28 C
Phnom Penh

ភាគ​១០៖ តើ​ឧកញ៉ា​ណា​មាន​មាន​រហស្សនាម​ថា អ្នក​រុករក​គាស់​រាន​បើក​ឃ្លាំង​ប្រាក់?

បទវិភាគ

ងារ​ជា​ឧកញ៉ា​ដែល​ព្រះមហាក្សត្រ​បាន​ប្រទាន​ដល់​ពាណិជ្ជករ ឈ្មួញ នាយទុន ហើយ​ក្លាយ​ជា​អ្នក​រកស៊ី​ខុសច្បាប់ ធ្វើ​ឲ្យ​ខូច​តម្លៃ កិត្តិយស ងារ​ដ៏បវរ​នេះ​ក្នុង​វប្បធម៌​ប្រពៃណី​ខ្មែរ។

តើ​មាន​ឧកញ៉ា​ណា​ខ្លះ​ជិតស្និទ្ធ​នឹង​គ្រួសារ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​រួចផុត​ពី​ជម្លោះ​ដីធ្លី?

ស្ថានទូត ស.រ.អា បាន​សរសេរ​សេចក្តី​រាយការណ៍​បញ្ជូន​តាម​សារ​ទូរលេខ​ទៅ​ក្រសួង​ការបរទេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន និយាយ​អំពី​សេដ្ឋី​ស្រុក​ខ្មែរ ១០​រូប ហើយ​ដាក់​រហស្សនាម​ផ្សេងៗ​ឲ្យ​ទៀត​ផង។

សេចក្តី​រាយការណ៍​នោះ ត្រូវ​អង្គការ​ឈ្មោះ Wikileaks ទម្លាយ​ចេញ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០០៧។ យើង​បាន​ផ្សាយ​ជូន​ជ្រាប​អំពី​សេដ្ឋី សេដ្ឋិនី មាន​ងារ​ឧកញ៉ា ដែល​ជា​គោរមងារ​ដ៏​ឧត្តម​ប្រសើរ​ក្នុង​ភាសាខ្មែរ​ភ្ជាប់​នឹង​ឈ្មោះ​មនុស្ស​មាន​កេរ្តិ៍​ល្អ​ប្រពៃ​ល្បីល្បាញ​ខាង​កិច្ចការ​ជាតិ​និយម និង​ស្មារតី​ស្នេហា​ជាតិ ប្រទាន​ដោយ​ព្រះមហាក្សត្រ ព្រះអង្គ​សព្វព្រះទ័យ​ដោយសារតែ​គុណ​បំណាច់​ចំពោះ​ជាតិ​មាតុភូមិ។ យើង​ពិនិត្យ​មើល​ពាក្យ​ឧកញ៉ា​ជា​ថ្មី​ម្តង​ទៀត មុន​នឹង​ជូន​ភាគ​ទី​១០ ជា​ភាគ​បញ្ចប់។

ក្នុង​សង្គម​ខ្មែរ​សម័យ​បុរាណ ព្រះរាជា​ប្រទាន​ងារ​ឧកញ៉ា​ដល់​ពលរដ្ឋ​ក្រៅ​រាជវង្ស​ពីរ​បី​នាក់​ប៉ុណ្ណោះ ហើយ​ក្នុង​រយៈ​កាល​ដាច់​ឆ្ងាយ​ពី​គ្នា មិនមែន​ប្រទាន​ឲ្យ​មនុស្ស​រាល់​ឆ្នាំ​នោះ​ឡើយ។ ឧកញ៉ា​ជា​ងារ​សំដៅ​ដល់ “អ្នក​ចេះ​ត្រួតត្រា​មុខការ​ក្នុង​ក្រសួង ឬ​នាទី​របស់​ខ្លួន” (មកពី​ពាក្យ​ខ្មែរ ឧក ឬ អុក ប្រែ​ថា “ត្រួតត្រា​លើ​ពេញ​អំណាច ឥត​កោត​ញញើត” + នឹង​ពាក្យ​បាលី ញា ប្រែ​ថា “ដឹង; ចេះ; ស្គាល់”)។ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​មានន័យ​ថា អ្នក​មាន​អំណាច ចេះដឹង ត្រួតត្រា​ពេញ​លើ​មុខការ​មុខ​នាទី​ក្រសួង​របស់​ខ្លួន​ដោយ​ឥត​កោតញញើត។ ព្រះរាជា​ខ្មែរ​ជឿ​ទុក​ព្រះទ័យ​កក់ក្តៅ​នឹង​ឧកញ៉ា ព្រោះ​ជា​មន្ត្រី​ជំនិត​ថ្នាក់​ខ្ពស់ ជា​ទីប្រឹក្សា​មាន​ភក្ដីភាព ការពារ​រាជបល្ល័ង្ក បម្រើ​ប្រយោជន៍​ជាតិ និង​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ស្រឡាញ់​ក្សត្រ មិន​ក្បត់​ស្តេច​ផែនដី។ ឧកញ៉ា​សម័យ​ដើម ជួយ​ព្រះមហាក្សត្រ​ខ្មែរ​រក​វិធី​កល​ឧបាយ​ទប់ទល់​នឹង​បច្ចាមិត្ត​បរទេស​ដែល​ប៉ុនប៉ង​លុកលុយ​ទន្រ្ទាន​ឈ្លានពាន​ត្រួតត្រា​កាន់កាប់​លេប​ទឹកដី ព្រមទាំង​ទាមទារ​ទឹកដី​បាត់បង់​ពី​គ្រា​មុន​មកវិញ។ ទី​ឧកញ៉ា​ជា​ឋានន្តរស័ក្តិ​ខ្ពស់​ជាង​ទី​ព្រះ ដែល​មាន​ស័ក្តិ ៦​ហ៊ូពាន់ ពោល​គឺ​ឋានៈ​មេ​ត្រួត​ពល​ចំនួន ៦​ពាន់​នាក់។

ងារ​ឧកញ៉ា​សម័យ​បច្ចុប្បន្ន គេ​កាត់ថ្លៃ​ពី ១០ – ១៣ ដល់ ១៥​ម៉ឺន​ដុល្លារ​ក្នុង​ទសវត្ស​១៩៩០ ហើយ​ក្នុង​ទសវត្ស​២០០០ ជាង​នេះ តម្លៃ​ឧកញ៉ា​កើន​ឡើង​តាម​អតិផរណា ឬ​ទំនិញ​សព្វសារពើ​ឡើង​ថ្លៃ​ដល់​ទៅ ៥០​ម៉ឺន​ដុល្លារ តាម​ការប្រកាស​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខែ​មេសា ឆ្នាំ​២០១៧។ គេ​មិន​ទាន់​ដឹង​ថា តើ​ការ​ដំឡើង​ថ្លៃ​ងារ​ឧកញ៉ា ជា​វិធី​បន្ទច់បង្អាក់​អ្នក​ប៉ុនប៉ង​ស្វែងរក​ងារ​ឧកញ៉ា​កាន់តែ​ច្រើន​អនេក​នោះ ឬ​យ៉ាង​ណា​ទេ។ បើ​ការ​ដំឡើង​ថ្លៃ​នេះ​ជា​វិធី​កាត់បន្ថយ​ចំនួន​ឧកញ៉ា ដែល​មាន​ប្រមាណ ១​ពាន់​នាក់​ទៅ​ហើយ​នោះ វា​គ្រាន់តែ​ជា​ការ​ដោះស្រាយ​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ។ បើ​ងារ​ឧកញ៉ា ជា​វិធី​រកលុយ​រក​ចំណូល​ឲ្យ​ស្ថាប័ន​ណាមួយ​នោះ​វិញ ងារ​នេះ​ទៅ​ថ្ងៃ​មុខ នឹង​ចុះ​ថ្លៃ​វិញ​បើ​គ្មាន​អ្នក​ណា​ចង់​បាន។

ទោះជាយ៉ាងណាក៏ដោយ ឧកញ៉ា​ទាំង​បី​ថ្នាក់​ពី​ធំ​មក​តូច គឺ​លោក​អ្នកឧកញ៉ា អ្នកឧកញ៉ា និង​ឧកញ៉ា ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រទាន​ដល់​នាយទុន ពាណិជ្ជករ អាជីវករ ឈ្មួញ​រកស៊ី​គ្រប់​វិស័យ​ក្នុង​សេដ្ឋកិច្ច​ជាតិ តាម​សំណើ​នាយករដ្ឋមន្ត្រី​បាន​ដោយសារ​ប្រើ​លុយ​ទិញ​ជា​របៀប​វិភាគទាន​សប្បុរស​ឲ្យ​វិស័យ​អ្វី​មួយ មាន​សាលារៀន មន្ទីរពេទ្យ​ជាដើម។ គេ​ចាត់ទុក​វិភាគទាន​សប្បុរស​នោះ​ជា​គុណសម្បត្តិ​របស់​បុគ្គល​ក្នុង​ការ​កសាង​ជាតិ រួច​ហើយ​ឧកញ៉ា​ទាំងអស់​នោះ​ប្រើ​ឥទ្ធិពល​ឧកញ៉ា និង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នក​មាន​អំណាច​ទៅ​រកស៊ី​បំពាន​ច្បាប់ ដូចជា​ឧកញ៉ា ទ្រី ភាព ជាដើម។ ឧកញ៉ា ទ្រី ភាព បាន​ងារ​ឧកញ៉ា​លំដាប់​ទី​១៨៤ តាមរយៈ​ព្រះរាជក្រឹត្យ​លេខ​០៨០៤/២១៤ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០០៤។

ឧកញ៉ា​ទី​១០ ក្នុង​សេចក្តី​រាយការណ៍​ពី​ស្ថានទូត ស.រ.អា មាន​រហស្សនាម​ថា អ្នក​រុករក គាស់​រាន​បើក​ឃ្លាំង​ប្រាក់ (banking pioneer) គឺ​ឧកញ៉ា ពុង ឃាវសែ ឬ ពុង ឃាងសែ។ តាម​ប្រភព​ផ្សាយ​ក្នុង​អ៊ីនធឺណិត​ខ្លះ​ថា លោក ពុង ឃាវសែ រត់​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ទសវត្ស​១៩៧០ ទៅ​រស់នៅ​ក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា មាន​ឈ្មោះ​ថា ពុង សុវណ្ណ។

ប្រភព​ខ្លះ​ទៀត​ថា លោក​ជា​បងប្អូន​នឹង​វេជ្ជបណ្ឌិត ពុង ឈីវកិក ឬ ឈីវហ្គិច ជា​កូនចៅ​របស់​លោក ពុង ប៉េងចេង អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​ក្រសួង​ឃោសនាការ នា​សម័យ​សង្គមរាស្ត្រនិយម ពី​ឆ្នាំ​១៩៥៧ ដល់​ឆ្នាំ​១៩៥៨ ហើយ​ភរិយា​របស់​លោក គឺ​អ្នកស្រី តុង ស៊ីវអេង ក្លាយ​ជា​គ្រូបង្រៀន​រាជបុត្រា​បុត្រី និង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​ព្រះនរោត្តម សីហនុ។ ទោះ​ជា​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ដ៏​យូរលង់​យ៉ាងណា​ក្តី ដើម​ទសវត្ស​១៩៩០ សម្តេច​ព្រះនរោត្តម សីហនុ មាន​បន្ទូល​រិះគន់​លោក ពុង ប៉េងចេង យ៉ាង​ធ្ងន់ៗ​ដោយ​ចោទ​ថា រដ្ឋការ​ក្រុង​ហាណូយ បញ្ជូន​លោក​ឲ្យ​ទៅ​តាមដាន​ព្រះអង្គ ថា​តើ​ព្រះអង្គ​សព្វព្រះទ័យ​អ្វី​ខ្លះ។ ក្នុង​ទសវត្ស​១៩៨០ ព្រះអង្គ​កំពុង​ចូលរួម​តស៊ូ​រំដោះ​ជាតិ​ពី​កងទ័ព​រដ្ឋការ​ក្រុង​ហាណូយ ជាមួយ​ភាគី​ខ្មែរ​ក្រហម និង​ភាគី​លោក សឺន សាន ហើយ​លោក ពុង ប៉េងចេង ចង់​ឲ្យ​លោក ហ៊ុន សែន ជួប​ជាមួយ​សម្តេច​ព្រះនរោត្តម សីហនុ ក្នុង​ទិសដៅ​ចាកចេញ​ពី​រដ្ឋាភិបាល​ត្រីភាគី។

តាម​ប្រភព Wikipedia អំពី​ត្រកូល​ចៅ​ចិន ឬ​ខ្មែរ​កាត់​ចិន​នៅ​ស្រុក​ខ្មែរ ឧកញ៉ា ពុង ឃាវសែ កើត​ឆ្នាំ​១៩៤៦ នៅ​ក្រុង​ភ្នំពេញ ឧកញ៉ា ឡាវ ម៉េងឃិន និង​ឧកញ៉ា យ៉ាង ជីឆៀវ កើត​ក្នុង​ត្រកូល​ចិន ទៀវ ជៀវ (Teochew) ដែល​ពូកែ​ខាង​រកស៊ី​បើក​ហាង​ចាប់ហួយ បើក​ហាង​លក់ថ្នាំ បណ្ដាក់​ទុន​ឲ្យ​លុយ​ខ្ចី ជំនួញ​ខាង​អាហរ័ណ នីហរ័ណ ឃ្លាំង​ស្តុក​ទំនិញ ដើរ​លក់​ប្រដាប់ប្រដា​កំប៉ិច​កំប៉ុក​តាមផ្លូវ និង​នេសាទ​ត្រី។

គួរ​កត់សម្គាល់​ថា នៅ​ស្រុក​ខ្មែរ ក្រៅពី​ចិន ទៀវ ជៀវ មាន៖

  • ចិន កន់តាំង (Cantonese) ដែល​មាន​ទម្លាប់​ពូកែ​រកស៊ី​ខាង​ដឹកជញ្ជូន ពាណិជ្ជកម្ម​ខាង​សំណង់ ជាង​ម៉ាស៊ីន និង​ជាងឈើ ជាងដែក មាស ប្រាក់ រ៉ែ ផលិត​ឥដ្ឋ។
  • ចិន​ហៃណាន់ (Hainanese) មាន​ឧកញ៉ា ហាន់ ឃៀង លី យ៉ុងផាត់ ភូ កុកអាន និង ស៊ី គុងទ្រីវ មាន​ទម្លាប់​ពូកែ​រកស៊ី​ខាង​បើក​សណ្ឋាគារ ភោជនីយដ្ឋាន ជាង​កាត់ដេរ​ខោអាវ ផលិត​ថ្នាំ​បុរាណ​ចិនសែ។
  • ចិន​ហុកគាន (Hokkien) ភាគច្រើន​ជា​អ្នក​ជំនួញ ដឹក​ទំនិញ​នាំចូល​នាំចេញ ធនាគារ​ដាក់​លុយ ក្រុមហ៊ុន​ធានា​រ៉ាប់រង រោងចក្រ​ផលិតកម្ម​វាយនភណ្ឌ និង​សំណង់។
  • ចិន​ហាក់កា (Hakka) ភាគច្រើន​និយម​ធ្វើ​កសិកម្ម​ដាំ​ម្រេច ធ្វើ​ល័ក្ត​ជ្រលក់ វ៉ែនតា ហាង​បញ្ចាំ ថ្នាំ​បុរាណ។

លោក ពុង ឃាវសែ វិល​ទៅ​រកស៊ី​ស្រុក​ខ្មែរ​វិញ​នៅ​ឆ្នាំ​១៩៩១ ផ្តើម​បើក​មុខរបរ​ជាមួយ​ដៃគូ​មាន​ទំនាក់ទំនង​ជាមួយ​ធនាគារ​ជាតិ​កម្ពុជា ដែល​ជា​កន្លែង​បញ្ចេញ​លុយ​ដើមទុន។ លោក​បើក​ធនាគារ​ឈ្មោះ​ថា កាណាឌីយ៉ា ជាមួយ​នឹង​ដើមទុន​កន្លះ​លាន​ដុល្លារ ដោយ​មាន​បុគ្គលិក​ចំនួន​ប្រមាណ ១៥​នាក់។ បច្ចុប្បន្ន​នេះ ឧកញ៉ា ពុង ឃាវសែ មាន​ទ្រព្យសម្បត្តិ​ក្នុង​មុខរបរ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ មាន​បុគ្គលិក​ជាង ១​ម៉ឺន ៥​ពាន់​នាក់ មាន​សាខា​ធនាគារ​រាប់​សិប​នៅ​ទូទាំង​ប្រទេស។

ក្រៅពី​របរ​ធនាគារ ប្រវត្តិ​ជិតស្និទ្ធ​រវាង​ត្រកូល ពុង និង​ត្រកូល ហ៊ុន នៃ​គ្រួសារ​លោក ហ៊ុន សែន ផ្តល់​ឱកាស​ឲ្យ​ឧកញ៉ា ពុង ឃាវសែ ពង្រីក​ពាណិជ្ជកម្ម​ទៅ​ខាង​សំណង់ អចលនទ្រព្យ ដីធ្លី និង​អគារ សង់​ស្ពាន និង​បុរី​កោះពេជ្រ វាតទី​កាន់កាប់​ផ្ទៃដី​ក្បែរៗ​ក្រុង​ភ្នំពេញ​ក្នុង​នាម​អភិវឌ្ឍ ដូចជា​ដី​ធ្វើ​បុរី​រណប​នៅ​ជ្រោយចង្វារ ដី​សង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ក្នុង​ខេត្ត​កណ្តាល ជាមួយ​ក្រុមហ៊ុន​ចិន មាន​សណ្ឋាគារ​ឈ្មោះ Independence Beach Resort នៅ​ក្រុង​ព្រះសីហនុ។ ក្រៅពី​ទទួល​មេដាយ​ថ្នាក់​មហាសេរីវឌ្ឍនៈ​ពី​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នៅ​ឆ្នាំ​២០០២ លោក​ជា​ទីប្រឹក្សា​នាយករដ្ឋមន្ត្រី ជា​សមាជិក​សភា​ពាណិជ្ជកម្ម ជា​ប្រធាន​សមាគម​ខ្មែរ-ចិន ជំនួស​ឧកញ៉ា ដួង ឈីវ ជា​ប្រធាន​ក្រុមហ៊ុន ក្រុម​អភិបាល​ធនាគារ កាណាឌីយ៉ា ហូលឌិង ធនាគារ​ប្រៃសនីយ៍ ជាមួយ​ដៃគូ​ហ៊ុន​ឈ្មោះ យ៉េវ ហុងពីង ឱក បូរ៉ា នេវ ប៉ូគាត គាន សុវណ្ណ តេវ ម៉េងប៉ូហ្វីលីប រស់ ភិរុណ បណ្ឌិត ពុង ខេរ៉ូឡាយន៍ (Carolyne Pung) ក្រុមហ៊ុន Oriental Ship Supplies, Oriental Commercial Inc, អតីត​ប្រធាន​សមាគម​ធនាគារ​កម្ពុជា (Association of Banks in Cambodia) ជា​ប្រធាន​សមាគម ម្ចាស់​សំណង់​កម្ពុជា (Cambodia Constructors Association) និង​ដៃគូ​ហ៊ុន​ក្នុង​សាជីវកម្ម​វិនិយោគទុន​កម្ពុជា​ឯ​នាយ​សមុទ្រ Overseas Cambodian Investment Corporation (OCIC)។

ក្រុមហ៊ុន​នេះ​មានរឿង​ជាមួយ​ប្រជាពលរដ្ឋ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ព្រោះតែ​ទទួល​ផែនការ​សង់​អាកាសយានដ្ឋាន​អន្តរជាតិ និង​បុរី​អាកាសយានដ្ឋាន​លើ​ផ្ទៃដី​ទំហំ ២៦០០​ហិកតារ លាតសន្ធឹង​ចូល​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ពោល​គឺ​ធំ​ជាង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឬ​ពោធិ៍ចិនតុង​ជាង ៦​ដង។ ក្នុង​ចំនួន​ទឹកប្រាក់​សរុប​ចំនួន ១៥០០​លាន​ដុល្លារ ដើម្បី​សង់​អាកាសយានដ្ឋាន​អន្តរជាតិ​ទំនើប​មួយ​ទៀត​នេះ សាជីវកម្ម​វិនិយោគទុន​កម្ពុជា​ឯ​នាយ​សមុទ្រ Overseas Cambodian Investment Corporation (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ឬ ពុង សុវណ្ណ និង​ដៃគូ​ដាក់​ទុន​ចំនួន ២៨០​លាន​ដុល្លារ។

គម្រោង​សំណង់​នេះ ក្រុមហ៊ុន​ចិន​បី​ដេញ​ថ្លៃ​បាន។ មាន​ឈ្មួញ​ដើរ​ទិញ​ដី​ពី​ប្រជាកសិករ​តម្លៃ​មួយ​ហិកតារ​ប្រមាណ ២៥០​ដុល្លារ។ ក្រោយ​ដឹង​ថា​មាន​ផែនការ​សង់​វាលយន្តហោះ​ថ្មី ដី​ឡើង​ថ្លៃ​មួយ​ហិកតារ​ពី ១០​ម៉ឺន​ទៅ ២០​ម៉ឺន​ដុល្លារ។ ប្រជាពលរដ្ឋ​គិត​ថា​ចាញ់​បោក​ឈ្មួញ​រកស៊ី​ទុច្ចរិត។ ឧកញ៉ា សៀង ចាន់ហេង ប្រកាស​ថា​ដី​ទាំងនោះ​ជា​ដី​របស់​ខ្លួន។ ឥឡូវ​នេះ ក្រុមហ៊ុន​របស់​ឧកញ៉ា គេ​ប្រើ​កម្លាំង​សន្តិសុខ​ប្រដាប់​អាវុធ​មាន​កងរាជ​អាវុធហត្ថ ជាដើម ដើរ​គំរាម​ប្រជារាស្ត្រ​ប្រមាណ ៣០០​គ្រួសារ។ វិវាទ​ដីធ្លី​មួយ​កន្លែង​ទៀត​ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា ពុង ឃាវសែ កើតឡើង​នៅ​ខណ្ឌ​ជ្រោយចង្វារ ទំហំ​ជិត ៤០០​ហិកតារ ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​ជិត ៤០០​គ្រួសារ។ សាជីវកម្ម​វិនិយោគទុន​កម្ពុជា​ឯ​នាយ​សមុទ្រ Overseas Cambodian Investment Corporation (OCIC) មាន​គម្រោង​ស្ថាបនា​បុរី ឬ​ទីក្រុង​រណប ដោយ​ចំណាយ​ទុន ១៦០០​លាន​ដុល្លារ។ ក្រុមហ៊ុន​នេះ​ចង់​ចំណាយ​បង់ខាត​ឲ្យ​ប្រជាពលរដ្ឋ ១​ម៉ែត្រ​ការ៉េ ១៥​ដុល្លារ ប៉ុន្តែ​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ ៤០០​ដុល្លារ​ក្នុង ១​ម៉ែត្រ​ការ៉េ។ ក្រុមហ៊ុន​ប្រើ​កម្លាំង​សន្តិសុខ​ប្រមាណ ៥០​នាក់​ការពារ​ទីតាំង​របស់​ខ្លួន ដើម្បី​បន្ត​ការ​ឈូស​ឆាយ​សង់​ក្រុង​ថ្មី។ រាជរដ្ឋាភិបាល​លោក ហ៊ុន សែន ដោះស្រាយ​រឿង​ហ្នឹង​មិន​ចេញ​តាំងពី​ឆ្នាំ​២០១៦ មក។ ពលរដ្ឋ​បាន​តវ៉ា​នៅ​សាលាក្រុង ប៉ុន្តែ​មិន​បាន​ស្វែងរក​ស្ថានទូត​បរទេស​ជួយ​ធ្វើ​អន្តរាគមន៍​ឡើយ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ឈ្មោះ Overseas Cambodian Investment Corporation (OCIC) នេះ មាន​អ្នក​គ្រប់គ្រង​មួយ​ចំនួន​ជា​ជនបរទេស មាន​សញ្ជាតិ​កាណាដា អឺរ៉ុប អូស្ត្រាលី សិង្ហបុរី និង​វៀតណាម។ សមាសភាព និង​មុខ​នាទី​ក្នុង​ក្រុមហ៊ុន​នេះ​មាន​ដូច​តទៅ៖

  1. ពុង សុវណ្ណ ជា​ប្រធាន​ក្រុម​អភិបាល និង​ជា​នាយក​គ្រប់គ្រង
  2. លឹម សុផានី ជា​នាយិកា
  3. លឹម ណារី ជា​នាយិកា
  4. លឹម លីណា ជា​នាយិកា
  5. ពុង វ៉ី ជា​នាយក

លឹម សុផានី គ្រប់គ្រង​ក្រុមហ៊ុន​ជាច្រើន​ទៀត​មាន​ឋានៈ​ជា​ប្រធាន និង​ជា​នាយិកា ដូចជា៖

  1. HOLDINGS CO., LTD (Cambodia, 4 Nov 2013- )
  2. CHINA SUI TAI ROCK FACTORY CO., LTD.
  3. SHOPPING CENTER SORYA CO., LTD (Cambodia, 21 Apr 2003- )
  4. SANDARA INDUSTRY & DEVELOPMENT COMPANY LTD
  5. CANADIA BANK PLC. (Cambodia, 16 Dec 2003- )
  6. OLYMPIA CITY HOTEL CO., LTD. (Cambodia, 27 Feb 2019- )
  7. OVERSEAS CAMBODIAN INVESTMENT CORPORATION LTD (Cambodia, 29 May 2013- )
  8. DARA AIRPORT HOTEL CO., LTD (Cambodia, 13 Aug 2012- )
  9. GOLDEN HOMELAND INVESTMENT HOLDINGS CO., LTD
  10. CANAMALL CO., LTD (Cambodia, 2 Jun 2015- )
  11. DIAMOND ISLAND DEVELOPMENT COMPANY LTD (Cambodia, 27)
  12. CANADIA INVESTMENT HOLDING PLC. (Cambodia, 31 Jan 2007- )
  13. DARA INSURANCE PLC. (Cambodia, 10 Jul 2018- )

សមាគម​ក្រុម​អ្នកកាសែត​ស៊ើប​អង្កេត​អន្តរជាតិ (International Consortium of Investigative Journalists=ICIJ) រក​ឃើញ​សំណុំ​ឯកសារ​រកស៊ី​លាក់​លុយ​នៅ​ក្រៅ​ស្រុក ហៅថា​ឯកសារ​ប៉ាណាម៉ា ដែល​មាន​អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ តែ​ចុះ​ឈ្មោះ​បង្កើត​ក្រុមហ៊ុន​សម្បក​ក្រៅ​នៅ​កោះ British Virgin Islands, Cayman Islands, Bahamas អ្នកស្រី លឹម សុផានី មាន​ឈ្មោះ​ដាក់​ទុន​ក្នុង​ក្រុមហ៊ុន​ក្រៅ​ស្រុក​ឈ្មោះ King Fortress Investment Limited។

សប្តាហ៍​ក្រោយ យើង​នឹង​ផ្សាយ​ជូន​ជ្រាប​អំពី​ឈ្មោះ​អ្នក​មាន​លុយ​លាក់​ទុក​នៅ​ក្រៅ​ប្រទេស​ចំនួន​ជិត ៤០​នាក់ ទាំង​ខ្មែរ ទាំង​បរទេស ដែល​បន្លំ​ឈ្មោះ តែ​ដាក់​អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស