31 C
Phnom Penh

ក្រុម​តស៊ូ​មតិ៖ ការប្រកាស​របស់​លោក សម រង្ស៊ី ឲ្យ​ពលរដ្ឋ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​ជា​ល្បិច​នយោបាយ​បំភ័ន្ត​ពលរដ្ឋ​ប៉ុណ្ណោះ

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ការប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី គឺជា​ល្បិច​នយោបាយ​បំភ័ន្ត​ពលរដ្ឋ​តែប៉ុណ្ណោះ ព្រោះ​ថា​កម្លាំង​នយោបាយ និង​គណៈកម្មាធិការ​ជាតិ​សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​របស់​លោក សម រង្ស៊ី មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ដូចជា​រដ្ឋាភិបាល​រួបរួម​ជាតិ​នៅ​ប្រទេស​ភូមា នោះ​ទេ។

ការ​លើកឡើង​របស់​ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​នេះ បន្ទាប់ពី​អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ស្នេហា​ជាតិ​ត្រៀម​ខ្លួន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា នៅ​ពេល​ខាងមុខ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា ដើម្បី​អាច​បង្កើត​សក្ដានុពល​នយោបាយ មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​ត្រូវ​បែកខ្ញែក​គ្នា​ដូច​សព្វថ្ងៃ​នេះ​ទេ គឺ​ត្រូវ​ហ៊ាន​ប្រឈមមុខ​ត​ទល់​នឹង​រដ្ឋាភិបាល​ផ្ដាច់ការ​ជាមួយ​គ្នា នោះ​ទើប​អាច​មាន​កម្លាំង​នយោបាយ​គ្រប់គ្រាន់​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ​ឡើង​ដោយ​ពិតប្រាកដ។

លោក​អះអាង​ថា ដើម្បី​អាច​ប្រកាស​ខ្លួន​ជា​រដ្ឋាភិបាល​រួបរួម​ជាតិ​បាន ទាល់តែ​កម្លាំង​នយោបាយ​របស់​ខ្លួន​មាន​លក្ខណៈ​សម្បត្តិ និង​ផែនការ​គ្រប់គ្រាន់ ប៉ុន្តែ​កម្លាំង​នយោបាយ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ មួយ​ចំហៀង​នៅ​ក្នុង​ស្រុក និង​មួយ​ចំហៀង​ទៀត​រត់​មក​ក្រៅ​ស្រុក ដូច្នេះ​ការប្រកាស​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ គឺ​គ្រាន់តែ​ជា​ការប្រកាស​បំភ័ន្ត​ភ្នែក​ពលរដ្ឋ​តែប៉ុណ្ណោះ។

លោក គឹម សុខ បញ្ជាក់​ថា ការប្រកាស​របស់​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ គឺ​ហាក់ដូចជា​គោះ​ព្រៃ​បង្អើល​ទន្សាយ ដើម្បី​ឲ្យ​លោក ហ៊ុន សែន ចាប់​ទន្សាយ​តែប៉ុណ្ណោះ ហើយ​ការ​ធ្វើ​បែប​នេះ គឺ​នាំ​គ្រោះថ្នាក់​ដល់​អ្នក​ចូលរួម​យ៉ាង​ធ្ងន់ធ្ងរ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ នេះ អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ស្នេហា​ជាតិ ត្រៀម​ខ្លួន​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា នៅ​ពេល​ខាងមុខ ដូច​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នៅ​ប្រទេស​ភូមា ដែរ។

លោក សម រង្ស៊ី អះអាង​ថា មុន​នឹង​ផ្លាស់ប្ដូរ​សង្គម ត្រូវ​នាំគ្នា​ផ្លាស់ប្ដូរ​គំនិត​មនុស្ស​ម្នាក់ៗ​ជា​មុន​សិន បន្ទាប់មក​បាន​នាំគ្នា​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​សង្គម​ទាំងមូល។ ជាង​នេះ​ទៀត លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មិន​ត្រូវ​ចាញ់បោក​អ្នក​ដឹកនាំ​ផ្ដាច់ការ​តទៅទៀត​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដកស្រង់​សម្ដី​របស់​លោក ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ថា ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​របស់​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ដែល​ចង់​យក​គំរូ​តាម​ប្រទេស​ភូមា គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ ពីព្រោះ​សភាពការណ៍​នៅ​ភូមា និង​កម្ពុជា ខុស​គ្នា​មេឃ និង​ដី។

លោក​បញ្ជាក់​ថា ដោយសារតែ​លោក សម រង្ស៊ី អត់​ការងារ​ធ្វើ ចេះ​តែ​នឹក​ស្រមើស្រមៃ​ទៅ តែ​មិន​អាច​ក្លាយ​ជា​ការពិត​នោះ​ទេ ពីព្រោះ​ប្រជាពលរដ្ឋ កងទ័ព នគរបាល កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ គ្មាន​អ្នក​ទៅ​ធ្វើ​តាម​អតីត​មេ​បក្ស​ប្រឆាំង​នោះ​ឡើយ ចំណែក​អ្នក​ដែល​បម្រើ​នយោបាយ​ឲ្យ​ក្រុម​នោះ គឺ​សុទ្ធតែ​ខុសច្បាប់​ទាំងអស់ ដោយឡែក​រដ្ឋាភិបាល​កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់ ក៏ដូចជា​ការ​បង្ក្រាប​រាល់​សកម្មភាព ឬ​ចលនា​ណា​ដែល​ខុសច្បាប់​ទាំងនោះ​ផង​ដែរ។

ជុំវិញ​ការប្រកាស​ឲ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ចូល​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ទាំង​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ ឲ្យ​ចូលរួម​ជាមួយ​លោក​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ថ្ងៃ​មាតុភូមិ​និវត្តន៍​របស់​លោក កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ម្តង​រួចមក​ហើយ ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បរាជ័យ​ទាំងស្រុង។

ដោយឡែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ដែល​បាន​ចូលរួម​លើក​ម្រាមដៃ ៩ នៅ​ពេល​នោះ ត្រូវ​បាន​អាជ្ញាធរ​ចោទប្រកាន់ និង​ចាប់​ខ្លួន​ពី​បទ​ផ្សំគំនិត​ក្បត់​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​រហូត​មក​ទល់​ពេលនេះ មិន​ទាន់​ទទួល​បាន​សេរីភាព​នៅឡើយ​ទេ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា មាន​វិធី​តែមួយ​គត់​ដែល​អាច​ផ្សះផ្សា​ជាតិ​បាន គឺ​អ្នក​នយោបាយ​ធំៗ​គ្រប់​ភាគី ត្រូវតែ​នាំគ្នា​បង្កើត​ចលករ​ប្រជាធិបតេយ្យ​មួយ​ដើម្បី​ចរចា​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដែល​អាច​បង្រួបបង្រួម​ជាតិ និង​សាមគ្គីភាព​ជាតិ​ដោយ​ពិតប្រាកដ​ទៅ​ថ្ងៃ​មុខ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស