ក្រុមអ្នកតស៊ូមតិថា ការសុំសិទ្ធិនយបាយរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអាចមានការត្រូវរ៉ូវគ្នា រវាង ហ៊ុន សែន និងសម រង្ស៊ី ជាសំងាត់

បញ្ញវន្តខ្មែរក្រៅស្រុក អះអាង ការសុំសិទ្ធិនយោបាយរបស់ លោក ថាច់ សេដ្ឋា តំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិភាគីលោក សមរង្ស៊ី អាចបណ្តាលមកពីភាពទ័លច្រក កត្តាសេដ្ឋកិច្ច និង អាចនឹងមានការត្រូវរ៉ូវគ្នាណាមួយពីភាគីលោក សម រង្ស៊ី និងលោក ហ៊ុន សែន។

អនុប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក អ៊ាប គឹមសេង បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ឆាកនយោបាយរបស់លោក សម រង្ស៊ី និងលោក ហ៊ុន សែន បានដល់ផ្លូវទ័លច្រករៀងៗខ្លួន ព្រោះថាលោក សម រង្ស៊ី នៅក្រៅក៏គ្មានយុទ្ធសាស្ត្រណាដែលអាចឲ្យខ្លួនវិលចូលឆាកនយោបាយវិញបាន ខណៈលោក ហ៊ុន សែន ក៏ចង់បានភាពធូរស្រាលពីសម្ពាធខ្លះរបស់អន្តរជាតិ ដូចជាសហគមន៍ អឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។

ចំណែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានអះអាងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើយោបាយស្របតាមច្បាប់ដែលបានចែង ប៉ុន្តែបញ្ហាគឺនៅត្រង់ថា បើពួកគេបានសិទ្ធិនេះហើយ ថាតើពួកគេនឹងធ្វើនយោបាយដោយរបៀបណាប៉ុណ្ណោះ។

លោក អះអាងថា បើពួកគេយកសិទ្ធិដែលអនុញាតិដោយច្បាប់នោះទៅធ្វើនយោបាយគ្រាន់តែដើម្បីបម្រើនយោបាយ របស់គណបក្សកាន់ អំណាច ជាថ្នូរនឹងប្រយោជនន៍ផ្ទាល់ខ្លួន នោះនឹងមិនមានប្រយោជន៍សម្រាប់ជាតិមាតុភូមិទេ ហើយថែមទាំងបំផ្លាញជាតិរឹតតែខ្លាំងទៅទៀត។

ការអះអាងនេះធ្វើឡើបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ថាច់ សេដ្ឋា ត្រូវបានព្រះមហាក្សត្រផ្តល់នីតិសម្បទានយោបាយឡើងវិញនៅថ្ងៃចន្ទនេះ។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ដល់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក ថាច់ សេដ្ឋា ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំតាំងពីឆ្នាំ២០២១៧មក។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ តុលាការកំពូលក្រុងភ្នំពេញបានចេញដីការំលាយគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងនោះក៏បានហាមឃាត់សិទ្ធិនយោបាយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ផងដែរ។

គិតត្រឹមខែមេសា ឆ្នាំ២០២១ នេះ មានមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ចំនួន១៥រូបហើយ ដែលត្រូវបានព្រះមហាក្សត្រ ផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងនោះរួមមាន អ្នកស្រី លី ស្រីវីណា លោក អ៊ូ ច័ន្ទរ័ត្ន លោក សុន ឆ័យ លោក ជីវ កត្តា និងមនុស្សជាច្រើនទៀត ហើយ ចុងក្រោយនេះគឺលោក ថាច់ សេដ្ឋា តែម្តង។

អតីតមន្ត្រីបក្សប្រឆាំងដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញមួយចំនួន បាននាំគ្នាទៅបង្កើតបក្សថ្មីផ្សេងៗ គ្នា ក្នុងនោះមាន លោក ជីវ កត្តា លោក កង គឹម ហាក់ បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ  លោក គង់ មូនីកា លោក គង់ គាំ បង្កើតគណបក្សឆន្ទៈខ្មែរ  លោក រៀល ខេមរិន្ទ បង្កើតគណបក្សខ្មែរអភិរក្ស និងលោក អ៊ូ ចន្ទរ័ត្ន បង្កើតគណបក្ស កែទម្រង់កម្ពុជា ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.