26 C
Phnom Penh

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ពី​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបរមរតនកោដ្ឋ

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ពី​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​ព្រះបរមរតនកោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ក្នុង​ពិធី​រំឭក​ខួប ៩​ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត​ព្រះបរមរតនកោដ្ឋ​សម្ដេច​ព្រះ​នរោត្ដម សីហនុ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២១ និង​សូម​ឱ្យ​ព្រះអង្គ​យាង​បដិសន្ធិ​ក្នុង​ព្រះ​បរម​សុគតិភព។

ទោះ​ជា​លោក ហ៊ុន សែន បាន​សម្ដែង​ការ​គោរព​បែប​នេះ​ក្តី ប៉ុន្តែ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ​ក៏​ធ្លាប់​រង​ការ​គំរាមកំហែង​ពី​មេដឹកនាំ​ដែល​រដ្ឋាភិបាល​វៀតណាម​លើក​បន្តុប​រូប​នេះ​ដែរ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា ប្រជារាស្ត្រ​ទូទាំង​ប្រទេស ព្រមទាំង​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ជាន់​ថ្នាក់ បាន​នាំគ្នា​សម្ដែង​នូវ​ការ​គោរព​ដឹង​គុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​ព្រះបរមរតនកោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ព្រះរាជ​កាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា។

ក្រៅពី​លោក ហ៊ុន សែន សរសេរ​សារ​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​គាត់ គឺ​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២១ នេះ មន្ត្រី​រាជការ​គ្រប់​ក្រសួង​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា​ទាំងអស់ ដូចជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ជាដើម បាន​នាំគ្នា​ទៅ​គោរព​បូជា​រូបសំណាក​ព្រះករុណា​ព្រះបាទ​នរោត្តម សីហនុ ដែល​តម្កល់​នៅ​ជិត​វិមាន​ឯករាជ្យ​ក្នុង​ទីក្រុង​ភ្នំពេញ។

ព្រះបាទ​នរោត្តម សីហនុ ប្រសូត​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២១ ហើយ​ព្រះអង្គ​បាន​សោយរាជ្យ​លើក​ទី​១ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៤១ ដល់​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​១៩៥៥ និង​សោយរាជ្យ​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៤។ ព្រះអង្គ​បាន​សុគត​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគាពាធ។

ជុំវិញ​ថ្ងៃ​ខួប ៩​ឆ្នាំ​នៃ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ខួប ៩​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះបាទ​នរោត្តម សីហនុ ធ្វើ​ឲ្យ​ពលរដ្ឋ និង​បញ្ញវន្ត​ខ្មែរ​ជាច្រើន​បាន​រំឭក​ដល់​ព្រះរាជ​គុណ និង​ស្នាព្រះហស្ត​របស់​ព្រះអង្គ​ដែល​បាន​ជួយ​កម្ពុជា​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដើម្បី​ថែរក្សា​បូរណភាព​ទឹកដី​របស់​កម្ពុជា​ដល់​សព្វថ្ងៃ​នេះ។

លោក​លើកឡើង​ថា បើ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​ភាគី​ពិត​ជា​នៅ​ចងចាំ​ព្រះរាជ​សកម្មភាព វីរភាព និង​គោរព​ដឹង​ព្រះរាជ​គុណ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ព្រះអង្គ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ​ពិត​មែន​នោះ ពួកគេ​គួរតែ​នាំគ្នា​បញ្ចប់​នយោបាយ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក ដែល​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង។ ផ្ទុយទៅវិញ ពួកគេ​គួរតែ​ងាក​ទៅ​រក​ការ​ចរចា​ដើម្បី​បង្រួបបង្រួម សាមគ្គី​ជាតិ ដូច​ព្រះរាជ​តម្រិះ​ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ ធ្លាប់​បាន​ដឹកនាំ​រក​ការ​ផ្សះផ្សា​ជាតិ​កន្លងមក។

ចំណែក​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា នេះ​ផង​ដែរ​ថា លោក​សូម​រំឭក​ដឹង​គុណ​ដល់​ស្នាព្រះហស្ត​របស់​អតីត​ព្រះ​មហា​វីរក្សត្រ​ខ្មែរ ក្រោម​ព្រះរាជ​សកម្មភាព​ខិតខំ​ប្រឹងប្រែង​របស់​ព្រះអង្គ អាច​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ជាតិ​ពី​អាណានិគម​បារាំង នៅ​ឆ្នាំ​១៩៥៣ ការ​ឈ្នះ​ក្តី​លើ​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ នៅ​ឆ្នាំ​១៩៦២ និង​ការ​បង្រួបបង្រួម​ជាតិ​ឡើងវិញ​ពី​ឆ្នាំ​១៩៩១ ផង​ដែរ។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា ក្រោយ​អវត្តមាន​ព្រះករុណា​ព្រះបាទ​នរោត្តម សីហនុ ពេល​នេះ​កម្ពុជា​ហាក់ដូចជា​បាត់បង់​នូវ​ភាព​ជា​អ្នក​ដឹកនាំ​ដើម្បី​បង្រួបបង្រួម​ជាតិ និង​រក​ការ​ឯកភាព​ជាតិ​តាម​គោលការណ៍​សេរី​ពហុ​បក្ស​ពិតប្រាកដ ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​កម្ពុជា​ដែល​ប្តូរផ្តាច់​កាន់​អំណាច​គ្មាន​ពេល​កំណត់ លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​នៅ​ខេត្ត​ត្បូងឃ្មុំ ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៧ ថា មាន​តែ​ត្រកូល «ហ៊ុន» ប៉ុណ្ណោះ​ដែល​ជា​អ្នក​ធានា​ការពារ​ប្រទេស​កម្ពុជា រដ្ឋធម្មនុញ្ញ ជាពិសេស​របប​រាជា​និយម។

យ៉ាងណាក៏ដោយ កាលពី​ឆ្នាំ​២០០៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​គំរាម​រំលាយ​របប​រាជា​និយម ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​របប​សាធារណរដ្ឋ​ផង​ដែរ ប្រសិនបើ​សម្ដេច​ព្រះ​នរោត្តម សីហនុ មិន​ព្រម​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ស្ដីពី​ព្រំដែន​កម្ពុជា-វៀតណាម ដើម្បី​ឱ្យ​បក្ស​កាន់​អំណាច​អាច​ចុះ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​ជាមួយ​រដ្ឋាភិបាល​វៀតណាម បាន​បន្ត​ទៀត​ទេ​នោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស