26 C
Phnom Penh

បក្ស​ចលនា​ទៅ​មុខ​នៅ​ថៃ រង​ការ​រំលាយ ខណៈ​ក្រុម​គាំទ្រ​ប្រាប់​អ្នក​កាន់​អំណាច​កុំ​ចាត់ទុក​យុវជន​ជា​សត្រូវ

បទវិភាគ

គណបក្ស​ចលនា​ទៅមុខ (MFP) បាន​ប្រាប់​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ ថា​បើ​តុលាការ​សម្រេច​ចេញ​សាលដីកា​រំលាយ​គណបក្ស​ប្រឆាំង​ធំ​ទី​ពីរ​នេះ​ជា​ថ្មី​ម្ដងទៀត ដោយ​ព្រមាន​ថា សង្គម​ថៃ​នឹង​កើតមាន​ចលាចល​នយោបាយ​ធ្ងន់ធ្ងរ។

ក្រុម​អ្នកគាំទ្រ​វ័យក្មេង​របស់​បក្ស​នេះ​ព្រមាន​ថា អាច​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​ចលាចល​សង្គម ហើយ​បាន​ស្នើ​ឱ្យ​អ្នក​កាន់​អំណាច​កុំ​ចាត់ទុក​យុវជន​ជំនាន់​ក្រោយ​ជា​សត្រូវ។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។

អគ្គលេខាធិការ​បក្ស​ចលនា​ទៅមុខ (MFP) របស់​លោក Chaithawat Tulaton កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ វិច្ឆិកា បាន​ដឹកនាំ​សមាជិក​សភា​គណបក្ស​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បណ្ដឹង​របស់​លោក Natthaporn Toprayoon ជា​ទីប្រឹក្សា​ច្បាប់​របស់​ការិយាល័យ​រដ្ឋអាជ្ញា​ដែល​ស្វែងរក​ការ​រំលាយ​គណបក្ស MFP តាម​សាលដីកា​របស់​តុលាការ​រដ្ឋធម្មនុញ្ញ ក្រោម​បទ​ចោទ​ថា​បក្ស​នេះ​មាន​ផែនការ​ផ្ដួល​រំលំ​របប​រាជាធិបតេយ្យ។

លោក Natthaporn ដែល​បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​សារព័ត៌មាន​មួយ​ដោយ​បាន​បង្ហើប​ថា លោក​នឹង​ដាក់​ភស្តុតាង​ទៅ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ស្វែងរក​ការ​រំលាយ​គណបក្ស​ប្រឆាំង​ធំ​ទី​ពីរ​នេះ ដោយ​យោង​លើ​សាលដីកា​របស់​តុលាការ​រដ្ឋធម្មនុញ្ញ។

អគ្គលេខាធិការ​គណបក្ស MFP បាន​និយាយ​ថា សេចក្តី​សម្រេច​របស់​តុលាការ​អាច​បង្កើន​ភាព​តានតឹង​ផ្នែក​នយោបាយ ដោយសារតែ​រដ្ឋាភិបាល មន្ត្រី​រដ្ឋ និង​ក្រុម​នយោបាយ​មួយ​ចំនួន​ចាប់ពី​ពេលនេះ​តទៅ នឹង​ប្រើប្រាស់​សេចក្តី​សម្រេច​របស់​តុលាការ​ជា​មូលដ្ឋាន ដើម្បី​គាបសង្កត់​សេរីភាព​នៃ​ការ​បញ្ចេញមតិ ដោយ​អះអាង​ថា​ការ​និយាយ​បែប​នេះ​គឺ​ស្មើ​នឹង​ការ​ព្យាយាម​ផ្តួល​រំលំ​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ។

លោក Chaithawat Tulaton អះអាង​ថា បក្ស​របស់​លោក​បាន​ប្រកាន់​ខ្ជាប់​នូវ​ការ​បន្ធូរបន្ថយ​ជម្លោះ​នយោបាយ ប៉ុន្តែ​លោក​ស្នើ​កុំ​ឱ្យ​ចាត់ទុក​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស និង​កុំ​ចាត់ទុក​យុវជន​ជំនាន់​ក្រោយ​ជា​សត្រូវ។

លោក Chaithawat អះអាង​ថា សមាជិក​សភា​បក្ស MFP ដែល​បាន​ដើរ​សង្កេត​មើល​ការ​តវ៉ា​តាម​ដងផ្លូវ និង​បាន​ជួយ​ដោះលែង​បាតុករ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​សំណុំរឿង​នយោបាយ រួម​ជាមួយ​នឹង​សំណើ​របស់​គណបក្ស​ដើម្បី​កែប្រែ​ក្រមព្រហ្មទណ្ឌ រួម​ទាំង​មាត្រា ១១២ មិន​អាច​ក្លាយ​ជា​ភស្តុតាង​ដើម្បី​រំលាយ​គណបក្ស MFP ឡើយ។ លោក​បាន​បន្ថែម​ថា សមាជិក​សភា​គណបក្ស​ដែល​បាន​នៅ​ក្រៅ​ឃុំ និង​អ្នក​ត្រូវ​បាន​ចាប់​ខ្លួន បាន​បំពេញ​តួនាទី​ជា​សមាជិក​សភា និង​ធ្វើ​សកម្មភាព​ស្របតាម​រដ្ឋធម្មនុញ្ញ។

តែ​យ៉ាងណា លោក​អគ្គលេខាធិការ​ទទូច​ថា គណបក្ស​មិន​បារម្ភ​អំពី​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​នេះ​ជា​ថ្មី​ទៀត​នោះ​ទេ ប៉ុន្តែ​បាន​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ណា​មួយ បើ​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ។

លោក Chaithawat បញ្ជាក់​ថា លោក​និង​អ្នកគាំទ្រ​បក្ស MFP នឹង​តស៊ូ​ដល់​ទី​បញ្ចប់​ដោយ​មិន​គិត​ពី​សម្ពាធ ហើយ​បក្ស MFP ប្ដេជ្ញា​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​របស់​អ្នក​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​២០១៤។ លោក​បន្ត​ថា បក្ស​នឹង​តស៊ូ​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ។

កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ តុលាការ​រដ្ឋធម្មនុញ្ញ​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​ធំ​ទី​ពីរ​នេះ​ម្ដង​ហើយ ដែល​ពី​មុន​មាន​ឈ្មោះ​ថា​បក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ (FFP) ដឹកនាំ​ដោយ​សេដ្ឋី​វ័យក្មេង Thanathorn Juangroongruangkit។ មូលហេតុ​ដែល​នាំ​ឱ្យ​បក្ស​ប្រឆាំង​ធំ​ទី​ពីរ​នៅ​រាជាណាចក្រ​ថៃ ត្រូវ​បាន​រំលាយ គឺ​ដោយសារតែ​បក្ស​នេះ​ត្រូវ​បាន​ចោទ​ថា​បាន​ប្រើប្រាស់​មូលនិធិ​ដោយ​ខុសច្បាប់ រំលោភ​ច្បាប់​បោះឆ្នោត និង​ច្បាប់​គណបក្ស​នយោបាយ ឆ្នាំ​២០១៧។ ច្បាប់​នេះ បាន​ហាម​បក្ស​នយោបាយ​ទាំងអស់ និង​គណៈកម្មាធិការ​នាយក​ទទួល​មូលនិធិ ឬ​ទ្រព្យសម្បត្តិ ឬ​ផលប្រយោជន៍​ណា​មួយ​ដែល​ជា​ការ​ខុស​នឹង​ច្បាប់​បោះឆ្នោត។

ការ​ប្រើប្រាស់​មូលនិធិ​នេះ គឺជា​ប្រាក់កម្ចី​ដែល​លោក Thanathorn បាន​បញ្ចេញ​ប្រាក់​របស់​លោក​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ គឺជា​ការ​បំពាន​ច្បាប់​ដែល​បាន​ដាក់​កំហិត​ឱ្យ​បក្ស​នយោបាយ​នីមួយៗ​មាន​ឱកាស​ប្រើប្រាស់ ដើម្បី​ឃោសនា​បោះឆ្នោត​នូវ​មូលនិធិ​ត្រឹមតែ ១០​លាន​បាត​ប៉ុណ្ណោះ។

ប៉ុន្តែ​បក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ (FFP) ត្រូវ​បាន​រក​ឃើញ​ថា​បាន​ប្រើប្រាស់​មូលនិធិ​កម្ចី​របស់​លោក Thanathorn ដល់​ទៅ ១៩១​លាន​បាត ឬ​ស្មើ​នឹង ៦​លាន​ដុល្លារ​អាមេរិក ដែល​ចៅក្រម​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ ព្រមាន​ថា​ជា​ការ​ប្រព្រឹត្ត​ខុស​ធ្ងន់ធ្ងរ។

បណ្ដឹង​ដែល​នាំ​ឱ្យ​តុលាការ​ធម្មនុញ្ញ​រំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ ដោយសារ​មាន​បណ្តឹង​ពី​គណៈកម្មការ​បោះឆ្នោត​ដែល​បាន​ប្ដឹង​បក្ស​នេះ​តាំងពី​អំឡុង​នៃ​ការ​ឃោសនា​បោះឆ្នោត​នៅ​ដើម​ឆ្នាំ​២០១៩។

យោង​តាម​សាលដីកា​របស់​តុលាការ​រដ្ឋធម្មនុញ្ញ គឺ​គណៈកម្មាធិការ​នាយក​របស់​បក្ស​នេះ​ចំនួន ១៦​នាក់ ត្រូវ​បាន​ហាម​ធ្វើ​នយោបាយ​រយៈពេល ១០​ឆ្នាំ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ គឺ​មាន​ន័យ​ថា រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០៣០ ទើប​មាន​សេរីភាព​ធ្វើ​នយោបាយ​ឡើងវិញ។ អ្នក​ទាំងនោះ​ក៏​មិន​អាច​រត់​ទៅ​ចូលរួម​គណបក្ស​ផ្សេងទៀត ឬ​ពួកគេ​ទៅ​បង្កើត​បក្ស​ថ្មី​អ្វី​នោះ​ឡើយ។ តែ​សាលក្រម​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស​ដែល​មិន​មាន​ឈ្មោះ​ហាម​ធ្វើ​នយោបាយ មាន​សិទ្ធិ​បង្កើត​បក្ស​ថ្មី ហើយ​ក៏​បាន​រក្សា​ទុក​អាសនៈ​របស់​បក្ស​នេះ​ចំនួន​៨០ ដែល​ចេញពី​ការ​បោះឆ្នោត​ខែ​មីនា ឲ្យ​ទៅ​បក្ស​ថ្មី​ជា​បក្ស​ស្នង​តំណែង​របស់​បក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ (FFP)។

មាន​ន័យ​ថា តុលាការ​មិន​បាន​ចេញ​សាលក្រម​រំលាយ​អាសនៈ​សភា​របស់​បក្ស​នេះ​ទេ ហើយ​បក្ស​ថ្មី​នេះ​គឺ​បក្ស​ចលនា​ទៅ​មុខ (MFP) ដែល​លោក​អគ្គលេខាធិការ Chaithawat ព្រមាន​តុលាការ​ថា បើ​បក្ស​ថ្មី​ត្រូវ​បាន​រំលាយ គឺ​សង្គម​ថៃ​នឹង​ធ្លាក់​ក្នុង​ភាព​ចលាចល​នយោបាយ​ធ្ងន់ធ្ងរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស