ប្រធានបក្សឆាំងថា ក្នុងនាមជាជនខ្មែរដូចគ្នាត្រូវតែ ចេះអត់ឱនឲ្យគ្នាទៅវិញទៅមក

មេដឹកនាំបក្សសង្គ្រោះជាតិ អះអាងថា ក្នុងនាមជាជនខ្មែរដូចគ្នាត្រូវតែ ចេះអត់ឱនឲ្យគ្នា ជាពិសេសត្រូវចេះសាមគ្គីគ្នា រវាងខ្មែរ និងខ្មែរ ដោយមិនមែនចេះតែបំបែកបំបាក់ខ្មែរ ដើម្បីមហិច្ឆិតារៀងៗខ្លួននោះទេ។

ប្រធានបក្សប្រឆាំងដែលកំពុងរឹតត្បិតសេរីភាពលោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះថា អ្វីៗត្រូវតែចាប់ផ្តើមចេញពីការផ្សះផ្សារវាង ខ្មែរ និង ខ្មែរ ដូចជាការស្គាល់សុខទុក្ខរបស់ពលរដ្ឋ ការចេះស្រឡាញ់រាប់អានគ្នា និងចេះចូលរួមជួយគ្នាក្នុងគ្រាលំបាក ជាដើម។

លោក អះអាងថា កម្ពុជាគឺជាប្រទេសដែលតូច ប្រជាពលរដ្ឋក្រីក្រ ពេលជួបវិបត្តិម្តងៗ ពិតជាត្រូវការជំនួយជាសម្ភារៈ ថវិកា និង បច្ចេកទេស ពីសហគមន៍អន្តរជាតិ ដូចដែលកម្ពុជាធ្លាប់បានទទួលកន្លងមក។ ដូច្នេះ កម្ពុជាមិនត្រូវអស់សង្ឃឹម មិនត្រូវបោះបង់ ឬ ទាត់ចោលនូវជំនួយ ដ៏ស្មោះត្រង់ពីមិត្ត ដែលជាប្រទេសលោកសេរី នោះទេ។

លោក បញ្ជាក់ថា ស្ថិតក្នុងស្ថានភាពកម្ពុជាកំពុងជួបប្រទះនូវបញ្ហានានា ជាពិសេស ការរីករាលដាលនៃជំងឺកូវីដ១៩ ជារៀងរាល់ខែ លោកតែងតែជួបសួរសុខទុក្ខ ផ្តល់ជំនួយមនុស្សធម៌ខ្លះៗតាមលទ្ធភាពដែលអាចធ្វើបាន ចំពោះជនរួមជាតិខ្មែរដោយផ្ទាល់ នៅតាមបណ្តាខេត្តនានា។

លោកបញ្ជាក់ថា ទោះកម្ពុជាកំពុងរងនូវវិបត្តិជំងឺឆ្លងសកលនេះក្តី ប៉ុន្តែ លោកតែងជួបជាមួយឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តរបស់កម្ពុជាមួយចំនួន ដើម្បីពិភាក្សា ប្តូរទស្សនៈគ្នា ព្រមទាំងស្នើសុំឲ្យប្រទេសជាមិត្ត ទាំងនោះបន្តជួយដល់ពលរដ្ឋខ្មែរឲ្យបានកាន់តែច្រើនថែមទៀត ផងដែរ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា នៅឯគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារ នេះ។

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ប្រធានគណបក្សប្រឆាំងនៅកម្ពុជា លោក កឹម សុខា បានជួបជាមួយ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា អ្នកស្រី Carmen Moreno នៅឯគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ ដែលបានពិភាក្សាលើ កិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា និង សហភាពអឺរ៉ុប ក្នុងរយៈពេលកន្លងមក ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ទាក់ទិននឹងបញ្ហានេះ កាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា លោក ប៉ាប់ប្លូ កាំង បានអះអាងថា លោកនឹងបន្តធ្វើការតស៊ូមតិ ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព លើស្ថានការណ៍បច្ចុប្បន្នរបស់ប្រធានបក្សប្រឆាំង លោក កឹម សុខា។

លោក បញ្ជាក់ថា អូស្រ្តាលីនៅតែបន្តព្យាយាមតស៊ូមតិ ដើម្បីឱ្យមានការផ្សះផ្សានយោបាយ និងចលនាឆ្ពោះទៅមុខ នៅក្នុងលទ្ធិប្រជាធិបតេយ្យដែលអាចទទួលបានជាមួយនឹងការខិតខំប្រឹងប្រែង នៅកម្ពុជា។

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានចៅប្រកាន់ពីបទ ក្បត់ជាតិ និងត្រូវសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម។

រហូតមកទល់នឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ក៏ត្រូវបានផ្ទេរការឃុំខ្លួនពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកឃុំឃាំងនៅគេហដ្ឋានរបស់លោកវិញនៅក្រោមហេតុផលសុខភាពមិនប្រក្រតី។

យ៉ាងណាក៏ដោយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញបានចេញដីកា កែប្រែលក្ខខណ្ឌ នៃការឃុំខ្លួនលោកសារជាថ្មី។ លក្ខខណ្ឌថ្មីនេះ តុលាការបានផ្តល់សេរីភាពដល់លោកច្រើនជាងមុន ប៉ុន្តែស្ថិតក្រោមការត្រូតពិនិត្យរបស់តុលាការដដែល ពិសេសតុលាការហាមមិនឱ្យលោកធ្វើសកម្មភាពនយោបាយ និងមិនត្រូវចេញទៅក្រៅប្រទេសជាដាច់ខាត។ ជុំវិញការចោទប្រកាន់នេះ លោក កឹម សុខា នៅតែមានភាពស្អាតស្អំ ព្រោះលោកមិនទាន់ត្រូវបានតុលាការកាត់ទោសពីបទល្មើសណាមួយនៅឡើយទេ ស្របពេលតុលាការប្រកាសផ្អាកសវនាការរបស់លោកតាំងពីខែមីនាឆ្នាំ២០២០ ក្រោមហេតុផល ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.