25 C
Phnom Penh

ភាគ​៨៖ តើ​នៅ​អឺរ៉ុប បក្ស​ប្រជាជន​កម្ពុជា​ពង្រីក​បណ្ដាញ​យុវជន​នៅ​ប្រទេស​សំខាន់ៗ​ណា​ខ្លះ ហើយ​អ្នក​ណា​ខ្លះ​ចូលរួម?

បទវិភាគ

ក្រៅពី​ការ​បង្កើត​បណ្ដាញ​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​អាមេរិក​ខាងជើង គណៈកម្មាធិការ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បង្កើត​បណ្ដាញ​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​សហភាព​អឺរ៉ុប។ អ្នក​ចូលរួម​មិនមែន​មាន​តែ​ក្រុម​យុវជន​នោះ​ទេ មាន​ទាំង​មនុស្ស​ចំណាស់ៗ និង​ពាណិជ្ជករ​ចិន​ថែម​ទៀត​ផង។

ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស បែក​មែក​សាខា​ចេញពី​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​បែក​មែកធាង​នៅ​តាម​ប្រទេស​សេរី​ប្រជាធិបតេយ្យ​នៃ​សហភាព​អឺរ៉ុប មាន​រយៈពេល​យ៉ាង​តិច ៦​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៥ មក។

មុន​ឆ្នាំ​២០១៥ សកម្មភាព​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​សូវ​ស្តែង​ចេញ​ជា​រូបភាព​ព្រោងព្រាត​នោះ​ទេ ទាំង​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ទាំង​នៅ​អឺរ៉ុប ទោះ​ជា​មាន​គម្រោង​ផែនការ​ពង្រីក​សាខា​យុវជន​បក្ស​តាំងពី​ឆ្នាំ​២០១៣ មក​ក៏ដោយ។

ក្នុង​សេចក្តី​រាយការណ៍​ពី​មុនៗ យើង​បាន​ជម្រាប​ថា មន្ត្រី​រាជរដ្ឋាភិបាល​ក្នុង​ក្រសួង​មាន​មុខតំណែង​សកម្ម​ទាំង​ស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ ពាណិជ្ជករ បាន​ទទួល​ការ​តែងតាំង​ជា​អ្នក​គ្រប់គ្រង​មើល​ការ​ខុសត្រូវ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ចាត់​តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា។ មាន​អ្នក​ខ្លះ​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​មជ្ឈិម​បក្ស (Party Central Committee) មាន​ខ្លះ​ជា​សមាជិក​ចលនា​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល។

របៀប​បំបែក​ការងារ​ត្រួតត្រា​ពង្រឹង​អំណាច​ទៅ​ក្រៅ​ប្រទេស មិន​ខុស​ពី​របៀប​បែងចែក​ការងារ​ចងក្រង​ក្រសួង មន្ទីរ នាយកដ្ឋាន អង្គភាព​កងទ័ព និង​ស្ថាប័ន​ស៊ីវិល​នៅ​ក្នុង​ស្រុក ដែល​យើង​បាន​រាយការណ៍​ពី​មុន​អំពី​សម្ព័ន្ធ​មេត្រីភាព​កងទ័ព ក្រុមហ៊ុន​ឯកជន និង​អង្គភាព​ស៊ីវិល​នោះ​ឡើយ។

  • ម៉ឹង ពន្លក ឧត្តមសេនីយ៍​ខាង​ទ័ព​អាកាស ទទួល​បន្ទុក​អាមេរិក​ខាងជើង សហរដ្ឋ​អាមេរិក និង​កាណាដា។
  • តាម​ភូមិភាគ និង​តំបន់​នៅ​សហរដ្ឋ​អាមេរិក ណុប តារា អភិបាល​រង​ខេត្ត​កណ្តាល ទទួល​បន្ទុក​ប៉ែក​ខាង​លិច​សហរដ្ឋ​អាមេរិក រួម​នឹង សរ សេរីវិចិត្រ មន្ត្រី​រដ្ឋាភិបាល ចាវ ជីអាន ពាណិជ្ជករ​ជួញដូរ​ចែកចាយ​ផលិតផល​កសិកម្ម​ជាមួយ​ក្រុមហ៊ុន​អាមេរិក Farmer Brothers និង​ក្រុមហ៊ុន Wesco កាវ វ៉ាន់នី មន្ត្រី​រដ្ឋាភិបាល និង សៅ វឌ្ឍនា ឆាយ ចន្ទរិទ្ធី សូលីដា មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​រដ្ឋ​កាលីហ្វ័រនីញ៉ា។
  • ជាម គុណណាត ដៃគូ ហ៊ុន ម៉ាណា ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ អូគីដេ ទទួល​បន្ទុក​ប៉ែក​ខាងកើត​សហរដ្ឋ​អាមេរិក នៅ​រដ្ឋ Pennsylvania និង New Jersey។
  • ឈ្មោះ ហួត ហាក់ ជា​មន្ត្រី​រដ្ឋាភិបាល ទទួល​បន្ទុក​នៅ​ក្នុង​សហភាព​អឺរ៉ុប។
  • ប៊ុន សារៈមុន្នី ជា​មន្ត្រី​ក្នុង​រដ្ឋាភិបាល ទទួល​បន្ទុក​នៅ​ប្រទេស​បែលហ្សិក និង ហុឡង់ដ៍។
  • នៅ​ប្រទេស​បារាំង មាន​ឈ្មោះ ម៉ី វ៉ាន ប៉ូ ប៉ាសិទ្ធ ជា​មន្ត្រី​រាជរដ្ឋាភិបាល និង សាត វិច្ឆិកាហួត ប៊ុណ្ណារី ជា​មន្ត្រី​រដ្ឋាភិបាល ទទួល​បន្ទុក​តំបន់ Ile de France ក្បែរ​រដ្ឋធានី​ប៉ារីស។ ស៊ូនី វង្សវិសិទ្ធ ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ទទួល​បន្ទុក​ការងារ​ហ្វឹកហ្វឺន ជា​តំណាង​ផ្នែក​និស្សិត​ក្រៅ​ប្រទេស។
  • ឆាត ឡេងចន្ទចរិយា អនុប្រធាន​ក្រុម​ការងារ​យុវជន​ក្រៅ​ប្រទេស-អឺរ៉ុប ធ្វើការ​នៅ​ក្រសួង​ហិរញ្ញវត្ថុ ទទួល​បន្ទុក​ការងារ​រដ្ឋបាល និង​ហិរញ្ញវត្ថុ។ គ្រួសារ​មាន​ហាង​លក់​ពេជ្រ និង​អ៊ុតសក់។

នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ហួត ហាក់ ធ្វើជា​អធិបតី​នៃ​ពិធី​ប្រកាស​ជា​ផ្លូវការ​រៀបចំ​ចាត់​តាំង ផូ ផារិទ្ធ ជា​អនុប្រធាន​គណៈ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​ក្រុម​ការងារ​យុវជន ទទួល​បន្ទុក​ខណ្ឌ Val D’oise; Bussy-Saint-Georges តំបន់ Ile de France និង​តំបន់ Centre-Val-de-Loire។

ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ អាជ្ញាធរ​មាន​សមត្ថកិច្ច​បារាំង ឆែក​កាបូប​របស់​គណៈប្រតិភូ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឃើញ​មាន​ក្រដាស​លុយ​ដុល្លារ​ពី ៣ ទៅ ៦​លាន​ដុល្លារ ដែល​បម្រុង​យក​ចូល​ប្រទេស​បារាំង តាមរយៈ​គណៈប្រតិភូ​រាជរដ្ឋាភិបាល។ អន្តរាគមន៍​ពី​ស្ថានទូត​ខ្មែរ​នៅ​បារាំង និង​ក្រសួង​ការបរទេស បាន​បញ្ចប់​រឿង​អាស្រូវ​រំលោភ​ច្បាប់​បារាំង​នោះ​វិញ​រហូត​ដល់​សព្វថ្ងៃ។ ឯកអគ្គរាជទូត នុត ណារ៉ាង បដិសេធ​ថា​គ្មាន​រឿង​ឃុបឃិត​យក​លុយ​ចូល​ស្រុក​បារាំង​ទេ។ អ្នក​នាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចោទ​សួរ​ថា៖ «តើ​គាត់​យក​លុយ​សុទ្ធ ៣​លាន ទៅ ៦​លាន​ដុល្លារ​ជាប់​នឹង​ខ្លួន​ជិះ​យន្តហោះ​យ៉ាង​ម៉េច​នឹង​កើត? បើ​យក​លើស​ពី ១​ម៉ឺន​ដុល្លារ អាជ្ញាធរ​នឹង​ចាប់​គាត់​ទៅ​ហើយ ពេល​ចុះ​ពី​យន្តហោះ​ភ្លាម​នោះ»

រឿង​ដែល​លោក សុខ ឥសាន មិន​បាន​ដឹង ឬ​មិន​ចង់​និយាយ​នោះ គឺ​អាជ្ញាធរ​បារាំង​រឹបអូស​លុយ​នោះ​ទុក​សិន​ទៅ​ហើយ ទម្រាំ​រក​ខុសត្រូវ។ ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ លោក ហ៊ុន ម៉ាណែត និង​គណៈប្រតិភូ​ប្រមាណ ៣០​នាក់​មាន​គម្រោង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង បែលហ្សិក អាល្លឺម៉ង់ និង​ស្វីស។ ឆ្នាំ​២០១៥ ជា​ឆ្នាំ​ដែល​សកម្មភាព​ចលនា​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា ផ្តើម​ធ្វើ​សកម្មភាព​រើស​សមាជិក​ក្រៅ​ប្រទេស។ មាន​ការ​ចោទ​ថា ហ៊ុន ម៉ាណែត យក​លុយ​ទិញ​មនុស្ស​ពី​ម្នាក់ៗ ៣០០​អឺរ៉ូ ឬ ៣៣០​ដុល្លារ ដើម្បី​ឲ្យ​គាំទ្រ​ឪពុក និង​បក្ស​ខ្លួន។

តើ​មាន​ក្រុម​ខ្មែរ​ណា​មួយ​នៅ​បារាំង តាមដាន​រឿង​នេះ​ឬ​ទេ​មក​ទល់​ពេល​នេះ?

ក្រៅពី​ស្រុក​បារាំង បែលហ្សិក និង​ហុឡង់ដ៍ ឯកអគ្គរាជទូត ណុំ ពិសិដ្ឋ ជា​អ្នក​តំណាង​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា។ ប្រទេស​ទាំង​ពីរ​នេះ​មិន​ត្រឹមតែ​មាន​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ថែម​ទៀត​ផង។ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦ ពិធី​ចែក​ប័ណ្ណ​សមាជិក​បក្ស​ដល់​យុវជន​ចូល​ថ្មីៗ​នៅ​ហុឡង់ដ៍ ធ្វើ​ឡើង​នៅ​ក្រោម​អធិបតីភាព​ឈ្មោះ សារុន រិទ្ធា។ អនុប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ប្រទេស​បែលហ្សិក និង​ហុឡង់ដ៍ គឺ​ឈ្មោះ ជាប ទូច ដោយ​មាន​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​គណបក្ស​មាន​ឈ្មោះ តាន់ ដាតអួន និង ស្វាយ ណារិន អម​ដំណើរ បាន​យក​អំណោយ​ទៅ​ចូលរួម​មរណទុក្ខ​ឧបាសិកា ស៊ុន ង៉ា នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២០ នៅ​គេហដ្ឋាន​អ្នកស្រី អ៊ឹង គីមមិលី នា​ខេត្ត​ហៃណូត (Hainaut) ប្រទេស​បែលហ្សិក។ ហ៊ុន ម៉ាណែត បាន​ទៅ​ជួប​ខ្មែរ​ម្តង​ទៀត​នៅ​ប្រទេស​អង់គ្លេស អាល្លឺម៉ង់ និង​ហុឡង់ដ៍ ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៧។

ដទៃ​ពី​គណៈកម្មាធិការ​បក្ស ក្រុម​ការងារ​រៀបចំ​ចាត់​តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស វិស័យ​អាជីវកម្ម​ឯកជន​ក៏​បង្ហាញ​ការ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ តាមរយៈ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ប្រទេស​បារាំង ជាពិសេស​ពី​សហគមន៍​អាជីវករ​ពាណិជ្ជករ​ចិន-ខ្មែរ។ តាម​ការ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ សមាគម​ចិន​ជាច្រើន​បាន​អបអរ​សាទរ​ខួប ៤០​ឆ្នាំ​នៃ​ទិវា ៧​មករា មាន​សមាគម​ដូច​តទៅ​នេះ៖

  1. សមាគម​ចិន​កន់តាំង
  2. សមាគម​ចិន​ហៃណាំ
  3. សមាគម​បាត់ដំបង
  4. សមាគម​ចិន​ទីវជីវ
  5. សមាគម​ដុងហ្វា
  6. សមាគម​ហាង​ទំនិញ​ប៉ារីស

គួរ​កត់សម្គាល់​ថា ជនជាតិ ឬ​អាណិកជន​ចិន​នៅ​ស្រុក​ខ្មែរ​ពី​សម័យ​មុន ត្រូវ​ពួក​កុម្មុយនីស្ត​ផ្ដាច់ការ​ចាត់ទុក​ថា​ជា​នាយទុន​មូលធន​និយម កេងប្រវ័ញ្ច​លើ​ខ្នង​ប្រជាពលករ ហើយ​បាន​ទទួល​ការ​ធ្វើ​បាប និង​សម្លាប់​យ៉ាង​ច្រើន​ពី​ពួក​នោះ។

ក្រៅពី​សមាគម​ជនជាតិ​ចិន សមាគម​ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​បារាំង ក៏​បាន​បង្ហាញ​ការ​ប្ដេជ្ញា​គាំទ្រ​កិច្ច​ដឹកនាំ​លោក ហ៊ុន សែន ដែរ។ កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ ឈ្មោះ សោម ស៊ុនស្រេន ប្រធាន​សមាគម​សាមគ្គី​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា នៅ​ក្រុង​លីល ខេត្ត​រ៉ុង្សគ៍ ប្រទេស​បារាំង បាន​ផ្ញើ​លិខិត​គាំទ្រ​គំនិត​លោក ហ៊ុន សែន ដែល​ចង់​កែ​ច្បាប់​ឲ្យ​ប្រមុខ​ស្ថាប័ន​ជាតិ​៤ គឺ​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​នាយករដ្ឋមន្ត្រី ឬ​ប្រមុខ​រាជរដ្ឋាភិបាល ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។

នៅ​ស្រុក​បារាំង​ដែរ សមាគម​ជាតិ​ខ្មែរ​នៃ​ខេត្ត​ស្រ្តាស្បួគ៍ (Strasbourg) ប្រទេស​បារាំង ក៏​ផ្ញើ​លិខិត​មាន​ខ្លឹមសារ​ដូច​គ្នា គាំទ្រ​គំនិត​លោក ហ៊ុន សែន ចុះហត្ថលេខា​ដោយ​តំណាង​ថ្នាក់​ដឹកនាំ​សមាជិក​សមាជិកា​ឈ្មោះ មុំ យឿត។ រីឯ​អ្នក​សុខចិត្ត​ជួយ​លោក ហ៊ុន សែន តាមដាន​ការ​ផ្សាយ​ព័ត៌មាន​ក្រៅ​ស្រុក​មួយ គឺ​ឈ្មោះ កង ប៉ូរ៉ាល់ នៅ​អាល្លឺម៉ង់។

រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ទៀត គឺ​រឿង​នាំគ្នា​ចេញ​ញត្តិ​ព្រោងព្រាត​គាំទ្រ​គោលនយោបាយ​លោក ហ៊ុន សែន អំពី​ការ​តម្រូវ​ឲ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ដើម្បី​ធ្វើ​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​នាយករដ្ឋមន្ត្រី​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ក្រុម​អង្គការ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស ដែល​ភាគច្រើន​ជា​មនុស្ស​បម្រើ​ការ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ដូចជា៖

  • ក្រសួង​មហាផ្ទៃ
  • ក្រសួង​ការពារ​ជាតិ
  • ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ
  • ក្រសួង​ផែនការ
  • ក្រសួង​ព័ត៌មាន
  • ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជាដើម។

ក្រុម​ហ្នឹង​គេ​ថា​គេ​ជា​តំណាង​ឲ្យ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស ប៉ុន្តែ​គេ​ធ្វើ​ការងារ​ក្រោម​បង្គាប់​លោក ហ៊ុន សែន។ យើង​មិន​ដឹង​ថា តើ​ច្បាប់​ប្រទេស​នីមួយៗ​ក្នុង​សហភាព​អឺរ៉ុប ចែង​ដូចម្តេច​ទេ​ចំពោះ​ពលរដ្ឋ​ចូល​សញ្ជាតិ ដែល​បម្រើ​ប្រយោជន៍​បក្ស​ក្តាប់​អំណាច​ផ្ដាច់មុខ​ផ្ដាច់ការ​ជា​អតីត​បក្ស​កុម្មុយនីស្ត​នោះ។

សប្តាហ៍​បន្ទាប់ សូម​ជូន​ភាគ​បន្ត​អំពី​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា នៅ​អាស៊ី បន្ទាប់​មក​អូសេអានី៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស