25 C
Phnom Penh

បទវិភាគ៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​ពុំ​មាន​មេដឹកនាំ​យោធា​ភូមា​គឺជា​បរាជ័យ​ថ្មី​ទៀត​នៃ​របប​សឹក​នៅ​លើ​វេទិកា​តំបន់

បទវិភាគ

កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​រយៈពេល ៣​ថ្ងៃ បាន​ចាប់ផ្ដើម​ហើយ​កាលពី​ថ្ងៃ​អង្គារ ទី​២៦ តុលា ប៉ុន្តែ​កិច្ចប្រជុំ​លើក​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ក្រុម​មេដឹកនាំ​ពិភាក្សា​គ្នា​តាមរយៈ​វីដេអូ​អនឡាញ។

យ៉ាងណាក៏ដោយ កិច្ចប្រជុំ​កំពូល​សម្រាប់​ឆ្នាំ​នេះ​ពុំ​មាន​សមាជិក​អាស៊ាន​ណា​មួយ​អវត្តមាន​នោះ​ទេ ក្រៅតែ​ពី​មេដឹកនាំ​របប​សឹក​ភូមា​មួយ​គត់​ត្រូវ​បាន​ផាត់ចោល​មិន​ឱ្យ​ចូលរួម​ប្រជុំ។ ការ​ផាត់ចោល​មេដឹកនាំ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​ជា​មេ​រដ្ឋប្រហារ​ភូមា កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ គឺជា​សេចក្ដី​សម្រេច​ដ៏​កម្រ​នៃ​សមាគម​អាស៊ាន ក្នុង​ការ​ប្រើ​សិទ្ធិ​ជា​អង្គការ​តំបន់​ដោយ​មិន​បារម្ភ​ពី​ការ​រំលោភ​ធម្មនុញ្ញ​អាស៊ាន​ដែល​ចែង​អំពី​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​សមាជិក​អាស៊ាន។

ការ​រាំង​ខ្ទប់​សិទ្ធិ​របស់​តំណាង​ភូមា ទោះ​ជា​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ពិតមែន តែ​ជា​គុណតម្លៃ​មួយ​ដែល​អាស៊ាន​ហ៊ាន​ចាត់ការ​ទៅលើ​សមាជិក​របស់​ខ្លួន ក្នុង​កាលៈទេសៈ​ដែល​អ្នក​ប្រជាធិបតេយ្យ​ធ្លាប់​កត់សម្គាល់​ថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មិន​ដែល​ធ្វើ​ដូច្នេះ​ទេ​កន្លងមក​ទៅ​លើ​ប្រទេស​ដែល​ជា​សមាជិក​របស់​ខ្លួន ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដូចជា​ប្រទេស​កម្ពុជា ជាដើម​នោះ។

ដោយ​មាន​វិធានការ​ជាក់ស្ដែង​ដូចនេះ យ៉ាងហោចណាស់​ក៏​មជ្ឈដ្ឋាន​ខ្លះ​លួច​សរសើរ​អាស៊ាន ជាពិសេស​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ព្រុយណេ និង​ថៃ ដែល​ប្រកាន់​ជំហរ​ថា គោលការណ៍​នយោបាយ​មិន​ជ្រៀតជ្រែក​ក្នុង​ជម្លោះ​សមាជិក​ណា​មួយ​របស់​សមាគម គឺជា​រឿង​ហួស​សម័យ​ទៅ​ហើយ។

ដោយ​មាន​ការ​ប្ដេជ្ញា​ថា សហគមន៍​អាស៊ាន​ដើរ​លើ​ផ្លូវ​អភិវឌ្ឍន៍​តែ​មួយ វាសនា​តែ​មួយ គឺ​មិន​ត្រូវ​ទុក​ឲ្យ​ប្រជាជន​របស់​ប្រទេស​ណា​មួយ​រស់នៅ​យ៉ាង​វេទនា​នៅ​ក្រោម​អំណាច​ផ្ដាច់ការ និង​របប​ខុស​ច្បាប់​នោះ​ទេ។

សន្ទុះ​ទឹកចិត្ត​អាស៊ាន​ដែល​បាន​ចាត់ការ​ទៅលើ​របប​សឹក​ភូមា គឺ​ស្ដែង​ចេញពី​ការ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា ដោយ​សម្រេច​បញ្ជូន​ការ​អនុម័ត​របស់​ខ្លួន​ទៅ​ថ្នាក់លើ គឺ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​របស់​ខ្លួន ដែល​ថា​ត្រូវ​តែ​ផាត់ចោល​តំណាង​ជាន់ខ្ពស់​ភូមា គឺ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង និង​ថ្នាក់ក្រោម​ផ្ទាល់​របស់ មីន អ៊ុងឡាំង មិន​ឱ្យ​ចូល​ប្រជុំ​ជាដាច់ខាត​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា នេះ។

ដើម​ហេតុ​ធ្វើ​ឱ្យ​អាស៊ាន​ដាក់​ពិន័យ​លើ​របប​សឹក​ភូមា គឺជា​ការ​ឆ្លើយតប​ព្រោះតែ​ពួក​យោធា​ភូមា បដិសេធ​មិន​ឱ្យ​ប្រេសិត​អាស៊ាន​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​កំពុង​ជាប់​ឃុំ។ ម្យ៉ាង​វិញ​ទៀត អាស៊ាន​ខកចិត្ត​ជា​ខ្លាំង​ដោយសារតែ​ពួក​យោធា​ភូមា​មិន​បាន​អនុវត្ត​ផែនការ​ប្រាំ​ចំណុច​របស់​មេដឹកនាំ​អាស៊ាន ដែល​បាន​សម្រេច​រួម​ជាមួយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា កន្លងទៅ​នេះ។

ផែនការ​ប្រាំ​ចំណុច​នោះ គឺ​ត្រូវ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងអស់​ក្នុង​នោះ​មាន​ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី និង​បញ្ចប់​អំពើ​ហិង្សា ហើយ​បើក​ផ្លូវ​ឲ្យ​ប្រេសិត​អាស៊ាន​ទៅ​បំពេញ​បេសកកម្ម​របស់​ខ្លួន​ដើម្បី​ស្វែងរក​ដំណោះស្រាយ។ ប៉ុន្តែ​ពួក​យោធា​ភូមា មិន​អាច​ធ្វើ​បាន និង​មិន​គោរព​កិច្ចសន្យា​របស់​ខ្លួន​ឡើយ។ មិន​តែប៉ុណ្ណោះ របប​ប្លន់​អំណាច​ពី​អ្នក​ប្រជាធិបតេយ្យ​នេះ ក៏​បាន​សម្រេច​បើក​ជំនុំ​ជម្រះ​ក្ដី​អ្នកស្រី ស៊ូជី និង​ប្រធានាធិបតី អ៊ូ មីនម្យ៊ីន ថែម​ទៀត​ផង។

ឥឡូវ​នេះ​ទៀត សូម្បី​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នកស្រី អ៊ុងសាន ស៊ូជី ក៏​ពួក​យោធា​ដាក់​បម្រាម​មិន​ឲ្យ​រាយការណ៍​អំពី​ព័ត៌មាន​ចេញពី​សវនាការ​ដែរ។

របប​សឹក​ភូមា បាន​ដាក់​បម្រាម​ខ្ទប់​មាត់​មេធាវី​ទាំង​ប្រាំ​នាក់​ដែល​ការពារ​ក្ដី​ឱ្យ​អ្នកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុងសាន ស៊ូជី ដែល​ជាប់​បទ​ចោទ​ដល់​ទៅ ១១​ករណី មិន​ឱ្យ​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​ការទូត និង​អង្គការ​អន្តរជាតិ​ឡើយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ភូមា Irrawaddy។

បម្រាម​នេះ ត្រូវ​បាន​ដាក់​ចុះ​ភ្លាមៗ​នៅ​មុន​បន្តិច​នៃ​សវនាការ​ចុងក្រោយ​បង្អស់​របស់​អ្នកស្រី ដែល​ទើប​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា និង​បន្ទាប់ពី​មេធាវី U Khin Maung Zaw ប្រធាន​មេធាវី​ក្រុម​ការពារ​ក្ដី​អ្នកស្រី ស៊ូជី ទម្លាយ​ព័ត៌មាន​នៃ​សក្ខីកម្ម​តុលាការ​របស់​ប្រធានាធិបតី អ៊ូ មីនម្យ៊ីន ដែល​មេធាវី​រូប​នេះ​បាន​និយាយ​ថា ពួក​យោធា​បាន​គំរាម​បង្ខំ​លោក មីនម្យ៊ីន ឱ្យ​ចុះ​ចេញពី​តំណែង​នៅ​មុន​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ជា​ថ្ងៃ​រដ្ឋប្រហារ​ផ្ទុះឡើង។ លោក​មេធាវី​មាន​ប្រសាសន៍​ទៅកាន់​សារព័ត៌មាន​ភូមា Irrawaddy អំពី​បញ្ជា​ហាមប្រាម​នេះ។

លោក​ថា រឿង​នេះ​មិន​អាច​ទទួល​យក​បាន​ទេ​ក្នុង​គោលការណ៍​យុត្តាធិការ ព្រោះតែ​វា​មិន​ស្រប​នឹង​គោលការណ៍​មូលដ្ឋាន​នៃ​ប្រព័ន្ធ​តុលាការ​ភូមា។

អស់​រយៈពេល ៩​ខែ​មក​នេះ ប្រទេស​ភូមា បាន​ធ្លាក់​លង់​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១ កុម្ភៈ។

តាម​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល បាតុករ​ប្រមាណ​ជាង ១១០០​នាក់​បាន​ស្លាប់ និង​ជាង ៨​ពាន់​នាក់​ត្រូវ​របប​សឹក​ចាប់​ឃុំ​ខ្លួន។ វិបត្តិ​នយោបាយ​គួបផ្សំ​ជាមួយ​វិបត្តិ​កូវីដ-១៩ កំពុង​ធ្វើ​ឲ្យ​ប្រជាជន​ភូមា រស់នៅ​យ៉ាង​លំបាក​បំផុត។

លោក Andrew Kirkwood អ្នក​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​ភូមា បាន​ថ្លែង​ថា គិត​ត្រឹម​ពេលនេះ​មាន​ប្រជាជន​ភូមា​ប្រមាណ ៣​លាន​នាក់ ត្រូវការ​ជំនួយ​មនុស្សធម៌​ជា​ចាំបាច់។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ បាន​ទទូច​ថា កាលៈទេសៈ​នេះ គឺជា​កិច្ចការ​បន្ទាន់​ណាស់​ដែល​សហគមន៍​អន្តរជាតិ​ត្រូវតែ​ជួយ​ជ្រោមជ្រែង ដើម្បី​ឲ្យ​ប្រទេស​នេះ​ស្ដារ​ស្ថិរភាព សន្តិសុខ លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ​នៅ​ភូមា ឡើងវិញ។

ខណៈ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កំពុង​ប្រព្រឹត្ត​ទៅ អ្នក​សង្កេតការណ៍​បាន​ធ្វើការ​កត់សម្គាល់​ថា របប​សឹក​បាន​ជួប​រឿង​បរាជ័យ​ការទូត​ផ្ទួនៗ គឺ​ស្ទើរ​គ្រប់​វេទិកា​ទាំងអស់​ត្រូវ​បាន​ហាម​ប្រេសិត​យោធា​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ។

នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២២ ខែ​កញ្ញា ក៏​ពួក​យោធា​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​ចូលរួម​ប្រជុំ​ដែរ តែ​មហាសន្និបាត​ទាត់ចោល​ដោយ​ទុក​លទ្ធភាព​ទៅ​ឲ្យ​លោក ក្សមួនធុន តំណាង​រដ្ឋាភិបាល​អ្នកស្រី អ៊ុងសាន ស៊ូជី ចូលរួម​ប្រជុំ។

នៅ​មិន​ដល់​មួយ​ខែ​ផង សមាជិក​សភា​ជិត ៧០០​រូប​នៃ​សភា​សហភាព​អឺរ៉ុប បាន​អនុម័ត​ទទួលស្គាល់​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ប្រឆាំង​របប​សឹក។ បរាជ័យ​បែប​នេះ មិន​បាន​បាត់​ពី​ស្រមោល​ផង ពួក​យោធា​ក៏​ជួប​រឿង​អាម៉ាស់​ធ្ងន់ធ្ងរ​មួយ​ទៀត គឺ​ថ្នាក់​ដឹកនាំ​អាស៊ាន​ទាត់ចោល​មិន​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួម​ប្រជុំ​កំពូល​អាស៊ាន នៅ​ថ្ងៃ​នេះ​តែម្ដង។ បរាជ័យ​ការទូត​ដែល​ពួក​យោធា​ភូមា​មិន​ចង់​ឃើញ​នេះ គឺជា​ការ​វាយបក​ខ្លាំង​ណាស់​ទៅលើ​ជ័យជម្នះ​របស់​ពួក​យោធា​នៃ​ព្រឹត្តិការណ៍​រដ្ឋប្រហារ ថ្ងៃ​ទី​១ កុម្ភៈ ជា​ជោគជ័យ​បាន​មកពី​ការ​ប្លន់​អំណាច​របស់​អ្នក​ប្រជាធិបតេយ្យ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស