29.4 C
Phnom Penh

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​គួរ​ប្រគល់​សិទ្ធិ​ឲ្យ​លោក រ៉ុង ឈុន អាច​សម្រេច​វះកាត់​ភ្នែក​ដោយ​ខ្លួន​លោក

បទវិភាគ

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ការ​សម្រេច​វះកាត់​ព្យាបាល​ភ្នែក​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ពី​សំណាក់​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​ក្នុង​ចេតនា​ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​លើ​អ្នក​ជាប់ឃុំ​នៅ​កម្ពុជា ប៉ុន្តែ​ការ​យកចិត្ត​ទុកដាក់​នេះ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​សាច់ញាតិ​របស់​លោក​នោះ​ទេ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ដើម្បី​បង្កើត​នូវ​ទំនុក​ចិត្ត​ក្នុង​ការ​ព្យាបាល​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​គួរតែ​ប្រគល់​សិទ្ធិ​ជ្រើសរើស​ក្រុម​គ្រូពេទ្យ​សម្រាប់​ព្យាបាល​ក្នុង​ការ​វះកាត់​នេះ​ឱ្យ​សាច់ញាតិ​របស់​លោក រ៉ុង ឈុន ជា​អ្នក​សម្រេច​ជំនួស​វិញ។ លោក​បន្ត​ថា ពិតមែន​តែ​លោក រ៉ុង ឈុន ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ឃុំ ប៉ុន្តែ​អាជ្ញាធរ​មិន​គួរ​បិទ​សិទ្ធិ​សេរីភាព​របស់​លោក​មិន​ឱ្យ​ជ្រើសរើស​ក្រុម​គ្រូពេទ្យ​សម្រាប់​ការ​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​នោះ​ទេ ហើយ​អាជ្ញាធរ​ក៏​គ្មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ក្រុម​គ្រូពេទ្យ ដើម្បី​ព្យាបាល​សុខភាព​ជំនួស​រូប​លោក​នោះ​ឡើយ។

លោក មឿន តុលា បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន នេះ ត្រូវ​គេ​មើលឃើញ​ថា ធ្វើឡើង​ដោយ​អយុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ដូច្នេះ​សមត្ថកិច្ច​គួរតែ​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ឱ្យ​លោក​អាច​ជ្រើសរើស​គ្រូពេទ្យ និង​កន្លែង​ព្យាបាល​ដោយ​ខ្លួន​លោក​ផ្ទាល់ ជាជាង​ឃុំ​ខ្លួន​លោក​បន្ត​ទៀត​ទាំង​ដែល​លោក​មាន​ជំងឺ​នៅ​ពេលនេះ។

អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា ត្រូវ​សារព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ Switf News បាន​ដកស្រង់​សម្ដី​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ថា អាជ្ញាធរ​បាន​បញ្ជូន​ខ្លួន​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ទៅ​ពិនិត្យ​សុខភាព​ភ្នែក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ហើយ​លទ្ធផល​បង្ហាញ​ថា ភ្នែក​ខាង​ស្តាំ​របស់​លោក​មាន​បញ្ហា​ស្រវាំង​យ៉ាង​ខ្លាំង។

មន្ត្រី​ពន្ធនាគារ​រូប​នេះ​អះអាង​ថា ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ភ្នែក​ខាង​ឆ្វេង​របស់​លោក​បន្ថែម​ទៀត ក្រុម​គ្រូពេទ្យ​សម្រេច​ថា​នឹង​ធ្វើ​ការវះកាត់​ព្យាបាល​ភ្នែក​ដែល​មាន​ជំងឺ​នោះ​ជូន​គាត់​ឱ្យ​បាន​ទាន់​ពេល ប៉ុន្តែ​ក្រោយ​ការពិនិត្យ ក្រុម​គ្រូពេទ្យ​នៅ​មិនទាន់​កំណត់​ថ្ងៃ​វះកាត់​ព្យាបាល​ជំងឺ​ភ្នែក​របស់​លោក រ៉ុង ឈុន នៅឡើយ​ទេ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ កន្លងទៅ។

ជុំវិញ​បញ្ហា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ បាន​សម្រេច​ផ្ដន្ទាទោស​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៣៥​លាន​រៀល​ថែម​ទៀត​ពី​បទ​ញុះញង់ តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ផ្អែក​តាម​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ អាច​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា លោក រ៉ុង ឈុន ជា​សកម្មជន​ល្អ ស្អាតស្អំ និង​ឈឺឆ្អាល​រឿង​ទឹកដី​ព្រំដែន​ដែល​គួរតែ​ត្រូវ​បាន​លើក​ទឹកចិត្ត​ពី​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ការ​កាត់ទោស​នេះ​គឺជា​ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ​មិន​ឲ្យ​និយាយ ឬ​តវ៉ា​ពី​រឿង​ទឹកដី​របស់​ខ្លួន​ទៅវិញ។

មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ បាន​ចែង​ថា មនុស្ស​គ្រប់រូប​ត្រូវ​មាន​សិទ្ធិ​សេរីភាព​នៃ​ការ​សម្ដែង​មតិ ហើយ​សិទ្ធិ​នេះ​ត្រូវ​រាប់​បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការស្វែងរក​ព័ត៌មាន ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​យោបល់​សព្វ​បែបយ៉ាង ដោយ​គ្មាន​កំណត់​ព្រំដែន​អ្វី​ទាំងអស់ ទោះ​ទាំង​តាម​ផ្ទាល់​មាត់​ក្តី ទាំង​តាម​ការ​សរសេរ ឬ​បោះពុម្ព​ក្តី ក្នុង​ទម្រង់​នៃ​សិល្បៈ ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្តី៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស