បក្សក្រៅរដ្ឋាភិបាលថា ក្រៅពីការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម រដ្ឋាភិបាលត្រូវផ្ដោតការចាក់វ៉ាក់សាំងដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា វិធានការរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុសCovid-19  នៅតំបន់ក្រហម ជាផែនការល្អហើយ ប៉ុន្តែរដ្ឋាភិបាលគួរពិចារណាចាក់ថ្នាំបង្ការទាំងនោះទៅតាមទីផ្សារ ក្នុងរាជធានី តាមបណ្តាខេត្ត និងតាមរោងចក្រនានា ឲ្យបានកាន់តែលឿនតាមដែលអាចធ្វើទៅបាន។

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា កម្ពុជា ត្រូវធ្វើផែន ២យ៉ាង ក្នុងការផ្តល់វ៉ាក់សាំងទប់ស្កាត់ការឆ្លងវីរុសCovid-19 នេះ គឺត្រូវធ្វើឡើងដើម្បីសម្រេចភាពស៊ាំក្នុងសហគមន៍ផង និងត្រូវផ្ដោតលើការចាក់វ៉ាក់សាំងដើម្បីកាត់បន្ថយការឆ្លង ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួនផង។

លោកអះអាងថា ក្រោយពីស្រោចវ៉ាក់សាំងនៅតំបន់ក្រហមរួចរាល់ វ៉ាក់សាំងប្រឆាំងវីរុសCovid-19 នេះ ត្រូវតែស្រោចលើ អាជីវករ កម្មករនិយោជិត ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តទាំងអស់ ឲ្យបានទាន់ពេលវេលា ព្រោះថា ទីផ្សារលក់ដូរ និងរោងចក្រ ជាកន្លែងដែលមានហានិភ័យខ្ពស់បំផុតក្នុងការចម្លង ហើយក៏ជាកន្លែងសំខាន់បំផុតសម្រាប់សេដ្ឋកិច្ចរបស់ពលរដ្ឋ ផងដែរ។

លើសពីនេះ ត្រូវផ្ដោតទៅលើ តំបន់ទេសចរណ៍នានា ដូចជា ខេត្តសៀមរាប ជាដើម ដើម្បីត្រៀមទទួលទេសចរណ៍ឡើងវិញក្រោយវិបត្តិសកលនេះផុតរលត់ទៅ។

លោក បញ្ជាក់ថា មកទល់នឹងពេលនេះ កម្ពុជា គួរមានផែនការ សិក្សាតាមដានវាយតម្លៃ លើប្រសិទ្ធភាពវ៉ាក់សាំង ប្រឆាំងវីរុសCovid-19  ក្នុងចំណោមអ្នកដែលបានចាក់រួចរាល់កន្លងមក គឺវ៉ាក់សាំងស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង អាស្ត្រាសេណការរបស់អង់គ្លេស ដើម្បីធ្វើការប្រៀបធៀបកម្រឹត ប្រសិទ្ធភាព និងឥទ្ធិពលរបស់វា។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី វ៉ាក់សាំងប្រឆាំងវីរុសCovid-19 ស៊ីណូវ៉ាក់ បានទៅដល់កម្ពុជា ចំនួន ៥០ម៉ឺនដូស បន្ថែមទៀតនៅថ្ងៃទី១១ ខែឧសភា នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីចិននាពេលកន្លងមក។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋាលេខាធិការនៃក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ បានប្រាប់ក្រុមអ្នកសារព័តមាននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពេលទទួលវ៉ាក់សាំងទាំងនោះថា វ៉ាក់សាំងចំនួន ៥០ម៉ឺនដូសនេះ គឺត្រូវតែសម្រុកទៅស្រោចឲ្យបានលឿននៅក្នុងតំបន់ក្រហម ដើម្បីទប់ស្កាត់ការចម្លងវីរុសCovid-19 ឲ្យបានកាន់តែឆាប់។

អ្នកស្រីអះអាងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ខាងមុខ កម្ពុជា នឹងទទួលបបានវ៉ាក់សាំងបន្ថែម ៥០ម៉ឺនដូស ទៀតពីប្រទេសចិន។ លើសពីនេះ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ដដែល វ៉ាក់សាំងចំនួន ១លានដូសពីដែលរដ្ឋាភិបាលបានបញ្ជាទិញកន្លងមកនោះ នឹងទៅដល់កម្ពុជាផងដែរ ដូច្នេះកម្ពុជា នឹងមានវ៉ាក់សាំងគ្រប់គ្រប់គ្រាន់ដើម្បីស្រោចទៅលើតំបន់ក្រហម និងតំបន់ដែលមានហានិភ័យខ្ពស់ ផ្សេងទៀត ជាពិសេស រាជធានីភ្នំពេញ និងខេត្តកណ្តាល តែម្តង។

អ្នកស្រី យក់សម្បត្តិ បញ្ជាក់ថា រដ្ឋាភិបាលបានបញ្ជាទិញទៅក្រុមហ៊ុនស៊ីណូវ៉ាក់ កាលពីថ្ងៃទី១០ ខែឧសភា ម្សិលមិញ ចំនួន ៥លានដូសបន្ថែមទៀតហើយ។ អ្នកស្រីថា មកទល់នឹងពេលនេះ កម្ពុជា ត្រូវការវ៉ាក់សាំងប្រឆាំងវីរុសCovid-19 ចំនួន ២៦លានដូស ដើម្បីចាក់ជូនពលរដ្ឋ និងមន្ត្រីរាជការ ចំនួន១៣លាននាក់។

គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ រហូតមកខែឧសភា ឆ្នាំ២០២១ នេះ កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លាន ៥សែនដូសហើយ ក្នុងនោះរួមមាន វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយចិន មានចំនួន ១លាន ៧សែនដូស វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីចិន មានចំនួន ២លាន ៥សែនដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកាជាជំនួយពីមជ្ឈមណ្ឌលកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក មានចំនួនជាង ៣២ម៉ឺនដូស ផងដែរ។

ជុំវិញបញ្ហានេះ របាយការណ៍ក្រសួងសុខាភិបាល បានអះអាងថា គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ មានពលរដ្ឋក្នុងតំបន់ក្រហមជាង ៤០ម៉ឺននាក់ហើយដែលបានទទួលវ៉ាក់សាំងប្រឆាំងវីរុស Covid-19 រួចរាល់។ ដោយឡែកពលរដ្ឋកម្ពុជាដែលបានចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួនប្រមាណជាង ១លាន ៨សែននាក់ ផងដែរ។

ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ បានអះអាងថា ក្រសួងបានរកឃើញអ្នកវិជ្ជាមានវីរុសCovid-19 ថ្មីចំនួន ៤៨០នាក់ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន ៣៥០នាក់ និងអ្នកស្លាប់ថ្មីមានចំនួន៥នាក់។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុសCovid-19 សរុបបានកើនឡើងដល់ជាង ២ម៉ឺននាក់ហើយ រីឯអ្នកជាសះស្បើយសរុបមានចំនួនជាង ៨ពាន់នាក់ ហើយអ្នកស្លាប់បានកើនឡើងចំនួន ១៣១នាក់៕

និង អ្នកស្លាប់បានកើនឡើងដល់ ១៣១នាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.