន តែងធ្វើសម្បទានព្រំដែន ឬការអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលមកកម្ពុជា រស់នៅដោយខុសច្បាប់កាន់តែច្រើនបន្ថែមទៀត។

កាលពីឆ្នាំ១៩៨២ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង កូថាច់ បាន ចុះហត្ថលេខាខុសច្បាប់កំណត់ព្រំដែនទឹកឆ្នាំ១៩៨២ និងចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋដោយខុសច្បាប់ ឆ្នាំ១៩៨៥ ជាមួយលោក ហ៊ុន សែន ដែលជារដ្ឋមន្ត្រីការបរទេសនាពេលនោះ។

ជាងនេះទៀត កាលពីឆ្នាំ២០០៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាន វ៉ាន់ខាយ បានសហការជាមួយ ប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន ចុះហត្ថលេខាទទួលស្គាល់ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយខុសច្បាប់ ដែលផ្ទុយទៅនឹងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទាំងស្រុង។

មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក ង្វៀន ស៊ុនហ្វុក ជានាយករដ្ឋមន្ត្រីវៀតណាម នៅពេលនោះ បានទាមទារឲ្យលោក ហ៊ុន សែន ចុះហត្ថលេខា ខុសច្បាប់លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ មួយទៀត ដើម្បីបញ្ជាក់ពីសុពលភាពកិច្ចព្រមព្រៀងខុសច្បាប់នានារវាងកម្ពុជា-វៀតណាម កន្លងមក ដែលបានមោឃភាពដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ថា នៅតែមានសុពលភាពសម្រាប់ប្រទេសទាំងពីរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះ ស្ដីពី ខ្លឹមសារជំនួបតាមទូរស័ព្ទ រវាងនាយករដ្ឋមន្ត្រីថ្មី របស់វៀតណាម លោក ផាម ម៉ិញជិញ និងលោក ហ៊ុន សែន ថា កម្ពុជា-វៀតណាម នឹងធ្វើកិច្ចសហលប្រតិបត្តិការ គ្រប់ជ្រុងជ្រោយឲ្យកាន់តែខ្លាំងបន្ថែមទៀត ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.