សង្គមស៊ីវិល និងអ្នកវិភាគថា អ្នកមានអំណាចជាអ្នកទទួលផលធំពីដីជាង ៣ពាន់ហិកតារដែលសុំកាត់ចេញតំបន់ការពារខេត្តមណ្ឌលគិរី

មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគ លើកឡើងថា ឧកញ៉ា និងអ្នកមានអំណាចធំៗ គឺជាអ្នកដែលទទួលបានប្រយោជន៍ធំ ពីដីធ្លីជាង ៣ពាន់ហិកតារ ដែលអាជ្ញាធរខេត្តមណ្ឌលគិរី ស្នើសុំកាត់ចេញពីដែន ជម្រកសត្វព្រៃណាំលៀរ កាលពីពេលកន្លងមកនោះ គឺផលទាំងនោះមិនបានមកដល់ពលរដ្ឋក្នុងតំបន់ឡើយ។

អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានចេញលិខិតចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សុំកាត់ឆ្វៀលដីទំហំជាង ៣ពាន់ហិកតារ ចេញពីតំបន់ដែនជម្រកសត្វព្រៃណាំលៀរ ដើម្បីរៀបចំតំបន់សេដ្ឋកិច្ចពិសេសជាប់ព្រំដែន វៀតណាម និងដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលច្រកទ្វារព្រំដែនថ្មី។

យោងតាមលិខិតមួយច្បាប់របស់អភិបាលខេត្តមណ្ឌលគិរី ដែលទើបត្រូវបានចែកចាយជាសាធារណៈកាលពីថ្មីៗនេះ បានឱ្យដឹងថា ការស្នើសុំកាត់ឆ្កៀលដីទំហំជាង ៣ពាន់ហិកតារ ដើម្បីរៀបចំជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសជាប់ព្រំដែន មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិ ពូលុ (វ៉ាល់យោង) ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លិខិតដដែលអះអាងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ អាជ្ញាធរខេត្តសុំឱ្យគោរពតាមការស្នើសុំគោលការណ៍ ក្រោមហេតុផលថា ដើម្បីគ្រប់គ្រង រក្សាការពារផ្ទៃដីទំហំ ជាង ៣ពាន់ហិកតារ ឱ្យបានគង់វង្សចៀសវាងបាត់បង់ ដោយសារការរំលោភបំពានកាប់ទន្ទ្រានរុករានហ៊ុមព័ទ្ធយកដីព្រៃធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនអនាធិបតេយ្យដោយខុសច្បាប់។

អ្នកប្រឹក្សាបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា លើកឡើងថា រដ្ឋាភិបាលកំពុងចូលរួមឱ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារ បើសិនជារដ្ឋាភិបាលយល់ព្រមឱ្យអាជ្ញាធរកាត់ដីធ្លី ក្នុងដែនជម្រកជាង ៣ហិកតារនោះ។ 

លោកបន្តថា សំណើសុំកាត់កន្លងមក និងបច្ចុប្បន្ន អ្នកដែលទទួលបានផលប្រយោជន៍ដ៏ច្រើនលើសលប់នោះ គឺអ្នកមានលុយមានអំណាច ចំណែកពលរដ្ឋនៅក្នុងសហគមន៍នោះ គឺមិនបានផលប្រយោជន៍ ឬទទួលបានដីនោះឡើយ។

មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើងថា រដ្ឋាភិបាលគួររក្សាទុកដែនជម្រកសត្វព្រៃណាំលៀរ ហើយធ្វើការរៀបចំជាតំបន់ទេសចរណ៍បែបធម្មជាតិ ដើម្បីទាក់ទាញទេសចរណ៍ ព្រោះបានចំណេញថវិកាចូលជាតិ ហើយជួយលើកម្ពស់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្តមណ្ឌលគិរី។

លោកសង្កេតឃើញថា ការអភិវឌ្ឍ និងការផ្ដល់ដីសម្បទានដី កន្លងមក អ្នកដែលទទួលបានផលប្រយោជន៍ពី  គឺឧកញ៉ា  និងអ្នកមានអំណាច ប៉ុន្តែសម្រាប់ពលរដ្ឋវិញ លោកថា មិនបានទទួលផលប្រយោជន៍អ្វីឡើយ។ ក្រៅពីទាមទារឱ្យរក្សាទុកដែនជម្រកសត្វព្រៃណាំលៀរ លោកចង់ ឱ្យរដ្ឋាភិបាលស៊ើបអង្កេតហេតុផលនៅពីក្រោយសំណើសុំកាត់ដីជាង ៣ហិកតារនេះផងដែរ។

ចំណែកឯអ្នកវិភាគនយោបាយលោក គឹម សុខ ក៏បានលើកឡើងថា ការស្នើសុំកាត់ដីទំហំធំរហូតទៅដល់ជាង ៣ពាន់ហិកតារ ដោយភ្ជាប់ពាក្យអភិវឌ្ឍន៍ និងការរៀបចំរដ្ឋបាលច្រកព្រំដែនថ្មីនេះ គ្រាន់តែជាលេសបន្ថែមនៃបិទបាំង ផលប្រយោជន៍របស់អាជ្ញាធរ និងអ្នកមានអំណាចខ្នងក្រាស តែប៉ុណ្ណោះ ។

លោកចាត់ទុកការដូរទីតាំងស្ថាប័នជាតិ និងល្បិចអភិវឌ្ឍន៍នេះ ជាឧបាយកល ដែលពួកអ្នកដឹកនាំស្ថាប័ន ខេត្ត ក្រុងនានា តែងតែប្រើ ដើម្បីប្រមូលដីជាតិ និងទ្រព្យសម្បត្តិរបស់ជាតិលក់ដើម្បីយកលុយសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

លោក គឹម សុខ បង្ហាញចម្ងល់ថា ដីជាង ៣ពាន់ហិកតារនោះ នៅជាប់ព្រំដែនវៀតណាម ប៉ុន្តែហេតុអ្វីបានជាភាគីវៀតណាម យល់ព្រមងាយៗម្ល៉េះ ក្នុងការដូរប៉ុស្ដិ៍ ពីដ៏ទីតាំងច្រកចាស់ ទៅកាន់កន្លែងថ្មី? ហើយតើវាអាចមានការគប់គិតគ្នារបៀបណា រវាងអាជ្ញាធរខេត្តមណ្ឌលគិរី និងអាជ្ញាធរវៀតណាម ឬទេ?។

ម្យ៉ាងវិញទៀតលោកថា  តើក្រុមហ៊ុនពីប្រទេសណា ដែលមានសិទ្ធិគ្រប់គ្រង និងអភិវឌ្ឍនៅទីតាំងទាំងនោះ? លោកបង្ហាញក្ដីបារម្ភថា ប្រសិនបើក្រុមហ៊ុន ដែលទទួលបានសិទ្ធិគ្រប់គ្រង និងអភិវឌ្ឍជាក្រុមហ៊ុន វៀតណាម ទៀតនោះ វាពិតជានាំឲ្យអន្តរាយដល់ទឹកដីខ្មែរ ព្រោះដីជាង ៣ពាន់ហិកតារនោះនៅជាប់វៀតណាម។ ដែនជម្រកសត្វព្រៃណាំលៀរ ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាដែនជម្រកសត្វព្រៃកាលពីឆ្នាំ២០១៦ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដែលមានផ្ទៃដីជាង ២ម៉ឺនហិកតារ (២១.៩៣៣) មានទីតាំងជាប់នឹងព្រំដែនប្រទេសវៀតណាម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.