29.4 C
Phnom Penh

បទវិភាគ៖ តើ​នយោបាយ​របស់​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ជា​នយោបាយ​ប្រជែង​គ្នា ឬ​បំពេញ​គ្នា?

បទវិភាគ

លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ផ្ដាច់ការ​ម្នាក់​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​កម្ពុជា និង​ជា​មេដឹកនាំ​ផ្ដាច់ការ​ស្ថិត​ក្នុង​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក។ ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រទេស​បាន​ធ្លាក់​ដុនដាប​ទ្រុឌទ្រោម​យ៉ាង​ដំណំ ហើយ​នាំ​ឲ្យ​រាស្រ្ត​នៅ​ក្នុង​នគរ​ក្លាយ​ជា​រាស្រ្ត​ដែល​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក។

តាមពិត​ទៅ ពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ចង់​ផ្លាស់ប្ដូរ​របប​លោក ហ៊ុន សែន ជា​ខ្លាំង។ ឆន្ទៈ​នេះ​បាន​បញ្ជាក់​ច្បាស់​តាមរយៈ​លទ្ធផល​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​២០១៣។ ចំណែក​លោក សម រង្ស៊ី វិញ​គឺជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជិត ៣០​ឆ្នាំ​ដែល​តែង​អួត​ថា ខ្លួន​លោក​ផ្ទាល់​គឺជា​អ្នក​នយោបាយ​ដែល​លោក ហ៊ុន សែន ខ្លាច​បំផុត។

ដូច្នេះ តើ​នយោបាយ​របស់ លោក សម រង្ស៊ី អាច​នឹង​ផ្លាស់ប្ដូរ​លោក ហ៊ុន សែន បាន​ដែរ​ឬ​ទេ?

នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ លោក សម រង្ស៊ី បាន​ក្លាយ​ជា​អ្នក​នយោបាយ​ប្រឆាំង​ដ៏​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា។ ភាព​លេចធ្លោ​របស់​លោក​នៅ​ពេល​នោះ បន្ទាប់ពី​លោក​ក្លាយ​ជា​អ្នក​នយោបាយ​ប្រឆាំង​នៅ​ផ្ទៃក្នុង​បក្ស​របស់​លោក គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​បាន​ចេញ​មក​បង្កើត​គណបក្ស​ប្រឆាំង​ថ្មី​មួយ​ដោយ​ខ្លួន​លោក​ផ្ទាល់​នា​ដើម​ទសវត្ស​ឆ្នាំ​១៩៩០។

ក្នុង​ចំណោម​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី គឺជា​អ្នក​នយោបាយ​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដ៏​ក្តៅ​គគុក ហើយ​ក៏​ជា​អ្នក​នយោបាយ​ដ៏​ផ្អែម​ត្រជាក់ និង​ស្អិតល្មួត​ជាមួយ​លោក ហ៊ុន សែន ផង​ដែរ។

បន្ទាប់ពី​បង្កើត​គណបក្ស​ជាតិ​ខ្មែរ​ក្នុង​ឆ្នាំ​១៩៩៥ លោក សម រង្ស៊ី បាន​ដឹកនាំ​បាតុកម្ម​មហាជន​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាបន្តបន្ទាប់។ គណបក្ស​នេះ​ត្រូវ​បាន​ដូរ​ឈ្មោះ​ជាបន្តបន្ទាប់​ពី​គណបក្ស​ជាតិ​ខ្មែរ​ទៅជា​គណបក្ស សម រង្ស៊ី ហើយ​ចុងក្រោយ​ជា​គណបក្ស​ភ្លើង​ទៀន រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ លោក សម រង្ស៊ី បាន​ដឹកនាំ​បាតុកម្ម​មហាជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បាតុកម្ម​នោះ​ត្រូវ​បាន​បង្ក្រាប​ដោយ​ការ​គប់​គ្រាប់បែក​ចំនួន​បួន​គ្រាប់​លើ​ក្រុម​បាតុករ​ដែល​កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​មន្ទីរ​រដ្ឋសភា។ ព្រឹត្តិការណ៍​នោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ១៦​នាក់ ហើយ​យ៉ាងហោចណាស់​មនុស្ស​ចំនួន ១៥០​នាក់​ផ្សេងទៀត​របួស រួម​ទាំង​ពលរដ្ឋ​អាមេរិកាំង​ម្នាក់ គឺ​លោក Ron Abney ដែល​ជា​នាយក​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ប្រចាំ​នៅ​កម្ពុជា​ថែមទៀត​ផង។

ដោយសារ​មាន​ជនជាតិ​អាមេរិកាំង​ម្នាក់​បាន​រង​របួស​ដោយ​អំពើ​ហិង្សា​នោះ សហរដ្ឋ​អាមេរិក​មាន​កាតព្វកិច្ច​បញ្ជូន​ប៉ូលិស​សហព័ន្ធ (FBI) ដើម្បី​បើក​ការស៊ើបអង្កេត​លើ​រឿង​នេះ។ បើ​យោង​តាម​របាយការណ៍​របស់ FBI និង​ក្រុម​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ បាន​រក​ឃើញ​ថា ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន សែន គឺជា​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​បង្ហូរ​ឈាម​យ៉ាង​សាហាវ​មួយ​នេះ។

ក្រោយ​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នោះ ភ្លាមៗ​នោះ​លោក សម រង្ស៊ី ក៏​បាន​ប្រកាស​ដោយ​កំសួល​ចិត្ត និង​ម៉ឺងម៉ាត់​ថា លោក​នឹង​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទាំងនោះ​ឲ្យ​ទាល់​តែ​បាន។ ការ​សន្យា​នោះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​លោក និង​ពលរដ្ឋ​ខ្មែរ​មាន​សេចក្តី​សង្ឃឹម​ខ្លាំង​ណាស់។

អត្ថបទ​របស់​កាសែត The Cambodia Daily ជា​ភាសា​អង់គ្លេស​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០០៧ ឲ្យ​ដឹង​ថា លោក សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្តឹង​ពីរ​ក្នុង​ឆ្នាំ​២០០៥ គឺ​មួយ​ទៅ​តុលាការ​នៃ​ប្រទេស​កម្ពុជា និង​មួយ​ទៀត​ទៅ​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក។ តាមរយៈ​ពាក្យ​បណ្តឹង​ទាំង​ពីរ​នោះ លោក សម រង្ស៊ី បាន​ប្តឹង​លោក ហ៊ុន សែន អំពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​គប់​គ្រាប់បែក​ដៃ​សម្លាប់​ក្រុម​បាតុករ​អហិង្សា​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។

តុលាការ​កម្ពុជា​បាន​ទាត់ចោល​ពាក្យ​បណ្តឹង​នោះ ហើយ​វា​ក៏​មិនមែន​ជា​រឿង​ចម្លែក​អ្វី​នោះ​ដែរ ពីព្រោះ​តុលាការ​ខ្មែរ​ស្ថិត​ក្រោម​អំណាច​លោក ហ៊ុន សែន។ យ៉ាងណាក៏ដោយ តុលាការ​អាមេរិក​ទទួលយក និង​ដំណើរការ​រឿង​ក្តី​នេះ ព្រោះ​វា​មាន​ពាក់ព័ន្ធ​នឹង​ជនជាតិ​អាមេរិកាំង​ម្នាក់​ដែល​រង​របួស​ក្នុង​អំពើ​ឃោរឃៅ​នោះ។ ប៉ុន្តែ​វា​មាន​រឿង​ដ៏​ខកចិត្ត​បំផុត​មួយ​បាន​កើតឡើង​សម្រាប់​អ្នក​ដាក់​ក្តី​សង្ឃឹម​ខ្លាំង និង​កំពុង​ទន្ទឹង​រង់ចាំ​ការ​រក​យុត្តិធម៌​តាមរយៈ​តុលាការ​អាមេរិក។ នោះ​គឺ​ការ​សុំទោស​របស់​លោក សម រង្ស៊ី ចំពោះ​លោក ហ៊ុន សែន អំពី​រឿង​កន្លងមក​ដែល​លោក សម រង្ស៊ី ធ្លាប់​ចោទប្រកាន់។

ក្នុង​លិខិត​របស់​លោក សម រង្ស៊ី ចុះ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០០៦ ដែល​ផ្ញើ​ជូន​លោក ហ៊ុន សែន ពី​ទីក្រុង​ប៉ារីស លោក សម រង្ស៊ី បាន​បង្ហាញ​នូវ​អារម្មណ៍​ផ្អែមល្ហែម​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​របស់​លោក​ចំពោះ​លោក ហ៊ុន សែន ដោយ​រួមទាំង​ការ​ទទួល​កំហុស​កន្លងមក​ចំពោះ​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​ផង។

ចំណុច​មួយ​ក្នុង​លិខិត​នោះ លោក សម រង្ស៊ី បាន​សរសេរ​ថា «ខ្ញុំ​មាន​ការ​សោកស្តាយ​ដោយ​បាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ចំពោះ​សម្តេច​នាយករដ្ឋមន្ត្រី ដូចជា​ការ​ចោទប្រកាន់​ថា សម្តេច​នាយករដ្ឋមន្ត្រី​នៅ​ពីក្រោយ​ការ​គប់​គ្រាប់បែក​ដៃ​លើ​ហ្វូង​បាតុករ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​មុខ​រដ្ឋសភា​ជាតិ ការ​ចោទ​សម្តេច​នាយករដ្ឋមន្ត្រី​ថា​ប៉ុនប៉ង​សម្លាប់​ឥស្សរជន​ប្រាំ​នាក់ និង​ការ​ចោទ​មួយ​ចំនួន​ទៀត​មក​លើ​សម្តេច​នាយករដ្ឋមន្ត្រី»

លោក សម រង្ស៊ី បាន​សរសេរ​ទៀត​ថា «ចាប់ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​នឹង​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ខ្ញុំ​ដើម្បី​បញ្ចប់​បញ្ហា​ទាំងអស់​នោះ ហើយ​ជៀសវាង​មិន​ឱ្យ​មាន​បញ្ហា​ទាំងអស់​នេះ​កើតមាន​ទៀត​ឡើយ»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​នា​ពេល​កន្លងទៅ។ (រូប៖ ហ្វេសប៊ុក)

ជាមួយ​គ្នា​នេះ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០០៦ នោះ លោក សម រង្ស៊ី ក៏​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​នៅ​តុលាការ​អាមេរិក​ក្នុង​ក្រុង​ញីវយ៉ក ដែល​លោក​ប្តឹង​អំពី​ការ​ពាក់ព័ន្ធ​របស់​លោក ហ៊ុន សែន ក្នុង​ការ​គ្រប់​គ្រាប់បែក​ដៃ​លើ​ហ្វូង​បាតុករ​នោះ​ថែមទៀត។

អ្នក​សង្កេតការណ៍​នយោបាយ​កម្ពុជា​បាន​អះអាង​ថា លោក សម រង្ស៊ី សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន និង​ដក​ពាក្យ​បណ្តឹង​ពី​តុលាការ​អាមេរិក​នា​ពេល​នោះ គឺ​ដើម្បី​ជា​ថ្នូរ​នៃ​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក​ប៉ុណ្ណោះ។ មហាជន​ទូទៅ​បាន​ចោទ​ជា​សំណួរ​ថា អ្វី​ដែល​លោក សម រង្ស៊ី បាន​ធ្វើ​ដូច្នេះ គឺជា​ការ​ទទួល​ខុសត្រូវ​របស់​លោក​ចំពោះ​មុខ​ជនរងគ្រោះ ឬ​ជា​ការ​ជួយ​លោក ហ៊ុន សែន?

តាមពិត​ទៅ ការ​គប់​គ្រាប់បែក​លើ​ហ្វូង​បាតុករ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នោះ គឺជា​អំពើ​ហិង្សា​មួយ​ក្នុង​ចំណោម​អំពើ​ហិង្សា​ជាច្រើន​ទៀត​ដែល​បាន​កើតឡើង​លើ​ក្រុម​ប្រឆាំង អ្នក​សារព័ត៌មាន អ្នកវិភាគ និង​សកម្មជន​សិទ្ធិមនុស្ស​ជាច្រើន​រូប​ទៀត។ អ្វី​ដែល​លោក ហ៊ុន សែន ចង់​បាន​នោះ គឺ​ជនរងគ្រោះ​មិន​អាច​ទទួល​បាន​យុត្តិធម៌ ហើយ​ជនល្មើស​ក៏​មិន​ត្រូវ​បាន​ដាក់​ទោស​ដែរ។ នេះ​គឺជា​វិធី​មួយ​របស់​មេដឹកនាំ​ផ្ដាច់ការ​ដែល​ចង់​ធ្វើ​ឲ្យ​ក្រុម​អ្នក​តស៊ូ​មាន​ការ​ភ័យខ្លាច និង​អស់សង្ឃឹម​លើ​ប្រព័ន្ធ​យុត្តិធម៌។ ដូច្នេះ អ្វី​ដែល​លោក សម រង្ស៊ី បាន​ធ្វើ​ទំនង​ដូចជា​ចង់​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​លោក ហ៊ុន សែន។

បន្ទាប់ពី​មាន​ការ​លើកលែង​ទោស​ពី​លោក ហ៊ុន សែន និង​បាន​វិល​ចូល​ស្រុក​វិញ​ដូច​បំណង​ប្រាថ្នា​ហើយ លោក សម រង្ស៊ី និង​សមាជិក​សភា​របស់​លោក​បាន​ចូលរួម​ការបោះឆ្នោត​គាំទ្រ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ពី​ពីរ​ភាគ​បី មក​ភាគច្រើន​ដាច់ខាត ដែល​ជាទូទៅ​គេ​ហៅថា ៥០%+១ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០០៦ នោះ​ដែរ។

អ្នក​សង្កេតការណ៍​នយោបាយ​កម្ពុជា​បាន​ធ្វើការ​សន្និដ្ឋាន​ថា ការ​គាំទ្រ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដោយ​លោក សម រង្ស៊ី នា​ពេល​នោះ អាច​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ជា​សម្ងាត់​របស់​លោក​បន្ទាប់ពី​បាន​ជួប​ជាមួយ​លោក ហ៊ុន សែន ដោយ​ផ្ទាល់​អស់​រយៈពេល​ជាច្រើន​ម៉ោង​នៅ​គេហដ្ឋាន​របស់​អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​នៅ​ក្រុង​តាខ្មៅ នា​ខេត្ត​កណ្តាល។

ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ហាក់ដូចជា​កាដូ​អំណាច​មួយ​ដែល​លោក សម រង្ស៊ី ដាក់​លើ​ជើងពាន​ប្រគល់​ឲ្យ​លោក ហ៊ុន សែន ឆ្ពោះទៅ​រក​ការ​ប្រមូល​ផ្តុំ​អំណាច​នៅ​ក្នុង​ដៃ​យ៉ាង​ណែន​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ។ លោក សម រង្ស៊ី ក៏​បាន​ទទួលស្គាល់​ចំណុច​នេះ​ដែរ។ តាមរយៈ​វិទ្យុ RFA ក្នុង​ឆ្នាំ​២០១៨ លោក សម រង្ស៊ី បាន​ថ្លែង​ពី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន​ថា លោក ហ៊ុន សែន គួរតែ​អរគុណ​លោក ពីព្រោះ​លោក​បាន​ជួយ​ផ្តល់​អំណាច​ឲ្យ​លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

ទំនាក់ទំនង​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ត្រូវ​គេ​មើលឃើញ​ថា ក្តៅ​ត្រជាក់​មិន​ទៀងទាត់ ដែល​ពេល​ខ្លះ​ល្វីង​ពេក ហើយ​ពេល​ខ្លះ​ក៏​ត្រជាក់​ជ្រុល​ពេក​ដែរ។ បើ​ប្រៀប​ប្រដូច​នឹង​គូស្នេហ៍​វិញ អ្នក​នយោបាយ​ទាំង​ពីរ​រូប​នេះ​អាច​ប្រៀប​ដូចជា​ប្តី​ប្រពន្ធ​មួយ​គូ​ដែល​ឈ្លោះ​គ្នា​ខ្លាំង តែ​មាន​កូន​ច្រើន​អ៊ីចឹង​ដែរ។

ក្នុង​ឆ្នាំ​២០០៣ លោក សម រង្ស៊ី ប្រកាស​យ៉ាង​ដាច់អហង្ការ​ថា «បើ​មាន សែន អត់​ស៊ី បើ​មាន​ស៊ី អត់​សែន»។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០០៦ លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បាន​សាង​ស្នេហ៍​ដ៏​ផ្អែម​ត្រជាក់​ល្អូកល្អើន​ជាមួយ​គ្នា និង​ជួប​សន្ទនា​គ្នា​ដោយ​ផ្ទាល់មាត់​ក្នុង​ភូមិគ្រឹះ​របស់​លោក ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ ដោយ​ផ្ដោះផ្ដង​ស្នេហា​ប្រមាណ​ជា​បី​ម៉ោង​ដែរ។ រាត្រី​ទឹកឃ្មុំ​ដ៏​ផ្អែមល្ហែម ដ៏​ត្រជាក់​ឆ្ងាញ់​នេះ បាន​កើតឡើង​តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​រាត្រី​ទឹកខ្មេះ ឬ​រាត្រី​បណ្ដូលពេជ្រ​ក៏​ចូល​មកដល់។ ពេល​នោះ លោក សម រង្ស៊ី ត្រូវ​រត់​យក​ប្រាស​អាយុ​ដោយ​គេច​ពី​ការប៉ុនប៉ង​ចាប់​ខ្លួន​ដោយ​លោក ហ៊ុន សែន ហើយ​បាន​រស់នៅ​ក្រៅ​ប្រទេស​រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០១៣។

ស្រដៀង​គ្នា​នឹង​ឆ្នាំ​២០០៦ លោក សុន ឆ័យ បាន​ផ្ញើ​សារ​ទៅកាន់​លោក សម រង្ស៊ី ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​បារាំង តាមរយៈ​អ៊ីមែល​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០១៣ ថា លោក ហ៊ុន សែន បាន​កោះហៅ​លោក គិត ម៉េង ឱ្យ​ត្រឡប់​មកពី​ប្រទេស​ចិន​វិញ​ជាបន្ទាន់ ដើម្បី​ដើរតួ​ជា​អ្នក​សម្របសម្រួល​កិច្ចព្រមព្រៀង​នយោបាយ​មួយ​ដូច​អ្វី​ដែល​អ្នក​ជំនួញ​រូប​នេះ​ធ្លាប់​ដើរតួ​កាលពី​ឆ្នាំ​២០០៨ កន្លងទៅ។

មួយ​សប្តាហ៍​ក្រោយមក លោក សម រង្ស៊ី ក៏​បាន​វិល​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ដោយ​មាន​ការ​បើក​ផ្លូវ​ពី​លោក ហ៊ុន សែន។ អ្នកវិភាគ​នយោបាយ​កម្ពុជា​សង្កេត​ឃើញ​ថា ការ​ដែល​លោក ហ៊ុន សែន យល់ព្រម​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នា​ពេល​នោះ ពីព្រោះ​លោក​មិន​ចង់​ឲ្យ​លោក កឹម សុខា មាន​ឱកាស​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ទាញ​យក​ប្រជាប្រិយភាព​តែ​ម្នាក់ឯង។ គោលដៅ​របស់​លោក ហ៊ុន សែន នៅ​ពេល​នោះ គឺ​ចង់​ឃើញ​ប៉ូល​នយោបាយ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រជែង​គ្នា​នៅ​ក្នុង​គណបក្ស​តែ​មួយ។

ភាព​ស្ងប់ស្ងាត់​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន មិន​បាន​យូរប៉ុន្មាន​ផង ក៏​វិល​ទៅ​រក​ភាព​តានតឹង​វិញ​នៅ​ពេល​មាន​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០១៣ នោះ។

ភាព​តានតឹង​លើក​នេះ​បាន​ធូរ​ខ្សាក​វិញ នៅ​គ្រា​ដែល​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បាន​ព្រមព្រៀង​គ្នា​ចូល​ប្រជុំ​រដ្ឋសភា​នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០១៤។

ចាប់តាំង​ពី​ពេល​នោះ​មក រាត្រី​ទឹកឃ្មុំ​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បាន​ចាប់ផ្តើម​ឡើងវិញ​យ៉ាង​ស្រស់បំព្រង និង​យ៉ាង​ល្អូកល្អើន​ម្តង​ទៀត។ លោក សម រង្ស៊ី បាន​ប្រកាស​បញ្ចប់​នយោបាយ “ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី” ពោល​គឺ​បញ្ចប់​នយោបាយ​គុំកួន​សងសឹក​គ្នា។ ក្នុង​អំឡុង​ពេល​ស្នេហា​នយោបាយ​ដ៏​ផ្អែម​ត្រជាក់​នោះ គូស្នេហ៍​ទាំង​ពីរ​ក៏​បាន​បង្កើត​វប្បធម៌​សន្ទនា និង​រាត្រី​ទឹកឃ្មុំ​មួយ​ចំនួន​ទៀត ដូចជា​ការ​ពិសា​ភោជនីយាហារ​រួមគ្នា​រវាង​គ្រួសារ​ទាំង​សងខាង និង​ការ​បណ្តើរ​គ្នា​ទៅ​ចូលរួម​សង្ក្រាន្ត​ឆ្នាំ​ថ្មី​លើ​ទឹកដី​អង្គរ​ក្នុង​ខេត្ត​សៀមរាប ជាដើម។

ជាថ្មី​ម្តង​ទៀត កង់​ប្រវត្តិសាស្ត្រ​បាន​វិល​មក​ជាន់​ដាន​ចាស់​ដដែល នោះ​គឺ​រាត្រី​ទឹកឃ្មុំ​របស់​គូស្នេហ៍​នេះ​បាន​ក្លាយ​ជា​រាត្រី​ទឹកខ្មេះ​ក្នុង​ឆ្នាំ​២០១៥ ម្តង​ទៀត។ ពេល​នោះ លោក សម រង្ស៊ី កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ឈ្នះ​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុង​ប្រទេស​ភូមា ដោយ​ប្រដូច​ទៅ​នឹង​ស្ថានភាព​ប្រទេស​កម្ពុជា ក្នុង​ពេល​អនាគត។ ការ​ធ្វើ​អត្ថាធិប្បាយ​នោះ បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ក្តៅក្រហាយ និង​បាន​ប្រើប្រាស់​តុលាការ​របស់​លោក​ចាត់ការ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថែមទៀត។ លោក សម រង្ស៊ី ក៏​បាន​រស់នៅ​និរទេស​ខ្លួន​ចាប់តាំង​ពី​ពេល​នោះ​មក​រហូត​ទល់​ពេល​បច្ចុប្បន្ន​នេះ។

ជា​យុទ្ធសាស្ត្រ​នយោបាយ លោក ហ៊ុន សែន តែងតែ​ទាញ​យក​ផលប្រយោជន៍​អ្វី​មួយ​ពី​ដៃគូ​ប្រជែង ឬ​សម្ពន្ធមិត្ត​របស់​លោក។ ជាក់ស្តែង ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ចង​សម្ពន្ធមិត្ត​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ហ៊ុន សែន តែងតែ​ធ្វើ​ឲ្យ​គេ​មើលឃើញ​ថា​ក្រុម​ហ៊្វុនស៊ិនប៉ិច គឺជា​ក្រុម​របស់​លោក។ ស្រដៀង​គ្នា​នេះ​ដែរ នៅ​ពេល​មាន​ភាព​ល្អូកល្អើន​ជាមួយ​លោក សម រង្ស៊ី ពេល​នោះ​លោក ហ៊ុន សែន ក៏​បាន​ទាញ​យក​ប្រយោជន៍​ដែរ ដូចជា​លោក សម រង្ស៊ី ធ្វើ​តាម ឬ​ឈប់​ប្រឆាំង​នឹង​លោក។

ប៉ុន្តែ​នៅ​ពេល​ទើសចិត្ត​នឹង​រឿង​អ្វី​មួយ​ជាមួយ​លោក សម រង្ស៊ី ពេល​នោះ​លោក ហ៊ុន សែន ចាត់ការ​មេ​បក្ស​ប្រឆាំង​រូប​នេះ​តែម្តង។ បន្ទាប់មក ពេល​លោក សម រង្ស៊ី រត់​ចេញ​ក្រៅ​ស្រុក លោក ហ៊ុន សែន ប្រាប់​មហាជន​ថា លោក សម រង្ស៊ី ជា​មេដឹកនាំ​កំសាក​ថែមទៀត។

ដូច្នេះ ការ​លេង​ល្បែង​នយោបាយ​ក្តៅ ក្តៅ​ជ្រុល ហើយ​ត្រជាក់ ត្រជាក់​ជ្រុល​ជាមួយ​លោក ហ៊ុន សែន ហាក់ដូចជា​ការ​ជួយ​លើក​តម្កើង​មេដឹកនាំ​ផ្ដាច់ការ​នេះ​ទៅវិញ​ទេ។

ជា​ការ​កត់សម្គាល់ លោក ហ៊ុន សែន តែង​កម្ចាត់​អ្នក​ប្រឆាំង​ឲ្យ​ចាកចេញ​ពី​ប្រទេស ឬ​ចាប់​ដាក់​គុក​ចំពោះ​អ្នកណា​ដែល​មិនព្រម ឬ​មិន​អាច​ចេញពី​ប្រទេស​បាន។ ជាក់ស្តែង​កាលពី​ខែ​មីនា ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​ប្រាប់​លោក រ៉ុង ឈុន ឲ្យ​ចេញ​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ទៅ បើ​មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក។ លោក ហ៊ុន សែន បាន​លើកឡើង​បែប​នេះ​នៅ​ពេល​ដែល​គាត់​ខឹង​លោក រ៉ុង ឈុន ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ចរចា​ជាមួយ​សហគមន៍​អឺរ៉ុប​យក​ប្រព័ន្ធ EBA មកវិញ។

ក្រុម​អ្នក​រិះគន់​ខ្លះ​និយាយ​ថា ការ​រត់​ចេញពី​ស្រុក​ដដែលៗ​របស់​លោក សម រង្ស៊ី ដោយ​គ្មាន​ភាព​ក្លាហាន​ប្រឈម​ជាមួយ​លោក ហ៊ុន សែន នៅ​ក្នុង​សង្វៀន​នយោបាយ​ផ្ទាល់ គឺជា​ការ​បំពេញ​តាម​បំណង​របស់​បុរស​ខ្លាំង​ដែល​ក្រាញ​អំណាច​រូប​នេះ។ ជាមួយ​គ្នា​នេះ ការ​ដែល​លោក សម រង្ស៊ី ប្រកាស​ហៅ​មេដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចាកចេញ​ពី​កម្ពុជា នៅ​ពេល​ដែល​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នោះ ក៏​អាច​ជា​អ្វី​ដែល​លោក ហ៊ុន សែន ចង់​បាន​ដែរ។

ដូច​អ្វី​ដែល​បាន​លើកឡើង​មក​ហើយ​នេះ ក្រៅតែ​ពី​កម្ចាត់​ក្រុម​ប្រឆាំង​ឲ្យ​ចាកចេញ​ពី​ប្រទេស លោក ហ៊ុន សែន ក៏​តែងតែ​ប្រើប្រាស់​វិធីសាស្ត្រ​ហិង្សា​ផ្សេងៗ​ទៀត​ដើម្បី​លុបបំបាត់​សកម្មភាព​ប្រឆាំង​ក្នុង​ប្រទេស ដូចជា​ការ​ចាប់​ដាក់​ពន្ធនាគារ និង​ការ​គំរាមកំហែង​ផ្សេងៗ​គ្រប់​រូបភាព។

ជាទូទៅ គេ​ជឿ​ថា​អ្នក​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា បាន​ស្គាល់​ច្បាស់​អំពី​ចរិត​នយោបាយ​របស់​លោក ហ៊ុន សែន ប៉ុន្តែ​អ្វី​ដែល​គេ​ពិបាក​យល់ គឺ​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក សម រង្ស៊ី។ លោក​រស់នៅ​ក្រៅ​ប្រទេស និង​បាន​បញ្ចេញ​វោហារសាស្ត្រ និង​បង្ហាញ​សកម្មភាព​ប្រឆាំង​ស្លាប់​រស់​ជាមួយ​លោក ហ៊ុន សែន ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ លោក សម រង្ស៊ី តែងតែ​ព្យាយាម​បង្ហាញ​សកម្មជន និង​ផ្សារភ្ជាប់​ខ្លួន​លោក​ជាមួយ​អ្នក​កំពុង​រស់នៅ​ក្នុង​ប្រទេស​ទៅវិញ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស