28 C
Phnom Penh

ក្រសួង​ប្រៃសណីយ៍​ព្រមាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​លុប​បំបាត់​ការ​ហៅ​ចូល​លេខ​អ្នក​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាបន្ទាន់

បទវិភាគ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ព្រមាន​ក្រុមហ៊ុន​ទូរស័ព្ទ ឬ​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ ឲ្យ​បញ្ឈប់​រាល់​ការ​រំខាន​ដោយ​ហៅ​ទូរស័ព្ទ​ទៅកាន់​អ្នក​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​សេវាកម្ម​បន្ថែម​ផ្សេងៗ​របស់​ខ្លួន​ជាបន្ទាន់។

ក្រសួង​ប្រៃសណីយ៍ បញ្ជាក់​ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ខ្លួន​ថា កន្លងមក​នេះ និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បាន​រក​ឃើញ​ថា ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​ចំនួន​បាន​ប្រើប្រាស់​លេខ​កូដ​ខ្លី ឬ​លេខ​ផ្សេងៗ​គ្នា​ជាច្រើន​ហៅ​ចូល​ទៅកាន់​អ្នក​ប្រើប្រាស់ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​សេវា​បន្ថែម (VAS) របស់​ខ្លួន ដោយ​អ្នក​ប្រើប្រាស់​មិន​បាន​ចុះឈ្មោះ​ប្រើប្រាស់​ជា​មុន​ទេ។

ករណី​នេះ ក្រសួង​យល់ថា​ជា​ការ​រំខាន​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ផ្ទុយពី​ឆន្ទៈ​របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ទាំងនោះ។

និយ័តករ​ទូរគមនាគមន៍​កម្ពុជា បាន​ណែនាំ​ដល់​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ ដូចជា៖

  • បញ្ឈប់​រាល់​ការ​រំខាន​ដល់​អ្នក​ប្រើប្រាស់​តាម​ការ​ហៅ​ចូល​លេខ​ទូរស័ព្ទ​ចល័ត​ជា​បន្ទាន់ ព្រោះ​សេវា​ហៅ​ចូល​នេះ​ពុំ​មាន​ការ​ចុះឈ្មោះ​ប្រើប្រាស់​ជា​មុន​ដោយ​អ្នក​ប្រើប្រាស់​ឡើយ។
  • បញ្ឈប់​ជាបន្ទាន់​រាល់​ការប្រើប្រាស់​លេខ​កូដ​ទូរគមនាគមន៍​ទាំងឡាយ​ណា​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​និយ័តករ​ទូរគមនាគមន៍​កម្ពុជា។

ក្រសួង​ប្រៃសណីយ៍ ក៏​បាន​ព្រមាន​ថា ក្នុង​ករណី​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ពុំ​អនុវត្ត​តាម​ការណែនាំ​របស់​ខ្លួន​ទេ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​ចាត់​វិធានការ​ម៉ឺងម៉ាត់​ដោយ​ណែនាំ​ឱ្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បង្កក​រាល់​ការ​ស្នើសុំ​នានា​របស់​ប្រតិបត្តិករ​ទាំងនោះ ព្រមទាំង​ចាត់​វិធានការ​ស្រប​តាម​មាត្រា​៦៩ និង​មាត្រា​៧៨ នៃ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ ដោយ​មិន​លើកលែង​ឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស