28 C
Phnom Penh

បទវិភាគ៖ ប្រមុខ​ការទូត​ចិន​ត្រឡប់​ទៅវិញ​បាន​ត្រឹម​ពាក្យ​ថា​អរគុណ តែ​ពុំ​មាន​ការ​សន្យា​ជួយ​ចិន​ប្រឆាំង​អាមេរិក​ឡើយ

បទវិភាគ

ប្រមុខ​ការទូត​ចិន លោក វ៉ាង យី បាន​បិទ​បញ្ចប់​ហើយ​នូវ​ទស្សនកិច្ច ៣​ប្រទេស​ក្នុង​តំបន់​អាស៊ាន ជាមួយ​នឹង​ការ​ទៅដល់​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ក្រោយ​ពី​ចាកចេញ​ពី​កម្ពុជា និង​វៀតណាម។

ក្នុង​ចំណោម ៣​ប្រទេស​នេះ មាន​តែ​កម្ពុជា​មួយ​គត់​ដែល​មេដឹកនាំ​រាជាណាចក្រ​នេះ គឺ​បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​ថ្លែង​អរគុណ​ចិន​សឹងតែ​មិន​ដាច់​ពី​មាត់​ជាមួយ​នឹង​ការ​ថ្លែង​ចំអក​ទៅលើ​ប្រទេស​ផ្សេងៗ​ទៀត ជាពិសេស​ទៅលើ​លោក​ខាងលិច និង​ក្រុម​ប្រឆាំង​ដោយ​ពោល​ពាក្យ​ថា «បើ​មិន​ពឹង​ចិន ឲ្យ​កម្ពុជា​ទៅ​ពឹង​ខាងណា ដើម្បី​ជួយ​កម្ពុជា​ក្នុង​គ្រា​លំបាក​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩»

ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន បាន​បន្ថែម​ថា «បើ​គ្មាន​ចិន​ទេ កម្ពុជា​ក៏​មិន​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ សម្រាប់​ចាក់​ជូន​ប្រជាជន​យ៉ាង​ច្រើន​ដូច​សព្វថ្ងៃ​នេះ​ដែរ»

ជាមួយ​នឹង​ការ​ទទួល​បាន​ប្រាក់ជំនួយ​ជាច្រើន​រយ​លាន​ដុល្លារ លោក ហ៊ុន សែន បាន​ហៅ​ចិន​ថា​ជា​មិត្ត​ល្អ និង​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​កម្ពុជា។

អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​បន្ត​ថា កម្ពុជា​មិន​ដែល​ទាត់ចោល​ជំនួយ​របស់​នរណា​ទាំងអស់ ហើយ​មិន​គួរ​និយាយ​អំពី​កម្ពុជា​លម្អៀង​ទៅ​ចិន​នោះ​ទេ។ លោក​បន្ត​ថា កម្ពុជា​ក៏​មិន​ដែល​យក​នរណា​ធ្វើជា​សត្រូវ​ដែរ ប៉ុន្តែ​បញ្ហា​ស្ថិតនៅ​ត្រង់​ថា គ្មាន​នរណា​ជួយ​កម្ពុជា​នោះ​ទេ ខណៈ​កម្ពុជា​ជួប​គ្រា​អាសន្ន។

តែ​ទោះជាយ៉ាងណា លោក ហ៊ុន សែន មិន​បាន​ថ្លែង​ថា ទោះ​កាលៈទេសៈ​ណា​ក៏ដោយ គឺ​កម្ពុជា​ដាច់ខាត​ត្រូវតែ​ជួយ​ចិន ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ឡើយ។ ពាក្យពេចន៍​នេះ​ពិតជា​មិន​បាន​ពោល​មែន​សម្រាប់​លោក ហ៊ុន សែន ទោះ​ជា​ពោល​ពាក្យ​ដឹងគុណ​ចិន​ជា​ញឹកញាប់​ក៏ដោយ។ នេះ​ឆ្លុះ​ឱ្យ​ឃើញ​ថា ការ​ត្រឡប់​ទៅវិញ​របស់​ប្រមុខ​ការទូត​ចិន​ចេញពី​កម្ពុជា គឺ​បាន​ត្រឹម​ពាក្យ​ថា «អរគុណ និង​សរសើរ» តែប៉ុណ្ណោះ ដែល​ថា​ចិន​ជា​មិត្ត​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។ សម្រាប់​លោក Wang Yi ក៏​បាន​ថ្លែង​សរសើរ​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ជា​មិត្ត​ដែកថែប និង​មិត្តភាព​ដ៏​ជ្រាលជ្រៅ​បំផុត។

ដំណើរ​ទស្សនកិច្ច​របស់​លោក Wang Yi មក​កម្ពុជា គឺ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី Wendy Sherman កាលពី​ខែ​មិថុនា។ ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​នា​ពេលនេះ ក៏​ធ្វើ​ឡើង​មុន​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្លាស់​វេន​នៅ​ឆ្នាំ​២០២២ ខាងមុខ​ផង​ដែរ។

ចុះ​នៅ​វៀតណាម​វិញ លោក វ៉ាង យី មាន​បាន​ទទួល​ពាក្យ​ថា​អរគុណ​ដែរ​ឬ​ទេ?

លោក វ៉ាង យី បាន​ទៅដល់​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​កន្លងមក​នេះ។ លោក​បាន​ជួប​ជាមួយ​សម​ភាគី​វៀតណាម Pham Binh Minh ដែល​ជា​ជំនួប​កម្រិត​ស្មើភាព​មុន​លោក​ជួប​ថ្នាក់​ដឹកនាំ​វៀតណាម​ផ្សេង​ទៀត។ ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​សេដ្ឋកិច្ច និង​ការទូត។ ដោយឡែក​វិស័យ​សន្តិសុខ​តំបន់​វិញ សម្រាប់​ភាគី​ចិន មិន​ទទួល​បាន​ការ​ប្ដេជ្ញា​ពី​វៀតណាម ដែល​ថា​រួមគ្នា​ជាមួយ​ចិន​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​ភាគី​ខាងក្រៅ​នោះ​ទេ ទោះ​ជា​ភាគី​ចិន​ស្នើ​ទៅ​វៀតណាម​ថា ត្រូវ​ទប់ស្កាត់​ភាគី​ទី​៣ ចូល​មក​ជ្រៀតជ្រែក​កិច្ចការ​ក្នុង​តំបន់​ក៏ដោយ។

សារព័ត៌មាន​របស់​ជប៉ុន Nikkei Review បាន​ឲ្យ​ដឹង​ថា ចិន​បាន​លួងលោម​វៀតណាម​ឱ្យ​សហការ​ជាមួយ​ចិន ប្រឆាំង​នឹង​ភាគី​ទី​៣ ដែល​មើល​ទៅ​សំដៅ​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​អាមេរិក។ តែ​ផ្ទុយទៅវិញ លោក វ៉ាង យី បាន​ព្រមាន​ឱ្យ​វៀតណាម​ត្រូវ​សហការ​ជាមួយ​ចិន ក្នុង​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព​សមុទ្រ​ចិន​ខាងត្បូង។ តែ​ភាគី​វៀតណាម មិន​បាន​ឆ្លើយតប​តាម​ការ​ទាមទារ​ពី​ចិន​ឡើយ។

វៀតណាម បាន​ឆ្លើយតប​ទៅ​ចិន​ត្រឹម​ពាក្យ​អរគុណ​ប៉ុណ្ណោះ ចំពោះ​ចិន​ដែល​បន្ត​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ប្រឆាំង​កូវីដ-១៩ ចំនួន ៣​លាន​ដូស​ថែមទៀត បន្ទាប់ពី​ទទួល​បាន​វ៉ាក់សាំង​ចិន​ជាង ២​លាន​ដូស​រួចហើយ ខណៈ​វៀតណាម​ទទួល​បាន​វ៉ាក់សាំង​របស់​អាមេរិក​ជាង ៦​លាន​ដូស​ហើយ​នោះ។ មានន័យ​ថា ប្រមុខ​ការទូត​ចិន​ចេញពី​វៀតណាម មិន​ទទួល​បាន​ការ​ប្ដេជ្ញា​ចិត្ត​ពី​វៀតណាម ដើម្បី​ជួយ​ទប់ស្កាត់​ប្រទេស​ទី​៣ ដែល​ចូល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង។ មិនតែប៉ុណ្ណោះ គឺ​គ្រាន់តែ​លោក វ៉ាង យី ចេញពី​ផុត​ពី​ក្រុង​ហាណូយ​បន្តិច ពេល​នោះ​វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ជប៉ុន អំពី​ការ​ពង្រឹង​វិស័យ​សន្តិសុខ​តំបន់។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន និង​សម​ភាគី​វៀតណាម នៅ​ទីក្រុង​ហាណូយ។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ វៀតណាម​នឹង​ទទួល​បាន​ការ​ហ្វឹកហ្វឺន​សមយុទ្ធ​កងទ័ព​ជាមួយ​ជប៉ុន និង​ទទួល​បាន​អាវុធ​ពី​ប្រទេស​ជប៉ុន​ថែមទៀត ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ការ​ការពារ​ដែនទឹក​របស់​វៀតណាម។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ វៀតណាម​ដូចជា​បញ្ឈឺ​ចិត្ត​ចិន​ក៏​ថា​បាន​ដែរ។

និយាយ​អំពី​ប្រមុខ​ការទូត​ចិន ទៅ​ជួប​សម​ភាគី​សិង្ហបុរី និង​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ខ្លាំង​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ ថា​តើ​បាន​ពាក្យពេចន៍​អ្វី​នាំ​ត្រឡប់​ទៅ​ប្រាប់​ប្រធានាធិបតី ស៊ី ជីនពីង។

សិង្ហបុរី ជា​ប្រទេស​អាស៊ាន​ចុងក្រោយ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច ៣​ប្រទេស​ក្នុង​តំបន់​អាស៊ាន​របស់​លោក វ៉ាង យី។

បន្ទាប់ពី​បិទ​បញ្ចប់​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន គឺ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លី ស៊ានឡុង បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​ភ្លាម​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ លោក​រៀបរាប់​ថា សិង្ហបុរី​ស្វាគមន៍​ចិន ដែល​នៅ​បន្ត​វិភាគទាន​សម្រាប់​ពិភពលោក។ ជាមួយ​គ្នា​នេះ ក្រសួង​ការបរទេស​សិង្ហបុរី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​បាន​ពោល​ពាក្យ​ថា លោក​នាយករដ្ឋមន្ត្រី លី ស៊ានឡុង និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង យី គឺ​ឥស្សរជន​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​ចំណុច​វិជ្ជមាន​នៅ​ក្នុង​សហប្រតិបត្តិការ​របស់​ចិន និង​សិង្ហបុរី នៅ​អំឡុង​ជំងឺ​កូវីដ​រាតត្បាត។

ចំពោះ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន មក​កាន់​ប្រទេស​បី​នៅ​អាស៊ី​អាគ្នេយ៍​នេះ គឺ​ក្រសួង​ការបរទេស​ចិន បាន​អះអាង​ថា ប្រទេស​ដែល​លោក វ៉ាង យី ទៅ​ធ្វើ​ទស្សនកិច្ច​សុទ្ធសឹងតែ​ជា​ប្រទេស​ជិតខាង​ដ៏​ជិតស្និទ្ធ និង​ជា​ដៃគូ​សំខាន់​របស់​ចិន។ ប៉ុន្តែ​ប្រទេស​បី​នេះ សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​មន្ត្រី​ជាន់ខ្ពស់​អាមេរិក មក​ធ្វើ​ទស្សនកិច្ច ដូចជា​អនុរដ្ឋមន្ត្រី​ការបរទេស Wendy Sherman មក​កាន់​កម្ពុជា។ អនុប្រធានាធិបតី អ្នកស្រី កាម៉ាឡា ហារីស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ ឡយ អូស្ទីន ទៅ​ធ្វើ​ទស្សនកិច្ច​បន្តបន្ទាប់​គ្នា​នៅ​វៀតណាម និង​សិង្ហបុរី កាលពី​ខែ​មុន​នេះ។

យ៉ាងណា ទស្សនកិច្ច​របស់​ប្រមុខ​ការបរទេស​ចិន នៅ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​បី​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ក្រុង​ប៉េកាំង ព្យាយាម​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​រុញច្រាន​ឥទ្ធិពល​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ក្រុង​វ៉ាស៊ីនតោន ចាត់ទុក​ជា​ចក្ខុវិស័យ​ដ៏​គន្លឹះ​នៃ​សហប្រតិបត្តិការ​រឹងមាំ​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​ក្នុង​តំបន់។

ប៉ុន្តែ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​មេដឹកនាំ​បី​ប្រទេស​នេះ មាន​តែ​មេដឹកនាំ​កម្ពុជា​មួយ​គត់​បង្ហាញ​អារម្មណ៍​មនោសញ្ចេតនា​ជ្រាលជ្រៅ​ពន់ពេក​ជាមួយ​ចិន ជាមួយ​នឹង​ពាក្យ​ថា ដឹងគុណ អរគុណ​ចិន​មិន​ដាច់​ពី​មាត់ តែ​គ្មាន​ទេ​ពាក្យ​សច្ចា​ថា​បើ​ចិន​មាន​ទុក្ខ​ក្នុង​គ្រា​ណា​ដោយសារ​ការ​បង្កហេតុ​ពី​ប្រទេស​ទី​៣ គឺ​កម្ពុជា​ត្រូវ​ប្ដូរផ្ដាច់​នោះ គឺ​គ្មាន​ទេ។ សម្រាប់​ប្រទេស​ពីរ​ទៀត ពាក្យ​ថា​អរគុណ​ចិន សឹងតែ​និយាយ​ពុំ​ចេញ​រួច​ពី​មាត់​មេដឹកនាំ​នោះ​ងាយៗ​ឡើយ គឺ​មិន​ដូច​មេដឹកនាំ​កម្ពុជា​នោះ​ទេ។

ឆ្លង​តាមរយៈ​ទស្សនកិច្ច​បី​ប្រទេស​នេះ​នៅ​អាស៊ាន គឺ​ប្រមុខ​ការទូត​ចិន លោក វ៉ាង យី ត្រឡប់​ទៅវិញ​បាន​ត្រឹម​ប្រាប់​មេដឹកនាំ​ចិន ស៊ី ជីនពីង នូវ​ពាក្យ​ថា គេ​អរគុណ​ចិន តែ​ពុំ​មាន​ការ​សន្យា​ជួយ​ចិន​ប្រឆាំង​នឹង​អាមេរិក​ឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស