សង្គមស៊ីវិលថា ការសំណូមពររបស់រដ្ឋាភិបាលទៅកាន់ម្ចាស់ផ្ទះ ជួលឲ្យបន្ធូរបន្ថយថ្លៃឈ្នួលគឺជានយោបាយបែបប្រជាភិថុតិ

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស រិះគន់ថា ការសំណូមពររបស់រដ្ឋាភិបាលទៅកាន់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់ជួលឲ្យបន្ធូរបន្ថយថ្លៃឈ្នួល ទំនងដូចជាការយកចិត្តទុកនឹងពលរដ្ឋ ប៉ុន្តែនោះ គឺគ្រាន់តែជានយោបាយបែបប្រជាភិថុតិតែប៉ុណ្ណោះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើទៅកាន់ម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់ជួលក្នុងតំបន់បិទខ្ទប់ឲ្យបញ្ចុះថ្លៃឈ្នួល ឬផ្អាកយកថ្លៃឈ្នួលចំពោះកម្មករនិយោជិតក្នុងពេលដ៏លំបាកនេះ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះថា ដើម្បីកុំឲ្យម្ចាស់ផ្ទះជួល និងម្ចាស់បន្ទប់ជួលពិបាក ក្នុងការបន្ថយថ្លៃឈ្នួល ឬផ្អាកយកថ្លៃឈ្នួល លុះត្រាតែ                        រដ្ឋាភិបាលជំរុញឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្អាកទារបំណុលពីម្ចាស់ផ្ទះជួលទាំងនោះដែរ។

លោកអះអាងថា ការបន្ធូរបន្ថយទារបំណុលពីម្ចាស់ផ្ទះជួល ឬម្ចាស់បន្ទប់ជួលទាំងនោះ គឺជាសេណារេយោមួយដែលអាចជំរុញឲ្យមានការបន្ធូរបន្ថយតាមលំដាប់ ព្រោះថា ម្ចាស់ផ្ទះជួលខ្លះ បានទៅខ្ចីលុយពីធនាគារមកសាងសង់ ដោយរំពឹងថា នឹងបានប្រាក់ចំណូលពីថ្លៃឈ្នួលទាំងនោះយកទៅសងធនាគារវិញ។

លើសពីនេះ រដ្ឋាភិបាលខ្លួនឯងក្រោយពីស្នើឲ្យមានការបន្ធូរបន្ថយជាបន្តបន្ទាប់ហើយនោះ ត្រូវផ្អាកយកពន្ធពីម្ចាស់ផ្ទះជួល ឬម្ចាស់បន្ទប់ជួលទាំងនោះថែមទៀត នោះទើបអាចបន្ធូរបន្ថយបន្ទុកទាំងអស់គ្នា ទាំងម្ចាស់ផ្ទះជួល ឬម្ចាស់បន្ទប់ និងកម្មករ។

លោកបញ្ជាក់ថា អ្វីដែលសំខាន់បំផុតនោះ គឺរដ្ឋាភិបាលត្រូវតែអនុម័តកញ្ចប់ថវិកាជាក់លាក់ក្នុងផែនការជួយស្ដារសេដ្ឋកិច្ចកម្មករនិយោជិតទាំងនោះតាមរយៈ នៃការផ្តល់ស្បៀងអាហារឲ្យបានគ្រប់គ្រាន់ និងគ្រប់ៗគ្នា ចំពោះកម្មករដែលខ្វះខាតធ្ងន់ធ្ងរ និងផ្តល់ថវិកាដើម្បីឲ្យពួកគេអាចទប់ទល់ទៅនឹងតម្រូវការចាំបាច់ផ្សេងៗ ដូចជា ការទិញថ្នាំព្យាបាលជំងឺជាដើម។

ជុំវិញការលើកឡើងនេះ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុន សែន បានអំពាវនាវ ទៅដល់ម្ចាស់ផ្ទះជួលក្នុងតំបន់បិទខ្ទប់សូមឲ្យមានការយោគយល់ដល់កម្មករ និយោជិត ដោយការបន្ធូរបន្ថយថ្លៃឈ្នួលផ្ទះ ឬផ្អាកយកឈ្នួលផ្ទះ ក្នុងរយៈពេលណាមួយដើម្បីជួយកម្មករក្នុងពេលដ៏លំបាកនេះ។

លោក ក៏បានអំពាវនាវ ដល់អាជ្ញាធរអគ្គិសនី និងរដ្ឋាករទឹកកម្ពុជា ផងដែរ ឲ្យជួយសម្រួលដល់និយោជិតកម្មករទាំងអស់ ក្នុងតំបន់បិទខ្ទប់ឲ្យពន្យារពេលនៃការទូទាត់ប្រាក់ថ្លៃទឹក ថ្លៃភ្លើង ព្រោះថា ពួកគេមិនទាន់បានបើកប្រាក់ខែពីថៅកែរោងចក្រនៅឡើយទេ។

ទាក់ទិននឹងបញ្ហានេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះថា កម្មករនិយោជិតមានសិទ្ធិស្នើសុំបន្ធូរបន្ថយថ្លៃឈ្នួល ប៉ុន្តែ ម្ចាស់ផ្ទះជួល ឬម្ចាស់បន្ទប់ជួល ក៏មានសិទ្ធិយល់ព្រម ឬមិនយល់ព្រមតាមការស្នើសុំនេះដែរ។

ទោះជាបែបនេះក្តី លោក បញ្ជាក់ថា ក្រោមការសម្របសម្រួលរបស់រដ្ឋបាលរាជធានីភ្នំពេញ ភាគីទាំងសងខាង បានយល់ព្រមក្នុងកម្រិតមួយដែលអាចទទួលយកបានទាំងអស់គ្នា ក្នុងនោះ កម្មករបានសុំបញ្ចុះថ្លៃឈ្នួលក្នុង១បន្ទប់ ៥០ដុល្លារ ប៉ុន្តែម្ចាស់ផ្ទះជួល បានបញ្ចុះថ្លៃឈ្នួលជូនកម្មករទាំងនោះបានត្រឹមតែ ២០ដុល្លារ ប៉ុណ្ណោះក្នុង ១បន្ទប់។

ពលរដ្ឋរស់នៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ បានរួមគ្នាតវ៉ាកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឲ្យមានការបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃផ្ទះជួល ដោយបាននាំគ្នាធ្វើញត្តិផ្ដិតមេដៃប្រមាណ ១០០នាក់ ស្នើទៅម្ចាស់ផ្ទះជួល ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជាងនេះទៀត ពលរដ្ឋរាប់សិបនាក់ដែលរស់នៅតាមបណ្ដោយផ្លូវវេងស្រង ក៏បានផ្ទុះការតវ៉ាទាមទារឱ្យមានដំណោះស្រាយពាក់ព័ន្ធនឹងករណីបង់ថ្លៃផ្ទះជួលនេះដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.