27 C
Phnom Penh

របប​សឹក​ភូមា​យល់ព្រម​ទទួល​យក​បទ​ឈប់​បាញ់​គ្នា ខណៈ​ប្រេសិត​អាស៊ាន​ត្រៀម​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី

បទវិភាគ

ប្រេសិត​ពិសេស​នៃ​សមាគម​អាស៊ាន បាន​ប្រកាស​ថា​លោក​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Wunna Maung Lwin រដ្ឋមន្ត្រី​ការបរទេស​របស់​ពួក​យោធា​ភូមា ដោយ​បាន​លើក​សំណើ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រយៈពេល​បួន​ខែ ហើយ​ពួក​យោធា​ក៏​បាន​យល់ស្រប​តាម។

ជាមួយ​គ្នា​នេះ ប្រេសិត​ពិសេស​របស់​អាស៊ាន លោក Erywan Yusof ដែល​ជា​អនុរដ្ឋមន្ត្រី​ការបរទេស​ទី​ពីរ​របស់​ព្រុយណេ ក៏​បាន​ប្រាប់​មេដឹកនាំ​យោធា​ភូមា​ថា នៅ​ពេល​ដែល​លោក​ត្រូវ​ទៅកាន់​ប្រទេស​ភូមា ក្នុង​ពេល​ឆាប់ៗ​នេះ គឺ​ត្រូវតែ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ដើម្បី​ឱ្យ​អ្នកស្រី​អំពាវនាវ​ទៅកាន់​មន្ត្រី​ថ្នាក់​ក្រោម និង​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ទទួល​យក​បទ​ឈប់​បាញ់​គ្នា ហើយ​ការ​បើក​ការ​ចរចា​នយោបាយ​ភ្លាមៗ​តែម្ដង។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​ជប៉ុន​ក្យូដូ ប្រេសិត​ពិសេស​របស់​អាស៊ាន​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា លោក​បាន​ប្រាប់​ទៅ​ពួក​យោធា​ភូមា​ថា លោក​នឹង​ត្រូវ​ទៅកាន់​ប្រទេស​ភូមា​ឆាប់ៗ​នេះ គឺ​ដើម្បី​បើក​ការិយាល័យ​របស់​លោក​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ឈាន​ទៅដល់​ការ​ចរចា​ទូលំទូលាយ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងអស់ បញ្ចប់​អំពើ​ហិង្សា ហើយ​ការ​ធ្វើ​បាតុកម្ម​ក៏​ត្រូវ​ស្ងប់ស្ងាត់។

របប​សឹក​របស់​ភូមា​មាន​អាយុ ៧​ខែ​មក​ហើយ។ របប​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្ទុះ​នូវ​អំពើ​ហិង្សា​ជា​ខ្លាំង។ ដោយសារតែ​ការ​ងើបឡើង​ប្រឆាំង​នឹង​ខ្លួន គឺ​ពួក​យោធា​ក៏​បាន​បង្ក្រាប​ទៅលើ​បាតុករ។ បាតុករ​ប្រឆាំង​របប​សឹក​បាន​ទាមទារ​ឱ្យ​មាន​របប​ប្រជាធិបតេយ្យ​ឡើងវិញ។ ប៉ុន្តែ​ក្នុង​អំឡុង ៧​ខែ​មក​នេះ មនុស្ស​ស្លាប់​ដោយសារតែ​ការ​បង្ក្រាប និង​ការ​បាញ់​ប្រហារ​ពី​ពួក​យោធា​កើន​ឡើង​ជាង ១​ពាន់​នាក់ និង​ចាប់​ខ្លួន​ជាង ៦​ពាន់​នាក់ ក្នុង​នោះ​មាន​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អ្នកស្រី អ៊ុងសាន ស៊ូជី ជិត ៣០០​នាក់​ផង​ដែរ។

មេ​រដ្ឋប្រហារ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) នៃ​ប្រទេស​ភូមា។

ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ប្រទេស​ភូមា​ក៏​ចាប់ផ្ដើម​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល។ រដ្ឋ​ជាង​១០ ដែល​ជា​រដ្ឋ​ជនជាតិ​ដើម បាន​ប្រកាស​កាន់​អាវុធ​ឡើងវិញ​ដើម្បី​ប្រឆាំង​នឹង​របប​សឹក។ ការ​វាយ​ប្រយុទ្ធ​គ្នា​កើតមាន​សឹង​រាល់​ថ្ងៃ​ដែល​នាំ​ឱ្យ​មាន​ជនភៀសខ្លួន​រាប់​ម៉ឺន​នាក់។

ទីតាំង​ជាច្រើន​របស់​ពួក​យោធា​នៃ​របប​សឹក​កាន់តែ​ច្រើនៗ​ឡើង បាន​ធ្លាក់​ក្រោម​ការ​វាយដណ្ដើម​កាន់កាប់​ដោយ​កងទ័ព​ជនជាតិ​ដែល​សហការ​ជាមួយ​កងកម្លាំង​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី។

សម្រាប់​អ្នកស្រី អ៊ុងសាន ស៊ូជី ក៏​កំពុង​ស្ថិត​ក្នុង​សំណុំរឿង​ចោទ​ប្រកាន់ ១០​ករណី ក្នុង​នោះ​មាន​អំពើ​ក្បត់​ជាតិ និង​ពុករលួយ ដែល​នាំ​ឱ្យ​អ្នកស្រី​ប្រឈមមុខ​នឹង​ការ​ផ្ដន្ទាទោស​យ៉ាង​តិច ៧៥​ឆ្នាំ ប៉ុន្តែ​អ្នក​សង្កេតការណ៍​បាន​ហៅ​ការ​ចោទ​ប្រកាន់​ទៅលើ​អ្នកស្រី គឺ​ដើម្បី​បំភ័ន្ត​មតិ​សាធារណជន​ប៉ុណ្ណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស