25 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ៖ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៥៣៩​ករណី​កាលពី​ខែ​កញ្ញា

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ឲ្យ​ដឹង​ថា ពេញ​មួយ​ខែ​កញ្ញា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៥៣៩​ករណី ចាប់​យក​គ្រឿងញៀន​ជាង ២៦​គីឡូក្រាម ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ១០៣៩​នាក់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស។

ផ្ទុយពី​មោទកភាព​ចំពោះ​ការ​បង្ក្រាប​នេះ ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម​ចាត់ទុក​ថា បទល្មើស​គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ច្រើន​ជា​រៀងរាល់​ខែ​ជា​បន្តបន្ទាប់​មក​នេះ គឺ​បញ្ជាក់​ថា បទល្មើស​នេះ​មិន​ទាន់​មាន​សញ្ញា​ថយ​ចុះ​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ។

លោក ស ខេង បាន​បង្ហាញ​របាយការណ៍​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​ទី​១៩ តុលា នេះ​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​បាន​ថយ​ចុះ ៥៤% បើ​ធៀប​នឹង​ខែ​សីហា ឆ្នាំ​២០២១។

របាយការណ៍​ដដែល​បញ្ជាក់​ថា គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ខែ​កញ្ញា រួម​មាន មេតំហ្វេតាមីន​ក្រាម​ម្សៅ មេតំហ្វេតាមីន​គ្រាប់ អ៊ិចស្តាស៊ី កេតាមីន Nimetazepam សារធាតុ​គីមី​ផ្សំ និង​កញ្ឆា​ស្ងួត ជាដើម។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា ក្នុង​ចំណោម​បទល្មើស​គ្រឿងញៀន​ទាំង ៥៣៩​ករណី​ខាងលើ​នេះ គឺ​ករណី​គ្រឿងញៀន​ធំៗ​ដែល​មាន​ប្រភព​ចរាចរ​ឆ្លងកាត់​តាម​ច្រក​ព្រំដែន​គោក​ស្ថិត​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​ឃើញ និង​បង្ក្រាប​បាន​ចាប់ពី ១​គីឡូក្រាម​ឡើង គឺ​មាន​ចំនួន ៤​ករណី ឃាត់​ខ្លួន​ជន​សង្ស័យ ៦​នាក់ និង​រឹបអូស​គ្រឿងញៀន​សរុប​បាន​ជាង ១៦​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​បាន​ជាង ៤​គីឡូក្រាម។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ក្រើន​រំឭក​ចំពោះ​សមត្ថកិច្ច​បង្កើន​សមត្ថភាព​បង្ក្រាប និង​មាន​វិធានការ​ម៉ឺងម៉ាត់​ចាប់​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ ទប់ស្កាត់​បទល្មើស​ចរាចរណ៍​គ្រឿងញៀន ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស