25 C
Phnom Penh

រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​នេះ កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង ៣៨០០​លាន​ដុល្លារ

បទវិភាគ

អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​២០២១ នេះ ប្រទេស​កម្ពុជា​ប្រមូល​ចំណូល​បាន​ពី​ពន្ធដារ និង​ពន្ធគយ​ជាង ៣៨០០​លាន​ដុល្លារ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ ចំណូល​នេះ​បាន​ធ្លាក់​ចុះ​រង្វង់ ៦​ភាគរយ។

ក្នុង​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ បាន​ឱ្យ​ដឹង​ថា រយៈពេល ៩​ខែ​ឆ្នាំ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​ចូល​ជាតិ​បាន​ចំនួន ២១១១​លាន​ដុល្លារ ស្មើ​នឹង ៩៤,១២​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០២០ ចំណូល​នេះ​បាន​ថយ​ចុះ​ប្រមាណ​ជាង ១៣៥​លាន (១៣៥,៨៦​លាន) ដុល្លារ ឬ​ស្មើ​នឹង ៦,០៥​ភាគរយ។

ចំណែក​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យ​ដឹង​ថា រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០២១ ខ្លួន​ប្រមូល​ចំណូល​បាន​ចំនួន​ជិត ១៧០០​លាន​ដុល្លារ (១៦៩៩,១​លាន) ឬ​ស្មើ​នឹង ៧១,៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២០ ចំណូល​នេះ​បាន​ថយ​ចុះ​ប្រមាណ ៦,៨​ភាគរយ។

អគ្គនាយកដ្ឋាន​គយ​ដដែល​ឱ្យ​ដឹង​ថា ប្រភេទ​ពន្ធ និង​អាករ​ដែល​ប្រមូល​បាន ក្នុង​នោះ​អាករ​លើ​តម្លៃ​បន្ថែម ៣៨​ភាគរយ​នៃ​ចំណូល​សរុប អាករ​ពិសេស​ជាង ៣៧​ភាគរយ ហើយ​ពន្ធ​នាំចូល​ជាង ១៨​ភាគរយ ខណៈ​អាករ​បន្ថែម​លើ​ផលិតផល​ប្រេង​ចំនួន ៤,៥​ភាគរយ និង​អាករ​នាំចេញ និង​កម្រៃ​ផ្សេងៗ​ចំនួន ២​ភាគរយ​នៃ​ចំណូល​សរុប។

អគ្គនាយកដ្ឋាន​គយ​បញ្ជាក់​ថា ចំណូល​ពី​យានយន្ត និង​គ្រឿងចក្រ​គ្របដណ្ដប់ ៤១,៩​ភាគរយ​នៃ​ចំណូល​សរុប ហើយ​ទំនិញ​ចម្រុះ​មាន​ចំនួន ២៨,៣​ភាគរយ​នៃ​ចំណូល​សរុប ខណៈ​ផលិតផល​តេលសិលា ២៣,៥​ភាគរយ​នៃ​ចំណូល​សរុប និង​សម្ភារ​សំណង់ និង​កម្រៃ​ផ្សេងៗ ៦,៣​ភាគរយ​នៃ​ចំណូល​សរុប។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២១ បាន​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ឆ្វេង​គ្មាន​ពន្ធ​ទាំងអស់ ឱ្យ​ប្រញាប់​ទៅ​បង់​ពន្ធ​យ៉ាង​យូរ​នៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ ឬ​បន្ធូរបន្ថយ​ពន្ធ និង​អាករ ១០​ភាគរយ។

ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ព្រមាន​ដក​តំណែង និង​បណ្ដេញ​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ចេញពី​បក្ស ប្រសិនបើ​ជា​ពួកគេ​ប្រើប្រាស់​រថយន្ត​ស៊េរី​ទំនើប​ដោយ​គ្មាន​ពន្ធ និង​នៅតែ​មិន​គោរព​ច្បាប់។

ទោះ​យ៉ាងណា នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ចាត់ទុក​សារ​ព្រមាន​របស់​លោក ហ៊ុន សែន ថា​ជា​សញ្ញា​មួយ​ដើម្បី​បើក​ភ្លើង​ខៀវ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ធ្វើការ​ឱ្យ​បាន​ហ្មត់ចត់។ លោក​បន្ត​ថា ការ​ប្រើប្រាស់​រថយន្ត​ស៊េរី​ទំនើប​មិន​បង់​ពន្ធ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ផង៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស