29.4 C
Phnom Penh

UN នឹង​សម្រេច​ថា​តើ​រដ្ឋាភិបាល អ៊ុងសាន ស៊ូជី ឬ​ក៏​ពួក​យោធា​ជា​អ្នក​កាន់កាប់​អាសនៈ​នៅ UN ឬ​ក៏​ទុក​ឱ្យ​ទំនេរ

បទវិភាគ

មហាសន្និបាត​លើក​ទី​៧៥ របស់​អង្គការ​សហប្រជាជាតិ ត្រូវ​ចាប់ផ្ដើម​នៅ​បុរី​ញីវយ៉ក នៅ​ថ្ងៃ​ទី​១៤ កញ្ញា។ សម្រាប់​មហាសន្និបាត​ឆ្នាំ​នេះ​មាន​របៀបវារៈ​ជាច្រើន​ដែល​ត្រូវ​លើកឡើង ប៉ុន្តែ​ភាព​ចម្រូងចម្រាស​មួយ​បាន​ផ្ទុះឡើង គឺ​ការ​ដណ្ដើម​អាសនៈ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​រវាង​រដ្ឋាភិបាល​ឯកភាព​ជាតិ និង​របប​សឹក​ភូមា។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ភូមា Irrawaddy បាន​ឱ្យ​ដឹង​ថា គណៈកម្មាធិការ​សាតាំង​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នឹង​ធ្វើការ​សម្រេច​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក ដើម្បី​កំណត់​ថា​តើ​អាសនៈ​នេះ​ត្រូវ​ប្រគល់​ឱ្យ​ភាគី​ខាង​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ឬ​ក៏​ត្រូវ​ប្រគល់​ឱ្យ​របប​សឹក​ដឹកនាំ​ដោយ​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ឬ​ក៏​ត្រូវ​ទុក​ឱ្យ​នៅ​ទំនេរ។ របប​សឹក​ភូមា បាន​ដាក់​លិខិត​ស្នើសុំ​ទៅកាន់​គណៈកម្មការ​សាតាំង​នេះ​តាំងពី​ដើម​ខែ​មិថុនា ប៉ុន្តែ​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ទុក​រហូត​មក​ដល់​ថ្ងៃ​ចុងក្រោយ​នៃ​ការ​បើក​មហាសន្និបាត​ចូល​មកដល់។

តែ​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ឯកភាព​ជាតិ​ដែល​ជា​ក្រុម​កម្លាំង​ប្រឆាំង​របប​សឹក​ភូមា ក៏​បាន​សម្រេច​បញ្ជូន​លិខិត​របស់​ខ្លួន​មួយ​ផង​ដែរ ដើម្បី​ស្នើសុំ​យក​អាសនៈ​នេះ​មក​កាន់កាប់​ធ្វើជា​តំណាង​របស់​ខ្លួន​ដែល​ឯកអគ្គរដ្ឋទូត​បច្ចុប្បន្ន គឺ​លោក ក្យ៉ មូធុន (Kyaw Moe Tun) បាន​ស្ថិតនៅ​ទីនោះ​រួច​ទៅ​ហើយ។

ភាព​ចម្រូងចម្រាស​នេះ ត្រូវ​បាន​ឱ្យ​ដឹង​ថា​កំពុងតែ​ផ្ទុះ​នៅ​ឯ​បុរី​ញីវយ៉ក ដែល​គេ​ពុំ​ដឹង​ច្បាស់​ថា អាសនៈ​នេះ​អាច​ត្រូវ​ប្រគល់​ឱ្យ​ភាគី​ខាងណា​នោះ​ទេ ឬ​ក៏​ទុក​ឱ្យ​នៅ​ទំនេរ តែ​បើ​តាម Irrawaddy ដែល​ស្រង់​បន្ថែម​ពី​ប្រភព​ព័ត៌មាន​អឺរ៉ុប Foreign policy បាន​ឱ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក និង​ចិន កំពុងតែ​សម្របសម្រួល​ជាមួយ​នឹង​ក្រុម​គណៈកម្មការ​សាតាំង គឺ​អាច​ទុក​ឱ្យ​ឯកអគ្គរដ្ឋទូត ក្យ៉ មូធុន (Kyaw Moe Tun) កាន់កាប់​មួយ​រយៈ​ទៀត​រហូត​ទាល់​ដល់​ខែ​វិច្ឆិកា ទើប​ធ្វើ​សេចក្ដី​សម្រេច​ជា​ផ្លូវការ។

តាម​ប្រភព​ដដែល​នេះ លោក ក្យ៉ មូធុន (Kyaw Moe Tun) មិន​ត្រូវ​ឱ្យ​តាំង​នាម​ជា​រដ្ឋាភិបាល​ឯកភាព​ជាតិ​នោះ​ទេ គឺ​ត្រូវ​តាំង​នាម​ឱ្យ​ប្រជាជន និង​ប្រទេស​ភូមា ប៉ុន្តែ​មួយ​ទៀត គឺ​ចិន​ស្នើសុំ​ឱ្យ​តំណាង​របស់​ភូមា គឺ​លោក ក្យ៉ មូធុន (Kyaw Moe Tun) មិន​ត្រូវ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​មហាសន្និបាត​នោះ​ទេ គឺ​គ្រាន់តែ​ចូល​នៅ​ក្នុង​មហាសន្និបាត ហើយ​អង្គុយ​លើ​អាសនៈ​នេះ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​លោក Richard Gowan តំណាង​អង្គការ​សហប្រជាជាតិ​នៃ​ក្រុម​វិបត្តិ​អន្តរជាតិ។

តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ មុន​នឹង​តំណាង​ចិន​ធ្វើ​សេចក្ដី​សម្រេច​ដូចនេះ​ជាមួយ​នឹង​តំណាង​សហរដ្ឋ​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សាតាំង គឺ​តំណាង​ចិន លោក Sun Guoxiang ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ធ្វើ​ទស្សនកិច្ច​ស្ងប់ស្ងាត់​មួយ​ទៅកាន់​ប្រទេស​ភូមា កាលពី​ចុង​ខែ​សីហា ដោយ​បាន​ជួប​ជាមួយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង និង​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​របប​សឹក​នេះ រួម​ទាំង​ឧត្តមសេនីយ៍​មួយ​ចំនួន​ទៀត។

តែ​គេ​នៅ​ចាំ​ថា នៅ​ក្នុង​ការ​បោះឆ្នោត​សម្ដែង​ការ​ទុកចិត្ត​ម្ដង​រួច​ទៅ​ហើយ​ទៅលើ​របប​សឹក​ភូមា កាលពី​ថ្ងៃ​ទី​១៣ មិថុនា ដែល​ចេញពី​សមាជិក ១៩៣​រូប គឺ​ភាគច្រើន​បាន​ថ្កោលទោស​របប​សឹក​បច្ចុប្បន្ន​នេះ។ ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​នោះ តំណាង​រដ្ឋាភិបាល​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី គឺ​លោក ក្យ៉ មូធុន (Kyaw Moe Tun) ក៏​បាន​ចូលរួម​ផង​ដែរ។ សំឡេង​នៃ​ការបោះឆ្នោត​ប្រឆាំង​របប​សឹក​មាន ១១៩​សំឡេង អនុប្បវាទ​៣៦ និង ៣៧​ទៀត​មិន​បោះឆ្នោត និង​មួយ​សំឡេង​ជំទាស់។

សំឡេង​១១៩ ដែល​ប្រឆាំង​របប​សឹក មានន័យ​ថា​ស្មើ​នឹង​គាំទ្រ​រដ្ឋាភិបាល​អ្នកស្រី អ៊ុងសាន ស៊ូជី។ ដោយ​ឆ្លង​តាម​លទ្ធផល​ដូចនេះ អ្នក​សង្កេតការណ៍​នៅ​ឯ​បុរី​ញីវយ៉ក ភាគច្រើន​មើល​ឃើញ​ជំហរ​របស់​ចិន​ដែល​ទន់ភ្លន់​បន្តិច​នេះ គឺ​ទីក្រុង​ប៉េកាំង អាច​ដឹង​ពី​ការ​បោះឆ្នោត​របស់​សមាជិក​មហាសន្និបាត​ដែល​មាន​សំឡេង​ច្រើន​ដដែល​នេះ គឺ​មិន​ឱ្យ​អាសនៈ​ទៅ​ពួក​យោធា​នោះ​ទេ ហើយ​សូម្បីតែ​ទុក​អាសនៈ​នៅ​ទំនេរ​ក៏​ចិន​ពុំ​អាច​ទុកចិត្ត​បាន​ដែរ។

យ៉ាងណា​នៅ​ពេល​ដែល​ការ​ដណ្ដើម​អាសនៈ​នៅ UN រវាង​របប​សឹក​ភូមា និង​រដ្ឋាភិបាល​ឯកភាព​ជាតិ គឺ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាពិសេស​អង្គការ​ក្នុង​ស្រុក​នៃ​ប្រទេស​ភូមា​ដល់​ទៅ ៣៥៨​អង្គការ បាន​ដាក់​ញត្តិ​ស្នើ​ទៅ​មហាសន្និបាត​ក៏ដូចជា​គណៈកម្មាធិការ​សាតាំង​នៃ​អង្គការ​សហប្រជាជាតិ សុំ​ឱ្យ​ប្រគល់​អាសនៈ​ទៅ​ឱ្យ​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​កម្លាំង​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា។

ញត្តិ​ទាំងនេះ​អាច​នាំ​ឱ្យ​តំណាង​រដ្ឋាភិបាល​ចិន គិត​ដូច្នេះ ហើយ​ក៏​បន្ទន់​ឥរិយាបថ​បន្តិច គឺ​មិន​ដូច​មុនៗ​នោះ​ទេ ដែល​កន្លងមក​ចិន​តែងតែ​ជំទាស់​ដំណោះស្រាយ​របស់​សហរដ្ឋ​អាមេរិក និង​លោក​ខាងលិច​ដែល​ទាមទារ​ថ្កោលទោស​រដ្ឋប្រហារ​នៃ​របប​សឹក។

តែ​ជាមួយ​គ្នា​នេះ ការ​សម្រេច​មួយ​នឹង​កើត​ចេញ​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ថា​តើ​អាសនៈ​នេះ​គួរ​ត្រូវ​ទុក​ទំនេរ ឬ​ក៏​ត្រូវ​ប្រគល់​ឱ្យ​ភាគី​ខាងណា៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស