27 C
Phnom Penh

អ្នក​វិភាគ​ចាត់ទុក​ជន​ផ្ដាច់ការ​ថា​ជា​ក្រុម​មនុស្ស​បញ្ញើក្អែក​ក្នុង​របប​ប្រជាធិបតេយ្យ

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ជន​ផ្ដាច់ការ​ថា​ជា​ក្រុម​មនុស្ស​បញ្ញើក្អែក​ក្នុង​របប​ប្រជាធិបតេយ្យ តែ​នៅ​ទីបំផុត ជន​ផ្ដាច់ការ​ទាំងនោះ​ក៏​នឹង​ស្លាប់​ជាមួយ​នឹង​ការ​ដួល​រំលំ​របប​ប្រជាធិបតេយ្យ​ដែរ ត្បិត​ភាព​ធំធាត់ ភាព​មាន​បាន​ដែល​ពួកគេ​សម្ងំ​ដេក​ស៊ី​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺជា​ការ​បំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា ដើម្បី​ភាព​ធំធាត់​នៃ​អំណាច​ត​កូន​ត​ចៅ ជន​ផ្ដាច់ការ​ដឹង​យ៉ាង​ច្បាស់​ពី​របៀប​កាន់កាប់​អំណាច​ក្នុង​យន្តការ​ប្រជាធិបតេយ្យ ដូចជា​ការ​លួច​កែ​ច្បាប់​ដើម្បី​ពង្រឹង​អំណាច​ខ្លួនឯង និង​ប្រើ​វិធី​កេង​ចំណេញ​នយោបាយ​គ្រប់​រូបភាព ដូចជា​ការ​កម្ចាត់​ដៃគូ​នយោបាយ​ដែល​មាន​កម្លាំង​នយោបាយ​ស្មើ​នឹង​ខ្លួនឯង ជាដើម។

លោក​អះអាង​ថា របប​ប្រជាធិបតេយ្យ​នឹង​ត្រូវ​ដួល​រលំ​ក្រោម​ស្នាដៃ​ជន​ផ្ដាច់ការ​ដែល​ជា​ក្រុម​បញ្ញើក្អែក​ទាំងនោះ​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​របប​នេះ​នឹង​រស់​ឡើងវិញ​នៅ​ពេល​ដែល​ជន​ផ្ដាច់ការ​ទាំងនោះ​អស់​ឥទ្ធិពល​នយោបាយ ឬ​ស្លាប់​បាត់បង់​ជីវិត ដូច្នេះ​ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​សង្គម​ប្រជាធិបតេយ្យ គឺ​នៅតែ​មាន​សង្ឃឹម​ជានិច្ច។

បណ្ឌិត សេង សារី បញ្ជាក់​ថា ការ​ចង​បណ្ដាញ​សែស្រឡាយ​ភ្ជាប់​សាច់ឈាម​ធ្វើ​ជា​ដន្លង​នឹង​គ្នា ឬ​ទទួល​គ្នា​ធ្វើជា​ពុក​ធម៌ ម៉ែ​ធម៌ បង​ធម៌ ឬ​ប្អូន​ធម៌ ជាដើម គឺជា​វិធី​មួយ​ដែល​អាច​ឲ្យ​ជន​ផ្ដាច់ការ​បង្កើត​បក្ខពួក​ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ឲ្យ​សែស្រឡាយ​សាច់ញាតិ​ទាំងនោះ​ជួយ​ជ្រោមជ្រែង​អំណាច​ខ្លួនឯង​ឲ្យ​កាន់តែ​រឹងមាំ​បន្ត​ទៀត។

ការរិះគន់​របស់​បណ្ឌិត សេង សារី គឺ​ត្រូវ​គេ​មើលឃើញ​ថា កម្ពុជា​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ប៉ុន្តែ​ប្រព័ន្ធ​នយោបាយ​របស់​កម្ពុជា​ត្រូវ​បក្ខពួក​អ្នក​កាន់​អំណាច​ក្តោប​ក្តាប់​ទាំងស្រុង ខណៈ​សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ត្រូវ​បាន​រឹតត្បិត​ជាបន្តបន្ទាប់។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​យក​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើជា​ឈ្នាន់ និង​យក​របប​ប្រជាធិបតេយ្យ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ធ្វើជា​ខែល​ដើម្បី​បន្ត​អំណាច​របស់​ខ្លួនឯង​ទៅ​មុខ​ទៀត តាមរយៈ​នៃ​ការចាត់តាំង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​ឲ្យ​គ្រប់គ្រង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​គ្រប់​ផ្នែក​ទាំងអស់ ទាំង​ផ្នែក​ស៊ីវិល និង​កងទ័ព។

ពួកគេ​គូស​បញ្ជាក់​ថា អំណាច​កំពូល​របស់​ជាតិ​ទាំង​៣ ត្រូវ​លោក ហ៊ុន សែន គ្រប់គ្រង​យ៉ាង​ណែន​ក្នុង​ដៃ ក្នុង​នោះ លោក ហ៊ុន សែន ខ្លួនឯង​គ្រប់គ្រង​ស្ថាប័ន​នីតិប្រតិបត្តិ លោក ហេង សំរិន គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​លោក ឌិត មុន្ទី គ្រប់គ្រង​ស្ថាប័ន​តុលាការ ខណៈ​ស្ថាប័ន​យោធា​ក៏​ត្រូវ​សាច់ញាតិ​លោក ហ៊ុន សែន គ្រប់គ្រង​ផង​ដែរ ដូចជា​កម្លាំង​យោធា​កងទ័ព​ជើងគោក​ត្រូវ​គ្រប់គ្រង​ដោយ​លោក ហ៊ុន ម៉ាណែត និង​កងកម្លាំង​នគរបាល​ជាតិ ត្រូវ​គ្រប់គ្រង​ដោយ​លោក នេត្រ សាវឿន ជាដើម។

កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ធ្លាប់​បាន​បញ្ចេញ​របាយការណ៍​ថា ក្រោយ​កាន់កាប់​តំណែង​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​រៀបចំ​ពង្រឹង​អំណាច​តាមរយៈ​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ជា​សេនាធិការ​របស់​ខ្លួន។ ក្នុង​នោះ​លោក​បាន​តែងតាំង​តួនាទី និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​បុគ្គល​ដែល​ស្មោះស្ម័គ្រ​នឹង​លោក ដែល​អ្នក​ទាំងនោះ​បាន​ដើរ​តួនាទី​ជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​ក្នុង​ការ​កាន់កាប់​អំណាច​យូរអង្វែង​របស់​លោក។

អង្គការ Human Rights Watch បាន​លាតត្រដាង​ពី​មេទ័ព​សំខាន់ៗ​ដែល​ជា​ជំហរ​ជួយ​រក្សា​អំណាច​ឲ្យ​លោក ហ៊ុន សែន រួម​មាន៖

  • លោក ប៉ុល សារឿន
  • លោក ជួន សុវណ្ណ
  • លោក សៅ សុខា
  • និង​លោក នេត សាវឿន ជាដើម

ព្រមទាំង​មេបញ្ជាការ ៩​រូប​ផ្សេង​ទៀត​ដែល​អ្នក​ទាំងនេះ​សុទ្ធសឹងតែ​ជា​អគ្គ​មេបញ្ជាការ អគ្គមេបញ្ជាការរង និង​ជា​អគ្គស្នងការ អគ្គស្នងការរង​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​កម្ពុជា​ទាំងមូល។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០ កន្លង​ទៅ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អះអាង​ថា គ្មាន​អ្នក​ណា​អាច​មក​ផ្តួល​រំលំ​លោក​បាន​ឡើយ ហើយ​លោក​នឹង​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត ព្រោះ​ថា​នៅ​លើ​ពិភពលោក​គ្មាន​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នោះ​ទេ ដូច្នេះ​លោក​ចង់​ធ្វើ​ដល់​ឆ្នាំ​ណា​ក៏​បាន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស