27 C
Phnom Penh

អ្នក​ឃ្លាំមើល​សង្គម៖ ការ​តស៊ូ​ត្រូវតែ​មាន​ការ​លះបង់​ជីវិត ប៉ុន្តែ​នឹង​ត្រូវ​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃ​ណា​មួយ​មិនខាន

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​លើកឡើង​ថា ការ​តស៊ូ​ត្រូវតែ​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃ​ណា​មួយ​មិនខាន បើ​ទោះបីជា​ការ​ងើប​ឡើង​រើបម្រះ​ពី​ការ​គាបសង្កត់​របស់​រដ្ឋាភិបាល​ផ្ដាច់ការ​ដែល​នឹង​មាន​វាសនា​ត្រូវ​គេ​ចាប់​ដាក់​គុក រត់​ចោល​ស្រុក ឬ​ត្រូវ​គេ​សម្លាប់​ដូចជា​បណ្ឌិត កែម ឡី ក៏ដោយ។

មន្ត្រី​ជាន់ខ្ពស់ CCIM បាន​លើកឡើង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​បុណ្យ​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី ដែល​បាន​ធ្វើឡើង​នៅ​វត្ត​សាមគ្គីរតនារាម ទីក្រុង​តាកូម៉ា (Tacoma) ស្ថិត​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន (Washington) សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​អាទិត្យ ទី​២៥ កក្កដា។

មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង អះអាង​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​ចង់​បាន​យុត្តិធម៌ តែ​មិន​ចូលរួម​តស៊ូ​លុប​បំបាត់​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ទេ នោះ​រឿង​អយុត្តិធម៌​ទាំងនោះ​នឹង​ធ្លាក់​មក​ខ្លួនឯង​នៅ​ថ្ងៃ​ណា​មួយ​មិនខាន បើ​ទោះបីជា​ថ្ងៃ​នេះ​ភាព​អយុត្តិធម៌​នោះ​បាន​ធ្លាក់​លើ​អ្នក​ដទៃ​ក៏ដោយ។

លោក​អះអាង​ទៀត​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​មាន​បុព្វបុរស​ជា​អ្នក​តស៊ូ​ដើម្បី​ជាតិ ទឹកដី និង​ប្រជាជន បើ​ទោះបីជា​មាន​ការ​បង្ក្រាប​ពី​សំណាក់​រដ្ឋាភិបាល​ផ្ដាច់ការ​បច្ចុប្បន្ន​ក៏ដោយ ក៏​មិន​អស់​ពូជពង្ស​ខ្មែរ​ដែល​មាន​ឈាមជ័រ​ជា​អ្នក​ងើប​ឡើង​តស៊ូ​ដើម្បី​ជាតិ ទឹកដី និង​ប្រជាជន​នោះ​ដែរ ក្នុង​នោះ​ក៏​ធ្លាប់​មាន​វរជន​ខ្មែរ​ដែល​ហ៊ាន​លះបង់​ជីវិត​រួចមក​ហើយ ដូចជា​លោក ឈុត វុទ្ធី លោក ជា វិជ្ជា ព្រះ​ភិក្ខុ សំ ប៊ុនធឿន និង​បណ្ឌិត កែម ឡី ជាដើម។

លោក ប៉ា ងួនទៀង អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ អ្នក​នយោបាយ​ទាំងអស់ ប្រសិនបើ​ពិតជា​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី សូម​នាំគ្នា​បញ្ឈប់​នូវ​ការ​វាយប្រហារ​លើ​ភរិយា​របស់​គាត់​បន្ត​ទៀត តែ​គួរ​នាំគ្នា​ជួយ​ទំនុក​បម្រុង​គ្រួសារ​លោក​ជំនួស​វិញ ដែល​នោះ​គឺជា​គំរូ​ល្អ​មួយ​ឲ្យ​ឃើញ​ថា អ្នក​ដែល​ស្នេហា​ជាតិ​ពិតប្រាកដ គឺ​ត្រូវ​បាន​លើក​តម្កើង មិនមែន​ត្រឹមតែ​ខ្លួន​គាត់​នោះ​ទេ គឺ​រហូត​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ថែមទៀត ដើម្បី​បង្កើន​ស្មារតី​ស្នេហា​ជាតិ​ឲ្យ​កាន់តែ​ខ្លាំង​ដល់​កូនខ្មែរ​ជំនាន់​ក្រោយ។

ពិធី​បុណ្យ​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី ដែល​ធ្វើឡើង​នៅ​រដ្ឋ​វ៉ាស៊ីនតោន (Washington) មាន​ការចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​ប្រមាណ​ជា ៨០​នាក់ ក្នុង​នោះ​រួម​មាន​មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ប្រធាន KVD លោក ហឿន ឆាយ វឿក និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន លោក សុស ច័ន្ទតារា ជាដើម ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​ពី​សារព័ត៌មាន The Cambodia Daily ពី​វត្ត​សាមគ្គីរតនារាម តែម្តង។

ប្រធាន KVD លោក ហឿន ឆាយ វឿក បាន​លើកឡើង​ក្នុង​សុន្ទរកថា​របស់​លោក​ក្នុង​កម្មវិធី​បុណ្យ​ខួប​បណ្ឌិត កែម ឡី ថា ដើម្បី​រក​យុត្តិធម៌​នៃ​បណ្ឌិត កែម ឡី ទាល់តែ​ពលរដ្ឋ​ខ្មែរ​ប្តូរ​រដ្ឋាភិបាល​ផ្ដាច់ការ​បច្ចុប្បន្ន​នេះ​ចេញ​ជា​មុន​សិន នោះ​ទើប​ទឹកដី​ខ្មែរ និង​ប្រជាជន​អាច​មាន​សន្តិភាព និង​ទទួល​បាន​យុត្តិធម៌​ចំពោះ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ដោយ​ការ​តស៊ូ​ដើម្បី​សេរីភាព​នៃ​ទឹកដី​នេះ។

លោក​អះអាង​ថា ឲ្យ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​ដឹកនាំ​ប្រទេស អ្នក​ស្នេហា​ជាតិ​គ្មាន​ឱកាស​បញ្ចេញ​ស្នាដៃ​ជួយ​កសាង​ទឹកដី​ជូន​ជាតិ​មាតុភូមិ​របស់​ខ្លួន​ឡើយ ផ្ទុយទៅវិញ​នៅ​ពេល​អ្នក​ទាំងនោះ​ចេញ​មុខ​ដើម្បី​ទាមទារ​យុត្តិធម៌ និង​សេរីភាព​ឲ្យ​ជន​រួមជាតិ​របស់​ខ្លួន គឺ​មាន​តែ​ស្លាប់ និង​ជាប់​គុក​តែប៉ុណ្ណោះ ជាក់ស្តែង​ដូចជា​បណ្ឌិត កែម ឡី ដែល​បាន​ចេញ​មុខ​លាតត្រដាង​ការពិត​ដើម្បី​កែប្រែ​សង្គម​រហូត​គេ​បញ្ចប់​ជីវិត​របស់​លោក។

ចំណែក​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន លោក សុស ច័ន្ទតារា ថ្លែង​ថា ការ​លះបង់​ជីវិត​របស់​បណ្ឌិត កែម ឡី គឺ​ជា​គ្រាប់ពូជ​នៃ​ស្មារតី​មួយ​ក្នុង​ការផ្លាស់ប្ដូរ​សង្គម​ជា​វិជ្ជមាន​ទៅ​ថ្ងៃ​មុខ។ ដូច្នេះ ក្នុង​នាម​ជា​អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ត្រូវតែ​នាំគ្នា​ធ្វើ​ជា​ពលរដ្ឋ​សកម្ម​ក្នុង​ការ​បន្ត​ស្មារតី​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង ដើម្បី​សង្គម​ខ្មែរ​មាន​យុត្តិធម៌ និង​មាន​នីតិរដ្ឋ​ពេញលេញ​នៅ​ថ្ងៃ​អនាគត។

លោក​បញ្ជាក់​ថា ដើម្បី​តបស្នង​សងគុណ​បណ្ឌិត កែម ឡី ដែល​បាន​លះបង់​ជីវិត​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ត្រូវតែ​នាំគ្នា​បន្ត​ការងារ​របស់​លោក​ជានិច្ច ប៉ុន្តែ​បើ​គ្រាន់តែ​នាំគ្នា​ឈឺចាប់ ហើយ​មិន​បាន​រួមគ្នា​ធ្វើ​ឲ្យ​សង្គម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អយុត្តិធម៌​នោះ​នៅ​តែ​បន្ត​បែប​នេះ​ទៀត នោះ​ការ​ឈឺចាប់​នេះ​នឹង​មិន​បាន​ជា​ប្រយោជន៍​អ្វី​ទាល់តែសោះ​សម្រាប់​សង្គម​ជាតិ ក៏ដូចជា​ការ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ដទៃ​ទៀត​នោះ​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត កែម ឡី ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ហាង​ស្តារម៉ាត​កាល់តិច (Star Mart Caltex) ស្តុប​បូកគោ កណ្តាល​ទីក្រុង​ភ្នំពេញ ក្នុង​វ័យ ៥០​ឆ្នាំ ទាំង​កណ្តាល​ថ្ងៃ។ រហូត​មក​ទល់នឹង​ពេល​នេះ ពន្លឺ​យុត្តិធម៌​សម្រាប់​រូបលោក និង​ក្រុម​គ្រួសារ​លោក ហាក់​ងងឹត​សូន្យសុង ស្រប​ពេល​ដែល​តុលាការ​កម្ពុជា​បាន​កាត់ទោស​ឃាតក​សិប្បនិមិត្ត​ឲ្យ​ជាប់​ពន្ធនាគារ​រួច​ទៅ​ហើយ​នោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស