26 C
Phnom Penh

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ទាមទារ​នីតិសម្បទា​និង​សេរីភាព​ជូន​លោក កឹម សុខា ក្នុង​ខួប​៤​ឆ្នាំ​នៃ​ការ​រំលាយ​បក្ស

បទវិភាគ

ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គឺជា​ថ្ងៃ​ខួប ៤​ឆ្នាំ​នៃ​សោកនាដកម្ម​ដ៏​ធំ​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​លោក ហ៊ុន សែន បាន​រំលោភ​រដ្ឋធម្មនុញ្ញ​កែ​ច្បាប់​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ពួកគេ​នៅតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​នីតិសម្បទា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មក​លើ​មេដឹកនាំ​របស់​ខ្លួន គឺ​លោក កឹម សុខា។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដែល​ជា​ថ្ងៃ​ខួប ៤​ឆ្នាំ​ដែល​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រុម​នេះ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ត​ដាក់​គំនាប​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ត​ទៀត ដើម្បី​ឲ្យ​រដ្ឋាភិបាល​ឯក​បក្ស​មួយ​នេះ​គោរព​នូវ​លក្ខខណ្ឌ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន ត្រូវតែ​ផ្តល់​សេរីភាព​ពេញលេញ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មក​លើ​ប្រធាន​គណបក្ស​របស់​ខ្លួន គឺ​លោក កឹម សុខា និង​អ្នកទោស​មនសិការ​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ។

ប្រភព​ដដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល ត្រូវតែ​ផ្តល់​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ក្នុង​ការ​បោះ​ជំហាន​ទៅ​រក​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឲ្យខាងតែ​បាន ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដោយ​ទូលំទូលាយ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ក្រុង​ភ្នំពេញ ប្រកាស​រំលាយ​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តាម​ប្រសាសន៍​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​សម្រេច​ព្យួរ​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន ១១៨​រូប​រយៈពេល ៥​ឆ្នាំ ព្រមទាំង​រំលាយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង ៥០០៧​នាក់​របស់​បក្ស​នេះ​ថែមទៀត ខណៈ​មេដឹកនាំ​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ និង​ចាប់​ឃុំ​ខ្លួន​មិន​ឲ្យ​មាន​សេរីភាព​រហូត​ដល់​សព្វថ្ងៃ​នេះ។

មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ សម្ដែង​ការ​មិន​ពេញចិត្ត និង​រិះគន់​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន​លើ​បញ្ហា​នេះ​យ៉ាង​ខ្លាំង រហូត​ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ថែមទៀត។

ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា នេះ​ថា សេចក្តី​ថ្លែងការណ៍​របស់​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស គ្រាន់តែ​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​នៃ​ការ​ដឹកនាំ​របស់​ខ្លួន​ប៉ុណ្ណោះ ព្រោះ​ថា​ពលរដ្ឋ​នៅតែ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ថា តើ​លោក សម រង្ស៊ី រក្សា​គោលជំហរ​នយោបាយ​បែប​ណា​ឱ្យ​ប្រាកដ​នោះ? តើ​ត្រូវ​ទាមទារ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ឬ​បើក​បក្ស​ថ្មី​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាមួយ​បក្ស​កាន់​អំណាច​ឆ្នាំ​២០២២ ខាងមុខ​នេះ។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា សម្រាប់​ខួប ៤​ឆ្នាំ​នៃ​ការ​រំលាយ​បក្ស​ប្រឆាំង​នេះ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រក្សា​ស្មារតី​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី និង​អហិង្សា ក៏ដូចជា​ដើម្បី​បញ្ចៀស​នូវ​ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ពី​រដ្ឋាភិបាល​ឯក​បក្ស​ចំពោះ​ការ​ចូលរួម​អនុវត្ត​ផែនការ​នយោបាយ​មួយ​មិន​ច្បាស់លាស់ និង​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន និង​គ្រួសារ​ដូច​ដែល​ធ្លាប់​កើតមាន​កន្លងមក។

លោក មាជ សុវណ្ណារ៉ា

ចំណែក​សកម្មជន​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា នេះ​ផង​ដែរ​ថា មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស រួម​ទាំង​លោក សម រង្ស៊ី ផង មិន​ហ៊ាន​ប្រកាស​ដើរ​ចេញពី​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​បើកចំហ​នោះ​ទេ ដើម្បី​ចៀសវាង​ការ​ថ្កោលទោស​ពី​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដែល​នៅតែ​រក្សា​ជំហរ​ជឿជាក់​នៃ​ការ​ផ្លាស់ប្ដូរ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន។

សកម្មជន​រូប​នេះ​លើកឡើង​ថា ខួប ៤​ឆ្នាំ​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​ប្រធាន​បក្ស​ដាក់​គុក​ទាំង​បំពាន គឺជា​មហា​សោកនាដកម្ម​មួយ​នៅ​ក្នុង​សង្គម​នយោបាយ​ខ្មែរ ដែល​បង្ក​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ដូច្នេះ​ដើម្បី​បង្ហាញ​ពី​ការ​រួបរួម​ដោយ​ទឹកចិត្ត​ស្មោះ​ត្រង់​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី លើ​ស្មារតី​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ត្រូវតែ​ធ្វើ​សកម្មភាព​ប្រមូល​អ្នក​គាំទ្រ​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ជូន​ពលរដ្ឋ​ខ្មែរ​ឡើងវិញ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​លក់​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​បង្ខំ ដើម្បី​យក​លុយ​មក​សង​ដើមបណ្ដឹង​ដែល​រួម​មាន លោក ហេង សំរិន ប្រធាន​រដ្ឋសភា លោក ហ៊ុន សែន លោក ស ខេង ដែល​មាន​ទំហំ​ទឹកប្រាក់ ២៥០​លាន​រៀល។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេលនេះ​ត្រូវ​បាត់បង់​មេដឹកនាំ​ក៏ដោយ ប៉ុន្តែ​ស្មារតី​ស្រឡាញ់​ប្រជាធិបតេយ្យ និង​យុត្តិធម៌​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​គាំទ្រ​បក្ស​នេះ មិន​បាន​បាត់បង់​ឡើយ ហើយ​កម្លាំង​ដែល​ចង់​ផ្លាស់ប្ដូរ​ទម្រង់​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​បច្ចុប្បន្ន គឺ​នៅតែ​ក្តៅ​គគុក​ដដែល៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស