31 C
Phnom Penh

បទវិភាគ៖ តើ​នរណា​សម្លាប់​លោក​បណ្ឌិត កែម ឡី?

បទវិភាគ

ចម្លើយ​ចំពោះ​សំណួរ​ថា តើ​នរណា​ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី នៅតែ​គ្មាន​ពន្លឺ និង​នៅតែ​ជា​ចម្ងល់​សម្រាប់​មហាជន​ទូទៅ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ។ ប្រសិន​សំណួរ​នេះ​នៅតែ​គ្មាន​ចម្លើយ តើ​ភស្តុតាង​អ្វី​ខ្លះ​ដែល​មហាជន​អាច​ធ្វើ​ការ​វិនិច្ឆ័យ និង​ធ្វើ​ការ​វិភាគ​ថា នរណា​ជា​អ្នក​នៅ​ពីក្រោយ​អំពី​ឃាតកម្ម​ដ៏​ល្បីល្បាញ​មួយ​នេះ?

មនុស្ស​ជាច្រើន​បាន​ដាក់​ការសង្ស័យ​លើ​ក្រុម​អ្នក​មាន​អំណាច​នៅ​កម្ពុជា ថា​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ឃាតកម្ម​ខ្នាត​ធំ​ដ៏​កក្រើក​មួយ​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ស្ថានទូត ឬ​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​ចាត់ទុក​ថា​ជា​អំពើ​ហិង្សា​នយោបាយ ឬ​ជា​ឃាតកម្ម​ក្នុង​ហេតុផល​នយោបាយ។

អំពើ​ឃាតកម្ម ឬ​អំពើ​ហិង្សា​នយោបាយ ធ្វើ​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម ឬ​រដ្ឋាភិបាល​ណាមួយ ឬ​របស់​គណបក្ស​នយោបាយ​ណាមួយ ដើម្បី​ផលប្រយោជន៍​នយោបាយ​របស់​ពួកគេ។

តើ​ក្រុម ឬ​បក្ស ឬ​រដ្ឋាភិបាល​ណា​នៅ​កម្ពុជា​ដែល​មាន​លទ្ធភាព អំណាច និង​ផលប្រយោជន៍​ក្នុង​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី?

បណ្ឌិត កែម ឡី គឺជា​អ្នក​ស្រាវជ្រាវ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​កម្ពុជា។ លើស​ពី​នេះ លោក​បណ្ឌិត កែម ឡី គឺជា​មនុស្ស​ដែល​ហ៊ាន​និយាយ​ការពិត និង​មិន​សំចៃ​មាត់ បើ​ទោះបី​លោក​ដឹង​ថា​ជីវិត​របស់​លោក​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដោយសារតែ​ការ​ធ្វើ​ដូច្នោះ​ក៏ដោយ។

លោក​បណ្ឌិត កែម ឡី មិន​ត្រឹមតែ​ដឹង​ថា ជីវិត​កំពុងតែ​ស្ថិត​ក្នុង​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ តែ​លោក​ដឹង​ថា ក្រុម​អ្នក​កាន់​អំណាច​នឹង​បង្កើត​គ្រោះថ្នាក់​ចំពោះ​ជីវិត​របស់​លោក។

ឧទាហរណ៍ មុន​គេ​សម្លាប់ បណ្ឌិត កែម ឡី ធ្លាប់​មាន​ប្រសាសន៍​ថា លោក​មិន​ដែល​គិត​ថា​លោក​មាន​ជីវិត​ទេ​នៅ​ពេល​ដែល​ធ្វើ​ការវិភាគ​ម្តងៗ​ក្នុង​សង្គម​ដែល​សម្បូរ​ទៅ​ដោយ​ពស់វែក​ច្រើន ឆ្លាម​ច្រើន និង​សត្វ​សហាវ​ដទៃ​ទៀត។ ចំណុច​នេះ​អាច​ជា​ការ​សំដៅ​ដល់​ក្រុម​អ្នក​មាន​អំណាច​ដែល​លោក​បណ្ឌិត កែម ឡី ហៅ​ថា​សត្វ​សាហាវ។ ដូច្នេះ គេ​អាច​សន្និដ្ឋាន​ថា លោក​បណ្ឌិត កែម ឡី ប្រហែល​បាន​ដឹង​ជា​មុន​ថា ក្រុម​អ្នក​កាន់​អំណាច​មាន​បំណង​យក​ជីវិត​របស់​លោក។

រូបថត​បណ្ឌិត កែម ឡី

អ្នក​សង្កេតការណ៍​សង្គម និង​ពលរដ្ឋ​ខ្មែរ​ជាច្រើន​តែងតែ​ចាត់ទុក​អ្វី​ដែល​បណ្ឌិត កែម ឡី បាន​ធ្វើ គឺ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ក្រុម ឬ​គណបក្ស​កាន់​អំណាច។ ដោយសារតែ​ខ្មែរ​ជាច្រើន​បាន​គិត​បែប​នោះ ទើប​គេ​តែងតែ​បារម្ភ​អំពី​សុវត្ថិភាព​របស់​បណ្ឌិត កែម ឡី។ ដូច្នេះ វា​មាន​ន័យ​ថា គេ​យល់​ថា​អ្នក​ដែល​អាច​បង្កើត​គ្រោះថ្នាក់​ចំពោះ​បណ្ឌិត កែម ឡី គឺ​មាន​តែ​ក្រុម ឬ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

បើ​គេ​ពិនិត្យ​មើល​អំពី​លទ្ធភាព​អ្នក​ដែល​មាន​អំណាច​ខ្លាំង​អាច​បង្ក​ព្យុះភ្លៀង​នៅ​កម្ពុជា​បាន គឺ​មាន​តែ​ក្រុម ឬ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន មួយ​ប៉ុណ្ណោះ។ ជាមួយ​គ្នា​នេះ ក្រុម ឬ​គណបក្ស​ដែល​ប៉ះពាល់​ផលប្រយោជន៍​ខ្លាំង​ដោយសារតែ​ការស្រាវជ្រាវ និង​ហ៊ាន​និយាយ​ការពិត​របស់​បណ្ឌិត កែម ឡី គឺ​ក្រុម ឬ​គណបក្ស​របស់​លោក ហ៊ុន សែន។

ដូច្នេះ ការ​បារម្ភ​របស់​អ្នក​ស្រឡាញ់​បណ្ឌិត កែម ឡី ដែល​ខ្លាច​ក្រុម​អ្នក​កាន់​អំណាច​ធ្វើ​ទុក្ខបុកម្នេញ ឬ​សម្លាប់​គាត់​នោះ គឺជា​រឿង​ដែល​អាច​ប្រាកដ​និយម​ច្រើន។

ក្រៅពី​នេះ ការស្រាវជ្រាវ និង​លាតត្រដាង​របស់​បណ្ឌិត កែម ឡី បាន​ប៉ះទង្គិច​ខ្លាំង​ដល់​ផលប្រយោជន៍​របស់​ក្រុម​អ្នក​កាន់​អំណាច​ថែមទៀត។ ដូច្នេះ​មាន​ន័យ​ថា ការ​សម្លាប់​បំបិទ​មាត់​បណ្ឌិត កែម ឡី អាច​មាន​ប្រយោជន៍​ខ្លាំង​ដល់​ក្រុម​ដែល​ប៉ះពាល់​ផលប្រយោជន៍​ទាំងនោះ។

ប្រសិនបើ​ការ​អះអាង​របស់​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ និង​ស្ថានទូត ឬ​រដ្ឋាភិបាល​បរទេស​នានា​ដែល​ថា ការ​សម្លាប់​បណ្ឌិត កែម ឡី គឺជា​អំពើ​ហិង្សា ឬ​ជា​ឃាតកម្ម​នយោបាយ​ជា​ការពិត​មែន នោះ​គេ​អាច​សន្និដ្ឋាន​បាន​ថា ក្រុម ឬ​គណបក្ស​កាន់​អំណាច​អាច​ជា​ក្រុម​ដែល​ទទួល​បាន​ផលប្រយោជន៍​នយោបាយ​ច្រើន​ជាង​គេ​ក្នុង​ការ​បំបាត់​បណ្ឌិត កែម ឡី។

លោក ផៃ ស៊ីផាន បាន​ផ្តល់​កិច្ចសម្ភាសន៍​ដល់​សារព័ត៌មាន Al Jazeera ដោយ​បន្ត​សម្ដី​របស់​លោក ហ៊ុន សែន ថា ក្រុម​ប្រឆាំង​បាន​សម្លាប់​បណ្ឌិត កែម ឡី ដើម្បី​ទម្លាក់​កំហុស​ដាក់​លើ​រដ្ឋាភិបាល​ដែល​កំពុង​កាន់​អំណាច។

នេះ​ជា​ការ​អះអាង​មួយ​ដែល​គ្មាន​ហេតុផល​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​អ្វី​បន្តិច​ឡើយ។ បើ​គេ​អង្កេត​លើ​ទិដ្ឋភាព​ជាក់ស្តែង គណបក្ស​ប្រឆាំង​ហាក់​គ្មាន​ផល​ចំណេញ​អ្វី​បន្តិច​សោះ​ក្នុង​ការ​សម្លាប់​បណ្ឌិត កែម ឡី។

ប្រសិនបើ​គណបក្ស​ប្រឆាំង​ធ្វើ​ដូច្នោះ​មែន នោះ​បក្ស​កាន់​អំណាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការស៊ើបអង្កេត និង​ចាប់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង ព្រោះ​ការប្រព្រឹត្តិ​អំពើ​ឃាតកម្ម​នេះ​ត្រូវការ​រៀបចំ និង​មាន​ការ​គាំទ្រ​ជា​ប្រព័ន្ធ។

ផ្ទុយទៅវិញ ការ​អះអាង​របស់​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល គឺជា​ការ​ព្យាយាម​ដោះ​ខ្លួន ឬ​បង្វែរ​ការសង្ស័យ​របស់​ពលរដ្ឋ​ខ្មែរ។ បើ​រដ្ឋាភិបាល​មាន​ចេតនា​ក្នុង​ការ​បង្វែង​ដាន​មែន ដូច្នេះ​ការសង្ស័យ​អំពី​ការ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ឬ​ក្រុម​កាន់​អំណាច​ក្នុង​ករណី​ឃាតកម្ម​នេះ កាន់តែ​មាន​ភាព​ប្រាកដ​និយម។

ក្រៅពី​ចំណុច​ទាំងនេះ លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​បណ្ឌិត កែម ឡី ដោយ​ផ្ទាល់ និង​ធ្លាប់​បាន​និយាយ​ដោយ​ប្រយោល​ដល់​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​គ្រួសារ​របស់​លោក​ថា “បើ​ឯង​មិន​ឱ្យ​គ្រួសារ​អញ​បាន​សុខ អញ​ក៏​មិន​ឱ្យ​ឯង​បាន​សុខ​ដែរ”

សារ​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​គេហទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ ហ៊ុន ម៉ាណា ក្នុង​រយៈពេល​ប្រមាណ​មួយ​សប្តាហ៍​មុន​ការ​សម្លាប់​បណ្ឌិត កែម ឡី តែ​ត្រូវ​បាន​គេ​លុប​ចោល​វិញ​ភ្លាមៗ​នៅ​ក្រោយ​មរណភាព​របស់​បណ្ឌិត​រូប​នេះ។

សព​បណ្ឌិត កែម ឡី

ថ្វីបើ​ការសង្ស័យ​ជាច្រើន និង​ប្រកប​ដោយ​ភាព​ប្រាកដ​និយម​ថា ការ​សម្លាប់​បណ្ឌិត កែម ឡី គឺជា​ឃាតកម្ម​នយោបាយ រីឯ​អ្នក​ដែល​មាន​ប្រយោជន៍​នយោបាយ​ក្នុង​ការ​សម្លាប់​អ្នកវិភាគ​រូប​នេះ​គឺ​ក្រុម​អ្នក​កាន់​អំណាច ក៏​គេ​នៅតែ​មាន​ការ​ចោទ​សួរ​ថា តើ​នរណា​ជា​ឃាតក ឬ​មេខ្លោង​ពិតប្រាកដ​ក្នុង​អំពើ​ឃាតកម្ម​នេះ? គេ​ពិបាក​រក​ចម្លើយ​ពិត​ជាក់លាក់​សម្រាប់​សំណួរ​នេះ​ណាស់។ តែ​គេ​អាច​មាន​តម្រុយ​ខ្លះ​សម្រាប់​ការពិចារណា។

ក្នុង​ពេល​មាន​ជីវិត អ្វី​ដែល​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​គឺ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ផលប្រយោជន៍​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា។

ក្នុង​ឆ្នាំ​២០១៦ អង្គការ Global Witness បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស៊ើប​អង្កេត​មួយ​ថា គ្រួសារ​ត្រកូល ហ៊ុន បាន​គ្រប់គ្រង​ក្រុមហ៊ុន​ជំនួញ​ធំៗ​រាប់​រយ​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​ទាំងនោះ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​សកម្មភាព​បំផ្លាញ​ជាតិ​នានា។

ការ​សិក្សាស្រាវជ្រាវ និង​ការ​លាតត្រដាង​របស់​បណ្ឌិត កែម ឡី ក៏​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ទាំងនេះ​ដែរ។ ជាង​នេះ​ទៅទៀត លោក​ត្រូវ​បាន​គេ​សម្លាប់​តែ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​និយាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​អំពី​រឿង​អាស្រូវ​របស់​គ្រួសារ​ត្រកូល ហ៊ុន ដែល​បាន​រក​ឃើញ​ដោយ​របាយការណ៍​នោះ។

ដូច្នេះ នេះ​ជា​ចំណុច​មួយ​ដែល​អាច​ធ្វើ​ឱ្យ​គេ​សង្ស័យ​អំពី​ការ​ពាក់ព័ន្ធ​របស់​គ្រួសារ​លោក ហ៊ុន សែន ក្នុង​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។

ក្រៅពី​នេះ នរណា​ក៏​គេ​ដឹង​ដែរ​ថា លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​ហាង​ស្តារម៉ាត​មួយ​កន្លែង​ដែល​មាន​បំពាក់​ដោយ​កាមេរ៉ា​ខ្វាត់ខ្វែង ទាំង​ក្នុង និង​ក្រៅ​ហាង​ថែមទៀត។ លើស​ពី​នេះ វីឡា និង​ហាង​ទំនើបៗ​នៅ​ជុំវិញ​ហាង​នោះ សុទ្ធតែ​មាន​បំពាក់​ដោយ​កាមេរ៉ា​ដែរ។

ដូច្នេះ ប្រសិនបើ​លោក ហ៊ុន សែន មាន​ចេតនា​ចង់​ស៊ើប​អង្កេត​ដើម្បី​ប្រមូល​ភស្តុតាង​ជាក់លាក់ លោក​អាច​ធ្វើ​បាន​យ៉ាង​ងាយស្រួល ហើយ​ក៏​គ្មាន​ជន​ណា​អាច​ប្រឆាំង​នឹង​លោក​បាន​នោះ​ដែរ។ ដូច្នេះ តើ​គេ​អាច​សង្ស័យ​អំពី​ចេតនា​របស់​លោក ហ៊ុន សែន ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដែរ​ឬ​ទេ?

តាមពិត របប​លោក ហ៊ុន សែន បាន​បង្ហាញ​ឃាតក​ម្នាក់​ក្រោយ​ពី​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ភ្លាមៗ។ តែ​គ្មាន​នរណា​ម្នាក់​ជឿ​រឿង​នេះ​ទេ ដោយសារ​គេ​មាន​ចំណុច​សង្ស័យ​ជាច្រើន។ ភាព​មន្ទិល​សង្ស័យ​ទាំងនោះ​មាន​ដូចជា ស្បែកជើង​របស់​ឃាតក​ដែល​បង្ហាញ​ដោយ​វីដេអូ​ក្នុង​ហាង​ស្តារម៉ាត និង​ស្បែកជើង​របស់​ឃាតក​ដែល​រត់​តាម​ផ្លូវ ហើយ​ត្រូវ​គេ​ចាប់​យក​មក​បង្ហាញ​សាធារណជន​នោះ គឺ​ខុស​គ្នា​ស្រឡះ។

ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​បណ្ឌិត កែម ឡី។

នៅ​ពេល​ដែល​ឃាតក​សិប្បនិម្មិត​នោះ​កំពុង​រត់​តាម​ថ្នល់​ក្នុង​រាជធានី​ភ្នំពេញ ម៉ូតូ​របស់​សមត្ថកិច្ច​ហាក់ដូចជា​ជិះ​អម និង​ជួយ​ការពារ​ថែមទៀត។ ដូច្នេះ​ចំណុច​ទាំងនេះ​អាច​បង្ហាញ​អំពី​ការរៀបចំ​ទុក​ជា​មុន។

ប្រសិនបើ​គ្មាន​ការ​ពាក់ព័ន្ធ ឬ​ការ​ការពារ​ពី​លោក ហ៊ុន សែន តើ​ក្រុម​សមត្ថកិច្ច​ទាំងនោះ​អាច​មាន​លទ្ធភាព​ធ្វើ​ដូច្នោះ​ដែរ​ឬ​ទេ? ប្រសិនបើ​ពួកគេ​ធ្វើ​ដូច្នោះ​ដោយ​លួចលាក់ តើ​ពួកគេ​អាច​រួច​ខ្លួន​ដែរ​ឬ​ទេ?

ដូច​គ្នា​ទៅ​នឹង​សព​របស់​លោក ជា វិជ្ជា ដែរ សមត្ថកិច្ច​បាន​ត្រៀម​កម្លាំង និង​រថយន្ត​បម្រុង​យក​សព​លោក​បណ្ឌិត កែម ឡី ទៅ​បូជា​ចោល​ភ្លាមៗ តែ​ត្រូវ​បាន​មហាជន​ទប់ស្កាត់។ តើ​ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​មហាជន​មាន​មន្ទិល​សង្ស័យ​ចំពោះ​ចេតនា​របស់​របប​លោក ហ៊ុន សែន ដែរ​ឬ​ទេ?

តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​លោក ហ៊ុន សែន ហាម​ស្ថានីយ​ប្រេងឥន្ធនៈ​ទាំងអស់​នៅ​តាម​ដង​ផ្លូវ ផ្អាក​ការ​លក់​សាំង​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ហែ​សព​បណ្ឌិត កែម ឡី ពី​វត្ត​ចាស់​ក្នុង​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ស្រុក​កំណើត​របស់​លោក​ក្នុង​ខេត្ត​តាកែវ?

តើ​ហេតុ​អ្វី​រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​នៅ​មិនព្រម​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ហាង​ស្តារម៉ាត ជា​ទី​ដែល​ឃាតក​ឆក់​យក​ជីវិត​បណ្ឌិត កែម ឡី នោះ​ឲ្យ​មហាជន និង​ក្រុម​គ្រួសារ​របស់​បណ្ឌិត កែម ឡី បាន​ឃើញ?

គ្រួសារ​បណ្ឌិត កែម ឡី

ចម្លើយ​ចំពោះ​សំណួរ​ទាំងអស់​នេះ នៅតែ​គ្មាន និង​នៅតែ​ជា​ចម្ងល់​សម្រាប់​ក្រុម​គ្រួសារ​របស់​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដទៃ​ទៀត​ដែល​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ពី​ពិភព​មួយ​ដែល​ងងឹត​សូន្យសុង ញាំញី​ទៅ​ដោយ​សម្រែក​ហែក​អស់​ក្តី​សង្ឃឹម​ក្នុង​ជំរំ​នៃ​ភាព​សោកសៅ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស