26.2 C
Phnom Penh

បាតុករ​ប្រទេស​ទុយណេស៊ី​ទាមទារ​រំលាយ​រដ្ឋសភា​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ត្រូវ​បាន​ដេញ​ចេញ​ពី​តំណែង

បទវិភាគ

ប្រធានាធិបតី Kais Saied ប្រើ​អំណាច​របស់​ខ្លួន​ដោយ​ព្យួរ​ទាំងអស់​សមាជិក​សភា​នៃ​ប្រទេស​ទុយណេស៊ី ដែល​មាន ២១៧​រូប។ ព្រឹត្តិការណ៍​នេះ គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​វិបត្តិ​នយោបាយ​ដ៏​ធំ​របស់​ប្រទេស​ទុយណេស៊ី ចាប់តាំង​ពី​ផ្ទុះ​បដិវត្តន៍​ផ្កា​រីក​នៅ​ឆ្នាំ​២០១១ បញ្ចប់​របប​ផ្ដាច់ការ ហើយ​នាំ​ប្រទេស​នៅ​ពិភព​អារ៉ាប់​នេះ​ទៅ​រក​ប្រជាធិបតេយ្យ។

តែ​វិបត្តិ​នេះ ដើមចម​គឺ​ដោយសារ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ជំងឺ​កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ និង​មនុស្ស​អត់​ការងារ​ធ្វើ​ហក់​ឡើង​ខ្ពស់។

ប៉ុន្តែ​ការ​សម្រេច​របស់​ប្រធានាធិបតី​រូប​នេះ ធ្វើឡើង​ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​រដ្ឋាភិបាល ព្រោះតែ​គ្រប់គ្រង​ជំងឺ​កូវីដ-១៩ មិន​មាន​ប្រសិទ្ធភាព។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ពលរដ្ឋ​ទុយណេស៊ី​ជាច្រើន​ពាន់​នាក់ បាន​ចេញ​មក​ធ្វើ​បាតុកម្ម​បន្ទាប់ពី​ផ្ទុះ​កំហឹង​ចំពោះ​រដ្ឋាភិបាល​ដែល​ទប់ស្កាត់​ជំងឺ​ឆ្លង​មួយ​នេះ​នៅ​ក្នុង​រដ្ឋធានី​ទុយនីស និង​ទីក្រុង​ផ្សេងទៀត​មិន​បាន​ល្អ​ប្រសើរ ដែល​វា​រីក​រាលដាល​កាន់តែ​ខ្លាំង។

បាតុកម្ម​នេះ​បាន​ឈាន​ទៅដល់​ការ​ប៉ះទង្គិច​ជាមួយ​កម្លាំង​ប៉ូលិស​កាលពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កក្កដា។ ផ្លូវ​មួយ​ចំនួន​ក្នុង​រដ្ឋធានី​ដែល​ឆ្ពោះ​ទៅ​មហាវិថី Bourguiba ត្រូវ​បាន​បិទ។ មហាវិថី Bourguiba ធ្លាប់​ជា​សមរភូមិ​មួយ​ដ៏​សំខាន់​អំឡុង​បដិវត្តន៍​អារ៉ាប់​កាលពី​ឆ្នាំ​២០១១។

កងទ័ព​បាន​ឡោម​ព័ន្ធ​រដ្ឋសភា ហើយ​រារាំង​មិន​ឱ្យ​ប្រធាន​រដ្ឋសភា​ចូល​ក្នុង​អគារ​សភា បន្ទាប់ពី​លោក​ប្រធានាធិបតី Kais Saied ប្រើ​អំណាច​ប្រកាស​ព្យួរ​សមាជិក​សភា​ទាំងអស់ ហើយ​បណ្ដេញ​នាយករដ្ឋមន្ត្រី​ពី​តំណែង។

ឥឡូវ​នេះ​មាន​ព្រឹត្តិការណ៍​ចំនួន​៣ កើតឡើង​ទន្ទឹម​គ្នា គឺ​ប្រជាជន​មួយ​ចំនួន​ធ្វើ​ពិធី​អបអរ​ចំពោះ​សេចក្ដី​សម្រេច​របស់​លោក​ប្រធានាធិបតី ដោយ​ពួកគេ​ច្រៀង​រាំ និង​គ្រវី​ទង់ជាតិ​របស់​ទុយណេស៊ី។ ចំណែក​មួយ​ក្រុម​ទៀត​បាន​តវ៉ា ហើយ​ចោទ​ប្រធានាធិបតី​ថា​ធ្វើ​រដ្ឋប្រហារ​រដ្ឋសភា ដែល​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ។ ក្នុង​ចំណោម​បាតុករ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី ក៏​មាន​លោក​ប្រធាន​រដ្ឋសភា Rached Ghannouchi ផង​ដែរ។ លោក​បាន​ហៅ​សេចក្ដី​សម្រេច​របស់​ប្រធានាធិបតី​ថា​ជា​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ និង​បំផ្លាញ​ប្រជាធិបតេយ្យ​ដែល​កើត​ចេញពី​បដិវត្តន៍​ផ្កា​រីក​កាលពី ១០​ឆ្នាំ​មុន។ ខណៈ​នេះ​ទៀត ក្រុម​បាតុករ​មួយ​កន្លែង​ទៀត​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ដោយ​ទាមទារ​ឱ្យ​រំលាយ​រដ្ឋសភា ហើយ​ប្រញាប់​បោះឆ្នោត​ឡើងវិញ។

ក្នុង​ស្ថានភាព​នេះ អ្នក​នយោបាយ​ជើងចាស់​បាន​ជួបជុំ​គ្នា​ភ្លាមៗ។ ក្នុង​នោះ អតីត​ប្រធានាធិបតី Moncef Marzouki បាន​អំពាវនាវ​ឱ្យ​មាន​ការចរចា​ដោយ​មាន​វត្តមាន​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​បើក​ផ្លូវ​ទៅ​រក​ដំណោះស្រាយ​ដោយ​ជៀសវាង​ទៅ​រក​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ។

តែ​នៅ​ជាមួយ​គ្នា​នេះ ប្រធានាធិបតី​ទុយណេស៊ី Kais Saied បាន​សន្យា​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ទុយណេស៊ី លោក Kais Saied បាន​អំពាវនាវ​ឱ្យ​ស្ងប់ស្ងាត់ ហើយ​សុំ​ឱ្យ​ផ្ដល់​សន្តិភាព​មក​ឱ្យ​ទុយណេស៊ី ដែល​លោក​ថា​នឹង​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ឆាប់ៗ​នេះ។ តែ​ក្រុម​បក្ស​ប្រឆាំង និង​បាតុករ​មួយ​ចំនួន ចាត់ទុក​ចំណាត់ការ​របស់​លោក​ប្រធានាធិបតី គឺជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ។

យ៉ាងណា លោក​ប្រធានាធិបតី​បាន​ព្យាយាម​បកស្រាយ​សេចក្ដី​សម្រេច​របស់​លោក។ លោក​បញ្ជាក់​ថា លោក​ធ្វើ​ដូចនេះ​គឺ​យោង​ទៅតាម​រដ្ឋធម្មនុញ្ញ​ដែល​ផ្ដល់​ឱ្យ​លោក​នូវ​ការប្រើប្រាស់​អំណាច​ប្រតិបត្តិ​ក្នុង​រយៈពេល​មិន​ជាក់លាក់​មួយ​រហូត​ដល់​ស្ថានការណ៍​មាន​ភាព​ប្រក្រតី​វិញ។ តែ​សម្រាប់​បាតុករ បាន​ស្រែក​ឱ្យ​លោក​ចុះ​ចេញ​ពី​តំណែង។

សេដ្ឋកិច្ច​របស់​ប្រទេស​ទុយណេស៊ី ធ្លាក់​ក្នុង​វិបត្តិ​គឺ​ក្នុង​ស្ថានភាព​ប្រទេស​ធ្លាក់​ក្នុង​ជំងឺ​កូវីដ ជីវភាព​របស់​ពលរដ្ឋ​ធ្លាក់​ចុះ​ជា​ខ្លាំង ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​កាន់តែ​កើន​ឡើង។ ប្រជាជន​ទម្លាក់​កំហុស​ទៅលើ​រដ្ឋាភិបាល​ដែល​នាយករដ្ឋមន្ត្រី Hichem Mechichi ជា​អ្នក​ដោះស្រាយ ហើយ​ក៏​ឈាន​ដល់​ការ​ទាមទារ​ឱ្យ​បុរស​នេះ​ចុះចេញ​ពី​តំណែង។ នៅ​ដើម​ខែ​នេះ ក្រសួង​សុខាភិបាល​ប្រទេស​ទុយណេស៊ី បាន​ប្រកាស​ថា ប្រព័ន្ធ​សុខភាព​របស់​ប្រទេស​នេះ​ក្រឡាប់​ហើយ ព្រោះ​អ្នក​ស្លាប់​កើន​ឡើង ១៧០០០​នាក់​នៃ​ប្រជាជន ១២​លាន​នាក់។ ក្រោម​ហេតុផល​នៃ​ការ​កើន​ឡើង​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូវីដ លោក​ប្រធានាធិបតី​ដាក់​កំហុស​បន្ថែម​ទៀត​ទៅលើ​នាយករដ្ឋមន្ត្រី។ ជាមួយ​គ្នា​នេះ ការ​បែកបាក់​ក្នុង​រដ្ឋសភា​ក៏​ចាប់ផ្ដើម គឺជា​ឱកាស​ធ្វើ​ឱ្យ​លោក​ប្រធានាធិបតី​ឆក់​អំណាច​ប្រកាស​ដេញ​នាយករដ្ឋមន្ត្រី និង​ដកហូត​បុព្វសិទ្ធិ​សមាជិក​សភា​ទាំងអស់។ តែ​លោក​បែរជា​មិនព្រម​រំលាយ​រដ្ឋសភា។

រយៈពេល ១០​ឆ្នាំ​បន្ទាប់ពី​បដិវត្តន៍​ផ្កា​រីក គឺ​ទុយណេស៊ី ជួប​រឿងរ៉ាវ​បែប​នេះ។ បុរស​ខ្លាំង​ដែល​ត្រូវ​បាន​ប្រជាជន​ដេញ​ពី​អំណាច គឺ​ប្រធានាធិបតី Zine El Abidine Ben Ali។ បុរស​នេះ​ព្យាយាម​ក្រាញ​អំណាច ទើប​ប្រជាជន​ដេញ​ពី​តំណែង​នៅ​ឆ្នាំ​២០១១។ វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងជើង​នេះ ចាប់ផ្ដើម​កើតឡើង​ជា​ថ្មី​តាំងពី​ការ​ដកហូត​នាយករដ្ឋមន្ត្រី Elyes Fakhfakh ក្នុង​បទ​ចោទ​ថា​បណ្ដោយ​ឱ្យ​គណៈរដ្ឋមន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០២០។ នៅ​ពេល​លោក​ប្រធានាធិបតី Kais Saied តែងតាំង​លោក Hichem Mechichi ជា​នាយករដ្ឋមន្ត្រី គឺ​ត្រូវ​បាន​មើល​ឃើញ​ថា អ្នក​នយោបាយ​ទុយណេស៊ី ចាប់ផ្ដើម​បែកបាក់​គ្នា​ហើយ។ ការ​ព្រមាន​មួយ​បាន​កើតឡើង​ថា រដ្ឋាភិបាល​លោក Hichem Mechichi គឺ​ផុយ​ស្រួយ​ណាស់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស