25 C
Phnom Penh

មេដឹកនាំ​បក្ស​កាន់​អំណាច​បង្កើន​កិច្ចសហការ​ព្រំដែន​ជាមួយ​វៀតណាម ខណៈ​អ្នក​ឃ្លាំមើល​បង្ហាញ​ពី​ការ​ភ័យ​ព្រួយ

បទវិភាគ

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា កម្ពុជា​និង​វៀតណាម ​បាន​អបអរ​សាទរ​លើ​ពិធី​ផ្លាស់ប្ដូរ​លិខិតុបករណ៍​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៃ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ពិធីសារ​ខណ្ឌ​សីមា​បោះ​បង្គោល​ព្រំដែន​គោក ពិធី​ផ្លាស់ប្ដូរ​ផែនទី​ឋានលេខា​ព្រំដែន​កម្ពុជា-វៀតណាម​ខ្នាត ១/២៥០០០ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ចំពោះ​ខ្សែបន្ទាត់​ព្រំដែន​ដែល​នៅ​សេសសល់​ប្រមាណ ១៦% ទៀត ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​បង្ហាញ​ពី​ការ​ភ័យ​ព្រួយ​កាន់តែ​ខ្លាំង។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៨ តុលា ថា គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ បាន​លើក​ទឹកចិត្ត​ឱ្យ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ និង​ពិភាក្សា​គ្នា​ឱ្យ​បាន​សកម្ម​ថែម​ទៀត​លើ​បញ្ហា​ព្រំដែន​នេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ថា ប្រទេស​ទាំង​ពីរ​បាន​អបអរ​សាទរ​ការ​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្ដោះអាសន្ន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ «ម៉ឺនជ័យតឺនណាម» ក្នុង​កម្រិត​ថ្នាក់​ខេត្ត​រវាង​ខេត្ត​ព្រៃវែង និង​ខេត្ត​តៃនីញ ផង​ដែរ។ ជាង​នេះ​ទៀត ក៏​បាន​ឯកភាព​គ្នា​រៀបចំ​ឱ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ច្រក​ទ្វារ​អន្តរជាតិ​នេះ​ជាមួយ​នឹង​បណ្តា​តំបន់​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​នៅ​ប្រទេស​នីមួយៗ​ថែម​ទៀត។

លោក ស ខេង បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​លើក​ទឹកចិត្ត​ឱ្យ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​ជាអាទិ៍ ជាពិសេស​វិស័យ​អប់រំ វប្បធម៌ កីឡា យុត្តិធម៌ ឧស្សាហកម្ម និង​បច្ចេកវិទ្យា ជាដើម ដោយ​ការ​ជួយ​ឧបត្ថម្ភ​គ្នា​ទៅវិញ​ទៅមក​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ឱ្យ​បាន​កាន់តែ​ជិតស្និទ្ធ​ទៅ​ថ្ងៃ​អនាគត។

នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១ នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១១ ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​វៀតណាម លោក Pham Minh Chinh តាម​ប្រព័ន្ធ​វីដេអូ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១១ ស្ដីពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ជាមួយ​លោក ផាម ប៊ីញមីញ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ តុលា នេះ​ថា ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រោមជ្រែង​ដោយ​កងទ័ព​វៀតណាម ឆ្នាំ​១៩៧៩ មិន​ដែល​ហ៊ាន​ប្រើ​ច្បាប់​អន្តរជាតិ ឬ​ច្បាប់​ជាតិ​របស់​ខ្លួន​ដើម្បី​ការពារ​ទឹកដី​ខ្មែរ​ទេ។

លោក គឹម សុខ អះអាង​ថា រឿង​ដែល​គ្រោះថ្នាក់​សម្រាប់​កម្ពុជា​បន្ទាប់ពី​ការ​កំណត់​ព្រំដែន​ដោយ​ខុស​ច្បាប់ គឺ​ការ​បង្ហូរ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ចូល​ទៅ​រស់នៅ​កម្ពុជា​រាប់​លាន​នាក់ តាមរយៈ​នៃ​ការ​បើក​ច្រក​ព្រំដែន​ជាបន្តបន្ទាប់​ក្រោម​លេស​ផ្សេងៗ ដូចជា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពារ​សន្តិសុខ ដើម្បី​ការពារ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ឬ​ដើម្បី​ដោះដូរ​ពាណិជ្ជកម្ម​ឆ្លងដែន​ជាដើម។ ជាង​នេះ​ទៀត ក៏​ដើម្បី​នាំ​សម្បត្តិ​ធម្មជាតិ​ខ្មែរ​ដែល​មាន​តម្លៃ​មហាសាល​ទៅ​លក់​ឱ្យ​វៀតណាម ផង​ដែរ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ការ​សហការ​របស់​រដ្ឋាភិបាល​ខុស​ច្បាប់​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​វៀតណាម គឺជា​ការ​អនុវត្ត​ដោយ​បំពាន​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​គ្រប់​បែប​យ៉ាង ទាំង​ការ​អនុវត្ត​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ​១៩៨២ ឆ្នាំ​១៩៨៣ និង​ការ​កែប្រែ​ផែនទី​បោន​របស់​កម្ពុជា​ពី​ខ្នាត ១/១០០០០០ មក​ជា​ផែនទី​ថ្មី​ខ្នាត ១/២៥០០០ ជាដើម។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ពិតប្រាកដ គឺ​វៀតណាម​ទៅ​វិញ​ទេ ខណៈ​នាយករដ្ឋមន្ត្រី​ស្រមោល​របស់​ខ្មែរ​គឺជា​នាយករដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន​នេះ ត្បិត​រាល់​ពេល​ចុះហត្ថលេខា​លើ​ការ​កំណត់​ទឹកដី​ខ្មែរ​ម្តងៗ មេដឹកនាំ​បក្ស​កាន់​អំណាច​តែង​សម្បទាន​ព្រំដែន​កម្ពុជា​ ឱ្យ​ទៅ​វៀតណាម ដោយ​ការ​សម្រួល​ផ្លូវច្បាប់​គ្រប់​បែប​យ៉ាង​ពី​មេដឹកនាំ​របស់​ខ្មែរ។

កាលពី​ឆ្នាំ​១៩៨២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង កូថាច់ បាន​ចុះហត្ថលេខា​ខុស​ច្បាប់​កំណត់​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២ និង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ដោយ​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ ជាមួយ​លោក ហ៊ុន សែន ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​នា​ពេល​នោះ។

ជាង​នេះ​ទៀត កាលពី​ឆ្នាំ​២០០៥ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាន វ៉ាន់ខាយ បាន​សហការ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ លោក ហ៊ុន សែន ចុះហត្ថលេខា​ទទួលស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដោយ​ខុស​ច្បាប់ ដែល​ផ្ទុយ​ទៅ​នឹង​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទាំងស្រុង។

ទន្ទឹម​នេះ កាលពី​ឆ្នាំ​២០១៩ ក្រោម​ការ​ដឹកនាំ​របស់​លោក ង្វៀន ស៊ុន ហ្វុក ជា​នាយករដ្ឋមន្ត្រី​វៀតណាម​នៅ​ពេល​នោះ បាន​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះហត្ថលេខា​ខុស​ច្បាប់​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ មួយ​ទៀត ដើម្បី​បញ្ជាក់​ពី​សុពលភាព​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​រវាង​កម្ពុជា-វៀតណាម កន្លងមក ដែល​បាន​មោឃភាព​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ថា​នៅតែ​មាន​សុពលភាព​សម្រាប់​ប្រទេស​ទាំង​ពីរ​តទៅ​ថ្ងៃ​អនាគត​បន្ត​ទៀត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស