26 C
Phnom Penh

វិភាគ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ជាន់​ដី​អាស៊ាន​ពង្រឹង​កម្លាំង​សម្ពន្ធភាព​ទប់ទល់​អំណាច​វាតទី​របស់​ចិន

បទវិភាគ

ក្នុង​រដ្ឋការ​របស់​លោក ដូណាល់ ត្រាំ អាស៊ាន​ត្រូវ​គេ​មើលឃើញ​ថា ហាក់​នៅ​ឆ្ងាយ​ពី​អាមេរិក ដែល​រដ្ឋការ​នេះ​ពុំសូវ​លើក​កម្លាំង​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​ច្រើន​នោះ​ទេ។ តែ​ដល់​ឆ្នាំ​ទី​៤ រដ្ឋការ​លោក ដូណាល់ ត្រាំ គិត​ច្រើន​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​វិស័យ​សន្តិសុខ​តំបន់ ខណៈ​ប្រទេស​មហាយក្ស​ចិន ពង្រីក​មាឌ​កាន់តែ​ធំ​ឡើង​គ្របដណ្ដប់​លើ​អាស៊ាន។

ចូល​មក​ដល់​រដ្ឋការ​លោក ចូ បៃដិន ក៏​បាន​ចាប់ផ្ដើម​បើកភ្នែក​សម្លឹង​មើល​អាស៊ាន​ឡើងវិញ​ក្នុង​ការ​ប្ដូរ​យុទ្ធសាស្ត្រ​ដោយ​ងាក​មក​ផ្ដោត​លើ​តំបន់​អាស៊ាន ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​សម្ពន្ធភាព​រាំងខ្ទប់​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន ដែល​គេ​ហៅថា​ការ​វាតទី។

ស្រប​ពេល​នេះ រដ្ឋការ​លោក បៃដិន បាន​បញ្ជូន​មន្ត្រី​អាមេរិក​កំពូលៗ​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ដោយ​នាំ​មក​នូវ​របៀបវារៈ​តែ​មួយ​ប៉ុណ្ណោះ គឺ​ប្រមូល​កម្លាំង​សម្ពន្ធភាព​រាំង​ខ្ទប់​ឥទ្ធិពល​ចិន ក្នុង​តំបន់។

ក្នុង​សប្ដាហ៍​នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken បាន​ផ្ដើម​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌា កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែ​កក្កដា។ ចំណែក​ឯ​អនុរដ្ឋមន្ត្រី​ការបរទេស Wendy Sherman ក៏​បាន​ឡើង​ទៅ​ជួប​ប្រមុខ​ការទូត​ចិន តែ​ម្ដង​នៅ​ក្នុង​ប្រទេស​ចិន។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken

តែ​សម្រាប់​តំបន់​អាស៊ាន ដែល​អាមេរិក​ព្រួយបារម្ភ​ជាងគេ​ព្រោះ​ថា​កំពុង​ធ្លាក់​ក្រោម​ឥទ្ធិពល​ចិន​ធ្ងន់ធ្ងរ ខណៈ​សមាជិក​មួយ​ចំនួន​ហាក់​រើ​ខ្លួន​ពុំ​រួច​ពី​ចិន ដោយសារ​អន្ទាក់​បំណុល​ពាន់​លាន​ដុល្លារ និង​ខ្លះ​ទៀត​ធ្វើ​ឱ្យ​អាមេរិក​បារម្ភ​ខ្លាច​តែ​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​របស់​ចិន។

ក្នុង​ស្ថានភាព​នេះ ឃើញ​ថា​សេតវិមាន​ក៏​បញ្ជូន​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក Lloyd Austin មក​ជាន់​ទឹកដី​អាស៊ាន គឺ​ទៅកាន់​ប្រទេស​សិង្ហបុរី វៀតណាម និង​ហ្វីលីពីន។

ប៉ុន្តែ​វត្តមាន​របស់​ប្រមុខ​ការពារ​ជាតិ​អាមេរិក​រូប​នេះ ក៏​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​ឱ្យ​កម្លាំង​អាស៊ាន​ទាំងមូល​នៅ​ក្រោម​យុទ្ធសាស្ត្រ​របស់​ខ្លួន​តែ​មួយ​បាន​ឬ​ទេ ក្នុង​ការ​ទប់ទល់​ការ​កើន​ឡើង​ឥទ្ធិពល​ចិន​ក្នុង​តំបន់ ឬ​ក៏​អាច​មាន​ការ​បែកបាក់​ក្នុង​សមាគម​អាស៊ាន​ទៅវិញ។

ក្រុម​អ្នកជំនាញ​តែងតែ​ព្រមាន​ថា បើ​អាមេរិក និង​ចិន ប្រជែង​គ្នា​កាន់តែ​ខ្លាំង​ដើម្បី​ដណ្ដើម​អាស៊ាន​ផ្ដាច់មុខ គឺ​អាច​នឹង​បង្ខំ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ត្រូវ​ជ្រើសរើស​យក​មួយ​នៅ​ក្នុង​ចំណោម​មហាអំណាច​ទាំង​ពីរ​នេះ។ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​ថា អនាគត​អាស៊ាន​អាច​នឹង​បែកបាក់។ យ៉ាងណា មាន​តែ​ប្រទេស​មួយ​ឬ​ពីរ​ប៉ុណ្ណោះ​ដើរ​ចេញ​ពី​អាស៊ាន។

ជាមួយ​គ្នា​នេះ បើ​អាស៊ាន​អស់​មេដឹកនាំ​លម្អៀង​ចិន​ទៅ គឺ​អាស៊ាន​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​រឹងមាំ គឺ​អាស៊ាន​ក៏​អាច​កាត់បន្ថយ​បាន​នូវ​ឥទ្ធិពល​ចិន ហើយ​ចិន​ខ្លួន​គេ​នេះ​ដឹង​ច្បាស់​ណាស់​ថា បើ​អាស៊ាន​រក​ឃើញ​មេដឹកនាំ​ស្រឡាញ់​ប្រជាធិបតេយ្យ​ពិតប្រាកដ គឺ​អាស៊ាន​នឹង​មិន​អាច​នៅ​ក្រោម​ឥទ្ធិពល​ចិន​ឡើយ។

ដូចនេះ​ហើយ​ដែល​រដ្ឋការ​លោក បៃដិន ចាប់ផ្ដើម​ប្រើ​យុទ្ធសាស្ត្រ​ពីរ​នៅ​ពេល​តែ​មួយ គឺ​ពង្រឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​ផង និង​ពង្រឹង​វិស័យ​សន្តិសុខ​ជាមួយ​អាស៊ាន​ផង ទើប​បញ្ជូន​ទាំង​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​អនុរដ្ឋមន្ត្រី​ការបរទេស​មក​កាន់​អាស៊ាន។

នៅ​ក្នុង​តំបន់​អាស៊ាន​មាន​ប្រទេស​៣ ត្រូវ​បាន​កត់សម្គាល់​ថា មេដឹកនាំ​របស់​ប្រទេស​ទាំងនោះ​ទោរទន់​ខ្លាំង​ទៅ​រក​ចិន គឺ​កម្ពុជា ហ្វីលីពីន និង​ភូមា។ ដោយឡែក​ប្រទេស​ថៃ ទោះ​ជា​លោក បា្រយុទ្ធ ចាន់អូចា ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ក៏ដោយ តែ​កម្លាំង​បក្ស​ប្រឆាំង​របស់​ប្រទេស​នេះ​អាច​ទប់​លោក ប្រាយុទ្ធ មិន​ឱ្យ​ទៅ​រក​ចិន​ខ្លាំង​ពេក​នោះ​ទេ ហើយ​បើ​អត់​ពី​លោក ប្រាយុទ្ធ ទៅ គឺ​ថៃ​ពិត​ណាស់​ទោរទន់​ខ្លាំង​ទៅ​អាមេរិក​វិញ។

ចំពោះ​ប្រទេស​ហ្វីលីពីន​វិញ គឺ​ប្រធានាធិបតី​ប្រទេស​នេះ​ទោរទន់​ខ្លាំង​ទៅ​រក​ចិន។ លោក រ៉ូឌ្រីហ្គូ ឌើទើតេ នឹង​អស់​អាណត្តិ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២ គឺ​បុរស​នេះ​អស់​សិទ្ធិ​អំណាច​ជា​ប្រធានាធិបតី។

ការណ៍​នេះ ច្បាស់​ណាស់​ថា​មេដឹកនាំ​ថ្មី​ហ្វីលីពីន នឹង​មិន​មាន​ទំនោរ​ខ្លាំង​ទេ​ទៅ​រក​ចិន។ ដោយឡែក​ប្រទេស​ឡាវ ទោះ​ជា​ក្រោម​ឥទ្ធិពល​ចិន ដោយសារ​បំណុល​ចិន​ពាន់​លាន​ដុល្លារ ក៏​ប្រទេស​នេះ​ពុំ​នៅ​ក្រោម​ចិន​ដែរ ព្រោះ​ប្រទេស​វៀតណាម​ជា​អ្នក​ទប់ស្កាត់ ហើយ​វៀតណាម​នៅតែ​មាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រទេស​នេះ​ជាង​ចិន។

ចំណែក​ប្រទេស​កម្ពុជា​វិញ ទោះ​ជា​ត្រូវ​បាន​មើលឃើញ​ថា​នៅតែ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​វៀតណាម​ក៏ដោយ តែ​រយៈពេល​ចុងក្រោយ​នេះ កម្ពុជា​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​ចិន​ច្រើន​ជាង​វៀតណាម ដែល​ពួក​ខាងលិច​ហៅ​ថា​អាយ៉ង​ចិន។

សម្រាប់​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី គឺ​បី​ប្រទេស​នេះ​សុទ្ធតែ​មាន​មេដឹកនាំ​មិន​ក្រោម​ឥទ្ធិពល​ចិន ហើយ​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ទៀត​ផង។

មេដឹកនាំ​ប្រទេស​បី​នេះ ប្រកាន់​យក​គោលការណ៍​ប្រជាធិបតេយ្យ​ជា​ធំ។ ចំណែក​ប្រទេស​ព្រុយណេ គឺជា​សមាជិក​អាស៊ាន​មួយ​ដែល​មាន​ជំហរ​ទៅ​រក​លោក​ខាងលិច​ចំពោះ​វិស័យ​សន្តិសុខ​តំបន់។ ទាំង​ព្រុយណេ វៀតណាម ម៉ាឡេស៊ី និង​ហ្វីលីពីន គឺជា​ប្រទេស​បារម្ភ​ខ្លាំង​ចំពោះ​ការ​បាត់បង់​ដែនទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទៅ​ប្រទេស​ចិន។

សហរដ្ឋ​អាមេរិក សម្រេច​ប្រឈម​មុខ​ជាមួយ​នឹង​ប្រទេស​ចិន​លើ​បញ្ហា​សន្តិសុខ​តំបន់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ តាំងពី​រដ្ឋការ​របស់​លោក បារ៉ាក់ អូបាម៉ា។

រដ្ឋការ​របស់​លោក​ប្រធានាធិបតី Joe Biden បាន​ហៅ​ការប្រកួតប្រជែង​ជាមួយ​រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​ចិន ថា​ជា​ការសាកល្បង​ខាង​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធំ​បំផុត និង​គ្រោះថ្នាក់។

ក្នុង​ដំណើរ​ជាន់​ដី​ប្រទេស​សិង្ហបុរី គឺ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Lloyd Austin បាន​លើកឡើង​អំពី​បញ្ហា​មួយ​ចំនួន​ដែល​ទីក្រុង​វ៉ាស៊ីនតោន បាន​ហៅថា​មាន​អស្ថិរភាព​ចាប់ពី​កោះ​តៃវ៉ាន់ រហូត​ដល់​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត។

ថ្លែង​នៅ​ចំពោះ​មុខ​សមភាគី​សិង្ហបុរី Ng Eng Hen និង​នាយករដ្ឋមន្ត្រី លី សៀនឡុង លោក Lloyd Austin បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ចុះចាញ់ ឬ​ដក​ខ្លួន​នោះ​ទេ នៅ​ពេលណា​ដែល​ផលប្រយោជន៍​របស់​អាមេរិក​ក៏ដូចជា​របស់​សម្ព័ន្ធ​មិត្ត​អាមេរិក​ត្រូវ​បាន​ចិន​គំរាមកំហែង។

ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​ថា អាមេរិក​គ្មាន​ចេតនា​ណាមួយ​បង្ក​ជម្លោះ​ជាមួយ​ចិន​នោះ​ទេ។ លោក​បាន​ប្រាប់​ចិន​ទៀត​ថា លោក​ចង់​កសាង​ទំនាក់ទំនង​មួយ​ជាមួយ​ចិន ប្រកប​ដោយ​ការស្ថាបនា មាន​ស្ថិរភាព​រឹងមាំ។ ក្នុង​ជំនួប​នោះ ក៏​សម្រេច​បាន​នូវ​សេចក្តី​ថ្លែងការណ៍​រួម។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នេះ គឺ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ​បាន​សាទរ​នូវ​ទំនាក់ទំនង​ការពារ​ជាតិ​ទ្វេភាគី​ដែល​មាន​ភាព​ល្អ​ប្រសើរ និង​យូរ​ឆ្នាំ។ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ការ​ពេញចិត្ត​របស់​ខ្លួន​លើ​កិច្ចសហប្រតិបត្តិការ​យោធា។

ទាំង​លោក Austin និង​លោក Ng បាន​បង្ហាញ​ការយល់​ឃើញ​រួម​គ្នា​បែប​នេះ ដោយ​សង្ឃឹម​ថា ភាគី​ទាំង​ពីរ​ប្ដេជ្ញា​បន្ត​ពិភាក្សា​លើ​គម្រោង​យោធា​អាមេរិក​បន្ថែម​ទៀត។

ក្រៅពី​នេះ តំណាង​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​សន្តិសុខ​នៅ​ក្នុង​តំបន់ និង​ការ​ការពារ​សណ្ដាប់ធ្នាប់​អន្តរជាតិ ក៏ដូចជា​ភាព​ជា​ដៃគូ​រវាង​អាមេរិក និង​សិង្ហបុរី ទៅ​ថ្ងៃ​ខាងមុខ​ទៀត។

ជាមួយ​គ្នា​នេះ លោក Austin បាន​អរគុណ​ប្រទេស​សិង្ហបុរី ដែល​គាំទ្រ​បេសកកម្ម​យោធា​អាមេរិក​ចំពោះ​ការ​ចូល​ចត​យន្តហោះ​ចម្បាំង និង​នាវា​ចម្បាំង​ដែល​លោក​ថា ការ​គាំទ្រ​នេះ​បាន​បង្ហាញ​ថា វត្តមាន​របស់​អាមេរិក​ក្នុង​តំបន់​ពិតជា​សំខាន់​សម្រាប់​សន្តិភាព និង​ស្ថិរភាព។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ចប់​ទស្សនកិច្ច​នៅ​សិង្ហបុរី រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Lloyd Austin នឹង​ទៅ​ដល់​វៀតណាម នៅ​ថ្ងៃ​ទី​២៨ កក្កដា ហើយ​នឹង​បន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន។

ដោយ​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនកិច្ច​នៅ​អាស៊ាន​ដំបូង ៣​ប្រទេស​នេះ រដ្ឋការ​លោក ចូ បៃដិន កំពុងតែ​បង្កើន​ល្បឿន​សហប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​គោលដៅ​ដើម្បី​ទប់ទល់​នឹង​អំណាច​យោធា​ចិន​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

វត្តមាន​ប្រមុខ​ការពារ​ជាតិ​អាមេរិក គឺជា​ការ​កសាង​កម្លាំង​តំបន់​នេះ​ដើម្បី​ទប់​ជាមួយ​នឹង​ចិន ដែល​កំពុង​រីក​មាឌ​ជា​ខ្លាំង​បន្ទាប់ពី​កម្លាំង​សហប្រតិបត្តិការ​បាន​ចុះ​ខ្សោយ​ខ្លាំង​កាលពី​ក្នុង​អាណត្តិ​របស់​លោក ដូណាល់ ត្រាំ ព្រោះ​លោក ត្រាំ ចាប់​យក​តំបន់​មជ្ឈិមបូព៌ា​ខ្លាំង​ជាង។

ក្រសួង​ការបរទេស​អាមេរិក ថ្មីៗ​នេះ​បាន​ប្រាប់​ទៅ​សមាគម​អាស៊ាន​ថា អាមេរិក​គឺជា​កម្លាំង​រក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ពុំ​អាច​ខ្វះ​សហរដ្ឋ​អាមេរិក​បាន​ឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស